ផ្នែកឯកជនក្នុងវិស័យភស្តុភារកម្មកម្ពុជា បានលើកឡើងថា«សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(Logistic Performance Index - LPI)» ដែលស្ថាប័នជំនាញកម្ពុជា និងធនាគារពិភពលោក (World Bank) យកមកពិភាក្សាគ្នា គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់វិស័យដឹកជញ្ជូននៅកម្ពុជា ព្រមទាំងអាចជួយទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញស្តីពីវិធីសាស្រ្ត និងនីតិវិធី ក្នុងការប្រមូលទិន្នន័យចំពោះ«សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(Logistic Performance Index - LPI)»នៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម, លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំនៅកម្ពុជា, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។
យោងតាម CDC វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ LPI ដែលលើកយកមកធ្វើបទបង្ហាញក្នុងកិច្ចប្រជុំខាងលើ ត្រូវបានចងក្រងដោយក្រុមអ្នកជំនាញរបស់ធនាគារពិភពលោក ដោយចាប់ពីឆ្នាំ ២០២៥ នេះតទៅ យន្តការនៃការកំណត់ LPI នឹងត្រូវផ្លាស់ប្តូរថ្មី គឺមិនមានការស្ទង់មតិ និងការកំណត់ចំណាត់ថ្នាក់បន្តទៀតឡើយ។
ការផ្លាស់ប្តូរបែបនេះ ត្រូវបានធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ឱ្យបាននូវចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅក្នុងការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៥ ខែកុម្ភៈ ថា សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(LPI) គឺជាឧបករណ៍សម្រាប់វាស់វែងដ៏មានប្រសិទ្ធភាព និងអាចទុកចិត្តបានអំពីប្រសិទ្ធភាពនៃវិស័យឡូជីស្ទីកនៅតាមប្រទេសនីមួយៗលើពិភពលោក។
ប្រទេសលើពិភពលោកយ៉ាងតិច ១៦០ តែងធ្វើការពិនិត្យ និងវាយតម្លៃ LPI របស់ខ្លួនរៀងរាល់ ២ ឆ្នាំម្តង។
លោកបន្តថា នៅរៀងរាល់ ២ ឆ្នាំម្តង ធនាគារពិភពលោក និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា តែងជួបប្រជុំគ្នាដើម្បីធ្វើការត្រួតពិនិត្យមើលឡើងវិញអំពីប្រសិទ្ធភាពនៃការអនុវត្តកន្លងមក និងធ្វើការកែសម្រួលសូចនាករមួយចំនួនដើម្បីលើកកម្ពស់វិស័យឡូជីស្ទីកឱ្យកាន់តែប្រសើរ ជាពិសេសការកំណត់នូវសកម្មភាពថ្មីៗ ដើម្បីធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនកាន់តែទាប និងមានភាពឆាប់រហ័សជាងមុខ។
ជាទូទៅពិន្ទុ LPI របស់កម្ពុជាតែងកើនឡើងជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យវិស័យឡូជីស្ទីកមានភាពល្អប្រសើរ តាមរយៈការវិនិយោគលើប្រព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែ និងការកែសម្រួលនីតិវិធីឆ្លងកាត់ទំនិញ។ល។
លោកបានថ្លែងថា៖«បច្ចុប្បន្នរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យ LPI កម្ពុជាមានភាពល្អប្រសើរ។ ផ្នែកណាដែលអសកម្ម ឬមានពិន្ទុធ្លាក់ចុះ គឺរដ្ឋាភិបាលតែងតែដាក់ចេញនូវវិធានការ និងគោលនយោបាយគាំទ្រដើម្បីជួយឱ្យផ្នែកនោះងើបឡើងវិញ»។
លោកបន្ថែមថា ជាការល្អណាស់ដែល LPI ត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តងដើម្បីវាស់ស្ទង់ ក៏ដូចជាជួយឱ្យការរៀបចំគោលនយោបាយជាតិឱ្យកាន់តែល្អ។
លោកអះអាងថា៖«LPI ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាចំណុចសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទាក់ទាញអ្នកវិនិយោគ ព្រមទាំងលើកកម្ពស់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ»។
យោងតាមលោក ចន្ធី នៅក្នុង LPI ដែលធនាគារពិភពលោក យកមកធ្វើជាវិមាត្រគន្លឹះសំខាន់ៗមានចំនួន ៦ គឺទី១. នីតិវិធីគយ និងការគ្រប់គ្រងព្រំដែន, ទី២. ហេដ្ឋារចនាសម្ព័ន្ធ នឹងការដឹកជញ្ជូន,ទី ៣ ការដឹកជញ្ជូនទំនិញអន្តរជាតិ ទី៤. គុណភាព និងសមត្ថភាពប្រព័ន្ធភ័ស្តុភារកម្ម, ទី៥. ភាពទាន់ពេលវេលា និងទី ៦. ការតាមដានអំពីដំណើរការដឹកជញ្ជូនទំនិញទៅដល់គោលដៅកំណត់។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បាននិយាយថា LPI គឺជានិយាមសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននៅតាមប្រទេសនីមួយៗដែលទទួលស្គាល់ជាអន្តរជាតិ។
នៅពេល LPI ល្អប្រសើរវានឹងជួយទាក់ទាញអ្នកវិនិយោគឱ្យចូលមកបើករោងចក្រ/សហគ្រាសផលិតទំនិញកាន់តែច្រើននៅកម្ពុជា ព្រោះការដឹកជញ្ជូនល្អប្រសើរ និងឆាប់រហ័ស នឹងជួយឱ្យអ្នកវិនិយោគមានទំនុកចិត្ត ហើយទំនិញនាំទៅទីផ្សារអន្តរជាតិក៏ងាយស្រួលប្រកួតប្រជែងជាមួយទំនិញប្រទេសដទៃដែរ។
លោកបានប្រាប់ថា៖«ការធ្វើឱ្យប្រសើរឡើង LPI គឺពិតជាចូលរួមចំណែកច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន»៕