
ផ្ទាំងកញ្ចក់សូឡានៅស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងខេត្តបន្ទាយមានជ័យ។ ហ៊ឹន ពិសី
គម្រោងវិនិយោគជាង ៤០ ដែលមានទុនវិនិយោគជាង ៣២០ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តក្នុងខែកុម្ភៈ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគដែល CDC អនុម័តក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៥ កើនដល់ ១១២គម្រោង និងមានទុនវិនិយោគសរុបប្រមាណ ១ ពាន់លានដុល្លារ។
CDC ក្នុងថ្ងៃទី១១ ខែមីនា នេះ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ និងអាចបង្កើតការងារបាន ២៥ពាន់កន្លែង។
គម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២១ គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ២៣ គម្រោង។
ជារួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគ បានកើនឡើងចំនួន ៧គម្រោងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«រយៈពេល ២ខែដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ ម៉ឺនកន្លែង ។ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣គម្រោងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។
យោងតាម CDC គម្រោងធំៗដែលបានអនុម័តក្នុងខែកុម្ភៈ មានដូចជា គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ៣៣លានដុល្លារ, គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ ក្នុងស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគ ៣១លានដុល្លារ, គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ១៨លានដុល្លារ, គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារប្រើប្រាស់ធ្វើពីលោហៈ និងប្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង មានទុន ២២លានដុល្លារ, និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា(ខេត្តស្វាយរៀង) មានទុនវិនិយោគ ១៦,៨លានដុល្លារ ជាដើម។
ក្នុងចំណោមគម្រោងដែល CDC អនុម័តក្នុងខែកុម្ភៈ គឺមានប្រភពទុនមកពីវិនិយោគិនចិនចំនួន ៨៦,៧៥ភាគរយ, សិង្ហបុរី ១១,៩៧ភាគរយ, អូស្រ្តាលី ០,៨ភាគរយ និងអង់គ្លេស ០,៤៨ភាគរយ។
ភាគច្រើននៃគម្រោងទាំង ៤៤ ស្ថិតក្នុងខេត្តស្វាយរៀង កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ តាកែវ ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។
ក្នុងចំណោមទុនវិនិយោគទាំង ៣២១ លានដុល្លារ គឺក្នុងវិស័យឧស្សាហកម្ម មានចំនួន ២៨៨លានដុល្លារ ក្រៅពីនោះក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីឆ្នាំ ២០២៤ បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនឡើង ៥៤ ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៨ គម្រោង។
ទុនវិនិយោគសរុបរបស់គម្រោងទាំង ៤១៤ គឺប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០ភាគរយ ពីចំនួន ៤,៩២ ពាន់លានដុល្លារ៕