ក្រុម​វិនិយោគិនអាមេរិក ​បានបង្ហាញភាព​កក់​ក្តៅ​ចំពោះ​ការ​​​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ដែល​​​​រដ្ឋាភិបាល​តែង​​​​យក​ចិត្ត​ទុក​ដាក់​​​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈមនានា ​ព្រម​ទាំង​​មាន​រៀបចំ​យន្តការ​កិច្ច​សន្ទនារវាងរដ្ឋ និង​ផ្នែក​ឯកជន ទាំងក្នុងកម្រិត​បច្ចេក​ទេស និង​គោលនយោបាយជា​រៀង​រាល់​ឆ្នាំ​​។

បន្ទាប់​ពី​កិច្ច​សន្ទនា​លើក​ទី​ ១ កាល​ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​​ថ្ងៃ​​២៦ ខែ​មីនា ឆ្នាំ​២០២៥ មាន​រៀបចំ​ជំនួបសន្ទនាលើកទី ២ រវាងរដ្ឋ និងផ្នែក​ឯកជន​កម្ពុជា-អាមេរិក (The 2nd Cambodia – U.S. Public – Private Sector Dialogue) ដែល​មាន​ការ​ចូល​រួម​ពី​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ​ជាមួយ​​លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា។

ក្នុង​ជំនួប​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​​តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា​(AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន​(US-ABC), ផ្នែក​ឯកជន​នៅ​កម្ពុជា​ និងមន្ត្រីជំនាញជាច្រើនរូប។

យោង​តាម CDC កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងផ្នែកឯកជន​កម្ពុជា-អាមេរិក បានប្រព្រឹត្តទៅដោយមាន​របៀបវារៈ ១. បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង​ការ​វិនិយោគ​, ២. កត្តាជំរុញលើកកម្ពស់លទ្ធភាពក្នុងការចូលមកកាន់ទីផ្សារកម្ពុជា​ពីសំណាក់ការវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក, និង ៣. នីតិវិធីពាក់ព័ន្ធ និងកិច្ចសម្របសម្រួលវិនិយោគនានា និងបញ្ហាផ្សេងៗ។


ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា កិច្ចសន្ទនានេះមាន​គោល​បំណង​ស្តាប់​ និងពិភាក្សាដើម្បី​ជួយ​ដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាមេរិក ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា។

ជំនួប​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​យន្តការថែទាំវិនិយោគ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​យកចិត្តទុកដាក់ខ្លាំង​ទៅ​លើ​ការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានផ្នែក​ឯកជនដែល​មានស្រាប់ និងវិនិយោគិនថ្មីៗ តាម​រយៈការ​បង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។

លោក ចាន់ថុល បាន​ប្រាប់​ក្រុមវិនិយោគិន​អាមេរិក​ទៀត​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿនទាំង​កំណើន​ការ​បណ្តាក់​ទុន​ផ្ទាល់​ ក៏​ដូច​ជា​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​។

ជាក់​ស្តែង​កាល​ពី​ឆ្នាំ​ ២០២៤ កម្ពុជា​បាន​​បំបែកកំណត់ត្រារបស់ CDC ដែលសម្រេចបាន​តាម​​បណ្តា​ឆ្នាំ​កន្លង​មក តាម​រយៈ​ការ​​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៤១៤។

លោក​​អះអាង​ថា៖​«​តួលេខនេះ គឺ​ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល​ក្នុង​ការ​ថែទាំគាំទ្រកិច្ចការវិនិយោគពីផ្នែក​​ឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

លោក​ប្រាប់​ទៀត​ថា អ្វី​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ​២០២៤ ក៏​ដោយ​សារ​តែ​កម្ពុជា​បាន​ខិតខំ​ធ្វើ​ពិពិធកម្មជាបន្ត​បន្ទាប់នូវ​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន ព្រម​ទាំង​​ការអនុវត្តឌីជីលូបនីយកម្មនៅ CDC តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ​ដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

តាមរយៈកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាមេរិកបានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន​ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ពិសេស​ជាមួយនឹងបទពិសោធ​ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១។

តំណាងវិនិយោគិនអាមេរិករំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២ នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀត។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចាប់​ពី​ឆ្នាំ ១៩៩៤ ដល់​ខែ​មករា ឆ្នាំ ២០២៤ ទុន​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​ជាង ១ ០៧៧ លានដុល្លារ​អាមេរិក។ ក្រុមហ៊ុន​របស់​អាមេរិក​ភាគ​ច្រើន​វិនិយោគ​លើ​វិស័យ​កសិកម្ម, កសិក-​ឧស្សាហកម្ម, ឧស្សាហកម្ម និង​ទេសចរណ៍។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ក្នុង​ថ្ងៃ​ទី​២៧ ខែ​មីនា ​ថា អាមេរិក​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជាតាម​រយៈ​ការ​ទទួល​ទិញ​ទំនិញ​ក្នុង​ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ល្អ​នេះ​បាន​ផ្តល់​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា បើ​ទោះបី​ជា​ចំនួន​វិនិយោគិន​អាមេរិក​នៅកម្ពុជា​នៅ​មាន​ចំនួន​តិចតួច​បើ​ធៀប​នឹង​ចំនួន​វិនិយោគិន​​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា ចិន និង​វៀតណាម។

លោក​បាន​ថ្លែង​ថា៖​«​ទោះចំនួន​វិនិយោគិន​អាមេរិក​នៅ​កម្ពុជា​មិន​មាន​ចំនួន​ច្រើន​ដូច​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​អាមេរិក​ពិត​ជា​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការទទួល​ទិញ​ទំនិញ​ពី​កម្ពុជា»។

លោក​បន្ត​ថា៖​«យន្ត​ការនៃ​ការ​ជួយ​ដោះស្រាយ​បញ្ហា និង​បង្កើន​ទំនុកចិត្ត បាននិង​កំពុង​​ជួយ​ឱ្យ​កម្ពុជា​​ស្រូប​ទាញ​បាន​ការ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើននា​ពេល​នេះ​»។​

ទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​​ទ្វេភាគី​កម្ពុជា-អាមេរិក មាន​ទឹក​ប្រាក់​សរុប ១០,១៨ពាន់លាន​ដុល្លារ កើន​ឡើង ១១,២ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។

ក្នុង​ចំនួន​នេះគឺ​​​កម្ពុជា​​នាំ​ទៅ​អាមេរិក ៩,៩២ពាន់​លាន​ដុល្លារ កើន ១១,៤ភាគរយ ចំណែកទំនិញ​អាមេរិកនាំចូល​វិញ មាន​ចំនួន ២៦៤,១៥ លាន​ដុល្លារ កើន ២,៧ ភាគរយ។

ដោយ​ឡែក​សម្រាប់​រយៈ​ពេល ២ ខែ​ដើម​ឆ្នាំ​២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បាន​ទឹក​ប្រាក់ ១ ៦៧៥,១៦ លាន​ដុល្លារ កើន​ឡើង ២៥ ភាគរយ ដោយ​ទំនិញ​កម្ពុជា​នាំ​ទៅ​អាមេរិក ១ ៦២៦,៣៩ លាន​ដុល្លារ កើនឡើង ២៥,៤​ភាគរយ និង​អាមេរិក នាំចូល ៤៨,៧៦លាន​ដុល្លារ កើន ៣៤,៦​ភាគរយ​។​