
លោក គុណ ញឹម (ឆ្វេង) ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយលោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL Express (Cambodia) Ltd។ Freshnews
វិស័យដឹកជញ្ជូនទំនិញកម្ពុជានឹងបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀត បន្ទាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(GDCE)បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន DHL Express (Cambodia) Ltd ស្ដីពីការគ្រប់គ្រងនិងការផ្លាស់ប្ដូរព័ត៌មាន និងកញ្ចប់បញ្ញើឆាប់រហ័ស។
ពិធីចុះហត្ថលេខាលើ MoU បានធ្វើឡើងរវាងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយ លោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL Express (Cambodia) Ltd នៅទីស្នាក់ការកណ្តាលរបស់ GDCE នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
គោលបំណងរបស់ MoU នេះគឺដើម្បីជំរុញសាមញ្ញាកម្មនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះកញ្ចប់បញ្ញើរហ័ស បង្កើតតម្លាភាព ប្រសិទ្ធិភាព និងកិច្ចសហប្រតិបត្តិការខ្ពស់រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន DHL Express Cambodia Ltd។
ប្រធានក្រុមហ៊ុន DHL Express Cambodia Ltd លោក Prayag Chitrakar បានបង្ហាញក្តីរីករាយដែលបានចុះ MoU ជាមួយស្ថាប័នគយ និងរដ្ឋាករកម្ពុជា ខណៈ MoU នេះនឹងចូលរួមចំណែកជួយជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាជា Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក។
លោក គុណ ញឹម បានលើកឡើងថា MoU នេះគឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DHL Express (Cambodia) Ltd ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កិច្ចការទាំងនេះនឹងធ្វើឱ្យដំណើរការនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយអនុលោមភាព។
យោងតាម DHL Express (Cambodia) Ltd ខ្លឹមសារសំខាន់ៗរបស់ MoU មានដូចជា ការពង្រឹងកិច្ចសហការរវាង GDCE និង DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ, ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ, និងការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ GDCE និង DHL ជាដើម។
នាពេលកន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន ឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chip Mong Insee Cement Corporation និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជា លើកិច្ចសហការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាព នៃការបំពេញបែបបទបញ្ចេញទំនិញពីគយ។
ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី ដែលបានចូលរួមក្នុងពិធីចុះ MoU ខាងលើបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែមីនា ថា MoU នេះនឹងចូលរួមចំណែកក្នុងការជួយជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។
MoU នេះក៏ចែងពីការចែករំឡែកព័ត៌មាន និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធ្វើឱ្យរយៈពេលនៃការដឹកជញ្ជូនទំនិញកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លោកបានថ្លែងថា៖«MoU នេះនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដឹកជញ្ជូនទំនិញរវាងកម្ពុជាជាមួយប្រទេសនានាកាន់តែប្រសើរជាងមុន»។
ទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យដឹងថា កាលពីឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាមានកំណើនជាវិជ្ជមានល្អ។ ក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ៦,២៤ លាននាក់ កើនឡើង ២២ភាគរយ។ ជាមួយគ្នានេះ ការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន កើន ៤០ភាគរយ បើធៀបឆ្នាំ២០២៣៕