ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានអះអាងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងធ្វើការឱ្យបានជិតស្និតជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញឱ្យវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបបានដោយប្រសិទ្ធភាពតាមតម្រូវការរបស់អតិថិជន និងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CMA ចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បានលើកឡើងថា ក្នុងនាមជាភាគីដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីជួយគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកស្រីបានថ្លែងថា៖«សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូរបស់យើង ដើម្បីធានាឱ្យបានថាវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ»។
លោកស្រីបន្តថា៖«យើងបានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកែលម្អប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជនឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។
យោងតាមសេចក្តីប្រកាសព័ត៌មាន បច្ចុប្បន្ន CMA កំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិការឥណទានផងដែរ។
ចំណែកក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។
វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។
បើតាម CMA បច្ចុប្បន្នសមាគមកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ(FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា(ABC)។ មជ្ឈមណ្ឌលនេះនឹងផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។
សមាគមក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោតលើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលច្រើនលើសលុប។
លោកស្រី នីតា បានបញ្ជាក់ថា៖«តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែងកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផលហិរញ្ញវត្ថុផ្លូវការដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ»។
ធនាគារជាតិនៃកម្ពុជា(NBC) និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានសហការគ្នារៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្តីពី«មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន ២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕