
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៥ នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៩ ខែសីហា ២០២៣។ រូបថត ASEAN SECRETARIAT
ភ្នំពេញ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងកំណត់ទស្សនៈរបស់ខ្លួនក្នុងការក្លាយជាសមាគមដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនៅឆ្នាំ ២០៣០ ខណៈដែលតំបន់នេះពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចចំពេលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។
ថ្លែងនៅក្នុងវេទិកាចក្ខុវិស័យរបស់អគ្គលេខាធិការអាស៊ានឆ្នាំ ២០៤៥ ដែលធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ និងបញ្ហាប្រឈមនាពេលខាងមុខ។
លោក គឹមហួន បានថ្លែងថា៖ «អាស៊ានស្ថិតក្នុងលំដាប់កំពូលលេខ ៥ នៃសេដ្ឋកិច្ចពិភពលោក។ យោងតាមការព្យាករនៃកំណើនសេដ្ឋកិច្ច អាស៊ាននឹងឡើងដល់លំដាប់កំពូលលេខ ៤ នៅឆ្នាំ២០៣០ ខាងមុខ។ ដូច្នេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានខិតខំទាក់ទាញការវិនិយោគមកកាន់តំបន់អាស៊ាន»។
គួរបញ្ជាក់ថា ឆ្នាំ២០២៣ អាស៊ានមានទឹកប្រាក់ពាណិជ្ជកម្មចំនួន ៣,៥ពាន់ពាន់លានដុល្លារអាមេរិក ហើយក្នុងចំណោម ២១,៥ភាគរយនៃតួលេខនេះ ជាការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
លោក គឹមហួន បានឱ្យដឹងថា ក្រៅពីនេះ អាស៊ានបានធ្វើពាណិជ្ជកម្មជាមួយដៃគូ ដូចជា អាស៊ានចិន អាស៊ានកូរ៉េ អាស៊ានជប៉ុន អាស៊ានអូស្ដ្រាលី ជាមួយនូវែលសេឡង់ និងអាស៊ានឥណ្ឌាជាដើម។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឈានដល់ ៩១១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈពេលដែលសហរដ្ឋអាមេរិកតាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។
នេះបើយោងតាមការក្រឡេកមើលទៅអនាគត៖ ការស្វែងរកការអភិវឌ្ឍរួមដើម្បីជំរុញការកសាងសហគមន៍អាស៊ាន-ចិនឱ្យកាន់តែជិតស្និទ្ធជាមួយអនាគតរួម ដែលចុះផ្សាយក្នុងបេសកកម្មរបស់ PRC ទៅអាស៊ានក្នុងខែមីនា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិកគឺជាប្រភពកំពូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់អាស៊ាន ជាមួយនឹងការវិនិយោគកើនឡើងដល់ទៅជិត ៤៨០ ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃការវិនិយោគរបស់សហរដ្ឋអាមេរិករួមគ្នានៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។ នេះបើយោងតាម On. US-ASEAN Relations & Trade ដែលបានចេញផ្សាយនៅលើ Asia Society។
ទាក់ទងនឹងកិច្ចសហប្រតិបត្ដិការរវាងអាស៊ាន-ចិន និងអាស៊ាន-សហរដ្ឋអាមេរិក លោក កៅ គឹមហួន បានឱ្យដឹងថា អាស៊ាននៅតែរក្សាជំហចងមិត្ដរវាងមហាយក្សទាំងពីរ។
លោកបានថ្លែងថា ចិនជាមិត្ដភូមិផងរបងជាមួយ ខណៈអាមេរិកក៏មានមូលដ្ឋានមិនឆ្ងាយប៉ុន្មានដែរ ដូចជា កោះហ្គាំ ជាដើម។
លោក គឹមហួន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «អាមេរិកគឺជាប្រភពទីមួយលើវិស័យវិនិយោគនៅអាស៊ាន ខណៈពាណិជ្ជកម្មស្ថិតក្នុងលំដាប់ទីពីរបន្ទាប់ពីចិន។ ចំណែកឯចិនឈរលំដាប់លេខមួយលើវិស័យពាណិជ្ជកម្ម ខណៈការវិនិយោគឈរលេខពីរបន្ទាប់ពីសហរដ្ឋអាមេរិក»។
លោកបានបន្ដថា៖ «ទាំងសហរដ្ឋអាមេរិក និងចិន ផ្ដោតការយកចិត្ដទុកដាក់ខ្លាំងមកលើអាស៊ាន ដោយអាស៊ានរក្សានូវភាពកណ្ដាល និងក្លាយជាអ្នកសម្របសម្រួល ដោយអាស៊ានចង់មើលឃើញមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា»។
អាស៊ានក៏បានមើលឃើញពីការកើនឡើងនៃការវិនិយោគពីប្រទេសចិន ដោយការវិនិយោគផ្ទាល់ឈានដល់ ២៥,១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង ៣៤,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
នេះបើយោងតាមការពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ានដែលបានចេញផ្សាយនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិរបស់ចិននៅខែវិច្ឆិកាឆ្នាំ ២០២៤។
នៅពាក់កណ្តាលឆ្នាំ ២០២៤ ការវិនិយោគទ្វេភាគីរបស់ចិនជាមួយអាស៊ានបានកើនឡើងលើសពី ៤០០ ពាន់លានដុល្លារ ដែលធ្វើអោយទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅថែមទៀតរវាងតំបន់ទាំងពីរ។
ការជំរុញសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំ
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគក្រោមក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលមានគោលបំណងបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ។
លោក គីម ហួន បានបន្ដថា៖ «រយៈពេលចុងក្រោយនេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានបានខ្នះខ្នែងក្នុងការបង្កើនកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នាទាំង ១០ ប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងធម្មនុញ្ញអាស៊ាន គឺទីផ្សារតែមួយ»។
ការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងអាស៊ានបានឈានដល់ ២៤០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយអាស៊ានកំពុងខិតខំរក្សាកំណើននេះ ដោយបង្កើតគោលនយោបាយមិត្តភាពវិនិយោគិនបន្ថែមទៀត និងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
ទាក់ទងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសកម្ពុជា វាបានរក្សាកំណើនរឹងមាំក្នុងខែមករាឆ្នាំ ២០២៥ លើសពី ៥ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ២៥ភាគរយ ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ ២០២៤ ជាមួយនឹងការនាំចេញមានចំនួនប្រមាណ ៤៥ភាគរយ នៃទំហំពាណិជ្ជកម្មសរុប។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៅថ្ងៃទី ១០ ខែកុម្ភៈ ពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលរួមមានការនាំចូល និងការនាំចេញបានកើនឡើងដល់ ៥,០៥៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ២៤,៦ ពី ៤,០៥៧ ពាន់លានដុល្លារក្នុងខែមករា ឆ្នាំ ២០២៤។
យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចប្រទេសកម្ពុជា នៅឆ្នាំ២០២៥នេះ មានកើនឡើងដល់ ៦,៣ភាគរយនៃផលិតផលសរុប (ផ.ស.ស) ឬ ២៩២៤ដុល្លារសម្រាប់មនុស្សម្នាក់ ខណៈ (ផ.ស.ស) ឆ្នាំ២០២៤ មានចំនួន ២ ៧១៣ដុល្លារសម្រាប់ម្នាក់។
ការកើនឡើងនេះ មានការជំរុញពីវិស័យឧស្សាហកម្ម ដែលនឹងកើន ៨,៦ភាគរយ ស័យសេវាកម្ម កើន ៥,៦ភាគរយ វិស័យកសិកម្ម កើន ១,១ភាគរយ។
លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រទេសដែលអាចចាត់ចូលជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បាន លុះត្រាតែចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ ដោយតាមការកំណត់របស់ធនាគារពិភពលោក។
ទេសចរណ៍ជាកត្តាជំរុញសេដ្ឋកិច្ច
ក្រៅពីពាណិជ្ជកម្ម និងការវិនិយោគ អាស៊ានក៏កំពុងប្រើប្រាស់វិស័យទេសចរណ៍ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច។ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ អាស៊ានបានស្វាគមន៍ភ្ញៀវទេសចរ ១៤០ លាននាក់ក្នុងឆ្នាំ ២០១៩។
លោក គីមហួន បានថ្លែងថា៖ «ក្រោយវិបត្ដិសុខភាពសកល វិស័យទេសចរណ៍បានធ្លាក់ចុះ រហូតដល់ឆ្នាំ២០២៣ កំណើនភ្ញៀវមកកាន់អាស៊ានកើនដល់ជិត១០០លាននាក់ ហើយឆ្នាំ២០២៤ ភ្ញៀវបន្ដកើនដល់ ១២៣លាននាក់»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២៤។
ក្នុងឆ្នាំ ២០១៩ កម្ពុជាបានកត់ត្រាភ្ញៀវអន្តរជាតិប្រមាណ ៦,៦ លាននាក់ ដោយរាជធានីភ្នំពេញ និងសៀមរាបជាចំណុចចូលដ៏សំខាន់។
នៅឆ្នាំ ២០២៤ ការមកដល់អន្តរជាតិបានកើនឡើងដល់ ៦,៧ លាននាក់ ដែលបង្ហាញពីការកើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំមុន៕