PPCBank ដែលបានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០៨ ត្រូវបានទទួលស្គាល់ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួលសម្រាប់អតិថិជន និងបានក្លាយជាសមាជិកផ្លូវការ នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ទី៣៦ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។
សមិទ្ធផលនេះបានបង្ហាញថា ធនាគារអាចប្រើប្រាស់សេវាសំខាន់ៗចំនួន ២ ដែលមាននៅលើថ្នាល CamDX រួមមាន ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (e-KYC) និងប្រព័ន្ធសម្គាល់អត្តសញ្ញាណសហគ្រាសឌីជីថល (e-KYB) ដែលប្រើប្រាស់បច្ចេកវិទ្យាសន្ធានកម្ម នៃកម្មវិធីកុំព្យូទ័រ Application Programming Interface (API) សម្រាប់ធ្វើការផ្ទៀងផ្ទាត់។ ធនាគារក៏មាន មោទនភាពផងដែរ ដែលបានក្លាយជាសមាជិកដំបូង នៃវិស័យឯកជនក្នុងការប្រើប្រាស់ប្រព័ន្ធ កំណត់សម្គាល់អត្តសញ្ញាណ-សហគ្រាស (e-KYB)។
ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា Cambodia Data eXchange ហៅកាត់ថា CamDX គឺជាថ្នាលផ្លាស់ប្តូរទិន្នន័យវិមជ្ឈការដែលបង្រួបបង្រួមគ្នារវាងព័ត៌មានដែលផ្តល់នូវកម្មវិធីស្តង់ដារ និងសុវត្ថិភាពក្នុងការផ្តល់ និងប្រើប្រាស់សេវាកម្ម។
ថ្នាលនេះត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដោយផ្តល់នូវថ្នាលបច្ចេកវិទ្យារួមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ការផ្លាស់ប្តូរទិន្នន័យ និងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។
ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (e-KYC) គឺជាប្រព័ន្ធដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានរចនាឡើងជាមួយនឹងគោលការណ៍ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនប្រើប្រាស់លិខិតរដ្ឋបាល ប៉ុន្តែរក្សាបាននូវឯកជនភាព និងសុវត្ថិភាពទិន្នន័យ ដែលទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់នេះ ជាទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។ តាមរយៈបច្ចេកវិទ្យា e-KYC ធនាគារ PPCBank អាចផ្ទៀងផ្ទាត់ឯកសារអតិថិជនជាលក្ខណៈឌីជីថល ដោយអាចធ្វើឱ្យការផ្គូរផ្គងឯកសារទាំងនោះ កាន់តែឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន។
ចំពោះប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាសឌីជីថល (e-KYB) គឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ ស្ថានភាព អនុលោមតាមច្បាប់ក្រុមហ៊ុន សហគ្រាស ភាពពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុនសហគ្រាសដទៃ និង គ្របដណ្តប់ដល់ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការស្នើសុំសេចក្តីប្រកាសបើកសហគ្រាស ដែលទិន្នន័យទាំងនេះ ជាទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទៀតសោត ប្រព័ន្ធ e-KYB ជួយបង្កើនភាពងាយស្រួលដល់ធនាគារ PPCBank ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ ស្ថានភាព និងអនុលោមភាពច្បាប់របស់អាជីវកម្មសហគ្រាសបានឆាប់រហ័ស ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព ដោយទិន្នន័យរបស់សហគ្រាសត្រូវបានផ្ទៀងផ្ទាត់ជាមួយទិន្នន័យគោល (Base Registry) នៃក្រសួងស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ថា៖ «ការក្លាយជាសមាជិកដំបូងបង្អស់ពីវិស័យឯកជន ដែលប្រើប្រាស់ប្រព័ន្ធកំណត់សម្គាល់អត្តសញ្ញាណសហគ្រាស (e-KYB) តាមរយៈថ្នាល CamDX បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ដើម្បីនាំមុខគេក្នុងការផ្លាស់ប្តូរវិស័យឌីជីថលនៅកម្ពុជា។ ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងកំពុងកំណត់ស្តង់ដារថ្មីមួយសម្រាប់សេវាធនាគារ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។
លោកបានឱ្យដឹងទៀតថា៖ «ការចូលរួមរបស់យើងនៅក្នុងប្រព័ន្ធ CamDigiKey និងដំណោះស្រាយ e-KYC គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ ដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារ ប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស។ នវានុវត្តន៍នេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង ក្នុងការបង្កើនទំនុកចិត្ត និងភាពងាយស្រួលសម្រាប់អតិថិជន»។
លោក Lee Jin Young បានពន្យល់ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណា-ចក្រកម្ពុជា PPCBank មានមោទនភាពដែលស្ថិតនៅជួរមុខនៃការធ្វើទំនើបកម្មឌីជីថល។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា e-KYC និង e-KYB យើងកំពុងកំណត់ឡើងវិញនូវស្តង់ដារធនាគារ ដើម្បីធានាបាននូវល្បឿន សុវត្ថិភាព និងតម្លាភាពសម្រាប់អតិថិជន និងដៃគូរបស់យើងគ្រប់ៗគ្នា មិនថាជាលក្ខណៈបុគ្គល ឬអាជីវកម្មនោះទេ»។
លោកមានប្រសាសន៍បន្ថែមថា៖ «នៅ PPCBank អតិថិជនមិនមែនគ្រាន់តែជាតួលេខនោះទេ ប៉ុន្តែពួកគាត់គឺជាសមាជិកប្រកបដោយគុណតម្លៃនៅក្នុងសហគមន៍របស់យើង។ យើងខ្ញុំសូមគោរពអញ្ជើញលោកអ្នកឱ្យចូលរួមជាមួយយើង ដើម្បីទទួលបានបទពិសោធន៍ពីទំនាក់ទំនង នៃការផ្តល់សេវាកម្មធនាគារ ដែលកសាងឡើងដោយការជឿទុកចិត្ត ការយោគយល់ និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះភាពជោគជ័យរបស់លោកអ្នក»៕