
តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានធ្លាក់ថ្លៃ ១០០រៀល ក្នុង ១លីត្រព្រមគ្នាសម្រាប់ការអនុវត្តរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ២០ ខែមីនា ឆ្នាំ២០២៥ ស្របពេលតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះបន្តិចបន្តួច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមីនា តម្លៃលក់រាយប្រេងសាំងធម្មតា គឺ ៣ ៨៥០ រៀល ក្នុង ១លីត្រ ធ្លាក់ចុះ ពី ៣ ៩៥០រៀលកាលពី ១០ថ្ងៃមុន ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៣ ៧០០រៀល ធ្លាក់ចុះពី ៣ ៨០០ រៀល។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា អនុវត្តតាមគោលការណ៍ដែលបានដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភាបានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តម្លៃសាំងធម្មតា ត្រូវបានលក់ក្នុងតម្លៃ ៣ ៩៥០រៀលក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ៣ ៨០០រៀល៕