
លោក សុខ សុភមង្គល ធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញក្នុងការប្រើប្រាស់ AI សម្រាប់ការបង្កើតយុទ្ធសាស្ត្រទីផ្សារ និងមាតិកាឌីជីថល។ សភាពាណិជ្ជកម្មកម្ពុជា
នៅក្នុងយុគ្គសម័យឌីជីថល និងការវិវត្តដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក បញ្ញាសិប្បនិម្មិត(AI)បានក្លាយជាមូលដ្ឋានគ្រឹះកាន់តែសំខាន់សម្រាប់ការគ្រប់គ្រងដំណើរការអាជីវកម្ម និងជាពិសេសការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។
ជាមួយនឹងតម្រូវការចំណេះដឹងទាក់ទងនឹង AI សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច(BDC) រួមសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក(Codingate Technology Co., Ltd) កាលពីថ្ងៃទី២៧ ខែមីនា បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី«ជំនាញក្នុងការប្រើប្រាស់ AI សម្រាប់ការបង្កើតយុទ្ធសាស្ត្រទីផ្សារ និងមាតិកាឌីជីថល» ទៅដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្រោមការគាំទ្រពីសហគ្រិនខ្មែរ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងជូនដល់ពាណិជ្ជករ-អាជីវករ និងសមាជិកសមាជិកាទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សរុបប្រមាណ ៧០នាក់ ដោយទទួលបានការឧបត្ថម្ភពីធនាគារវីង(ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank)។
តំណាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ភាព សុភ័ណ បាននិយាយថា ក្នុងយុគ្គសម័យកាលឌីជីថល និងការវិវត្តយ៉ាងឆាប់រហ័សនៃពិភពលោកដែលងាកទៅរកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឱ្យការគ្រប់គ្រងអាជីវកម្ម ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ជាងមុន។
លោកបានថ្លែងថា៖«បញ្ញាសិប្បនិម្មិត(AI) បានក្លាយជាឧបករណ៍មួយក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញឱ្យការគ្រប់គ្រងអាជីវកម្មទទួលបានប្រសិទ្ធភាពខ្ពស់ និងមានសារៈសំខាន់សម្រាប់សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីរក្សាការប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងពិភពលោក»។
ប្រធានក្រុមហ៊ុនកូដីងហ្គេត ថេកណូឡូជី ឯ.ក លោក សុខ សុភមង្គល ដែលជាគ្រូបណ្តុះបណ្តាលក្នុងវគ្គខាងលើ បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)បានដើរតួនាទីកាន់តែសំខាន់នៅគ្រប់សកម្មភាពអាជីវកម្ម រាប់ចាប់តាំងពីការរៀបចំយុទ្ធសាស្ត្រទីផ្សារ និងការបង្កើតមាតិកាបែបឌីជីថល ក្នុងការកំណត់អតិថិជនគោលដៅ និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិសម្រាប់បង្កើនប្រសិទ្ធភាពការងារនៅក្នុងអាជីវកម្មប្រចាំថ្ងៃ។
លោកបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្មទាំងអស់នឹងទទួលបានចំណេះដឹងជាក់ស្តែងក្នុងការប្រើប្រាស់ប្រព័ន្ធ AI សម្រាប់ប្រសិទ្ធភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីយុទ្ធសាស្ត្រទីផ្សារឌីជីថល ដ៏មានប្រសិទ្ធភាព ដើម្បីទាក់ទាញ និងរក្សាអតិថិជនផងដែរ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិសេសការលេចឡើងវត្តមានជំងឺកូវីដ ១៩ បានជំរុញឱ្យសម្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យានៅគ្រប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ពិសេសពាណិជ្ជកម្មអន្តរជាតិបោះជំហានទៅមុខយ៉ាងលឿន។
ការធ្វើពាណិជ្ជកម្មពេលនេះ គឺត្រូវការភាពបត់បែន ស្វាហាប់ និងឆាប់រហ័ស ដែលចំណុចទាំងអស់នេះសុទ្ធតែត្រូវការបច្ចេកវិទ្យា។ លោកបន្តថា បច្ចេកវិទ្យា គឺជាចំណែកជួយធ្វើឱ្យប្រតិបត្តិការធ្វើអាជីវកម្មកាន់តែងាយស្រួល និងមិនចំណាយពេលទៅជួបផ្ទាល់។
លោកប្រាប់ទៀតថា៖«បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកកាន់តែច្រើនក្នុងប្រតិបត្តិការអាជីវកម្មអន្តរជាតិ ខណៈក្នុងប្រទេសកម្ពុជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្មក៏បានកើនឡើងផងដែរ»។
លោកលើកឡើងទៀតថា នៅពេលមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រកបអាជីវកម្មកាន់តែច្រើន ក៏នឹងជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុន ឬបញ្ជាទិញទំនិញពីកម្ពុជានាំទៅទីផ្សារអន្តរជាតិកាន់តែច្រើនផងដែរ៕