
លោកស្រី ចម និម្មល ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម លើកទី៣របស់កម្ពុជា។ ក្រសួងពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានលើកឡើងថា ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម(TPR) គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការបង្ហាញពីវឌ្ឍនភាពចុងក្រោយលើគោលនយោបាយ ការអនុវត្ត និងការប្តេជ្ញាចិត្តផ្សេងទៀតដែលកម្ពុជាបានធ្វើក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។
នេះជាការថ្លែងរបស់លោកស្រី ចម និម្មល ក្នុងកិច្ចប្រជុំស្តីពី«ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី ៣» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៧ ខែមីនា។
ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម Meta របស់ WTO នៅថ្ងៃទី ២៨ ខែមីនា លោកស្រីរដ្ឋមន្ត្រីអះអាងថា គោលនយោបាយពាណិជ្ជកម្ម(TPR)របស់កម្ពុជា ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាជិកជាមួយនឹងសំណួរជាលាយលក្ខណ៍អក្សរជាច្រើន ក៏ដូចជាសេចក្តីថ្លែងការណ៍ដែលកម្ពុជាបានទទួល។
ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម គឺជាវិធីផ្ទាល់របស់កម្ពុជាដែលឆ្លុះបញ្ចាំងលើគោលនយោបាយ និងការអនុវត្តដែលកម្ពុជាបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយក៏ដូចជាអ្វីដែលនឹងត្រូវធ្វើសម្រាប់ឆ្ពោះទៅមុខ។
លោកស្រីថ្លែងថា៖«ដូច្នេះវា(គោលនយោបាយពាណិជ្ជកម្មកម្ពុជា)នឹងដើរតួជាកម្លាំងរុញច្រានខាងក្រៅសម្រាប់យើងក្នុងការបន្តសម្លឹងមើលកំណែទម្រង់ ដោយសម្លឹងមើលមធ្យោបាយដែលអាចមានវឌ្ឍនភាពនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចតូច វាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហខ្លាំងផ្អែកលើច្បាប់»។
អគ្គនាយក WTO លោកស្រី Ngozi-Iweala បានសាទរចំពោះកិច្ចការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មប្រកបដោយជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ដោយលោកស្រីលើកឡើងថា សេដ្ឋកិច្ចកម្ពុជាកំពុងដំណើរការល្អជាមួយនឹងល្បឿនលឿនបំផុតមួយក្នុងតំបន់អាស៊ាន ជាមួយនឹងការរំពឹងទុកក្នុងអត្រាកំណើន ៦ភាគរយទៅមុខ។
លោកស្រីសូមលើកទឹកចិត្តដល់ប្រទេសកម្ពុជាឱ្យខិតខំបន្ថែមទៀតដើម្បីសម្រេចបំណងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោកស្រីបានបន្ថែមថា៖«យើងអាចនិយាយបាន គឺសូមបន្តនៅលើផ្លូវល្អ ដោយបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងរក្សាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់អ្នកឱ្យរឹងមាំ»។
យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងកិច្ចប្រជុំខាងលើ ក៏មានប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើន បានផ្តល់សេចក្តីថ្លែងការណ៍គាំទ្រ និងកោតសរសើរដល់វឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ក្រោយពីកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ ២០០៤ ជាពិសេសអំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ កន្លងទៅ។
បន្ថែមលើនេះ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវកាតព្វកិច្ចរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏បានផ្តល់អនុសាសន៍ចូលរួមដល់ការបន្តធ្វើកំណែទម្រង់ច្បាប់ និងស្ថាប័ន និងការអភិវឌ្ឍន៍វិស័យសំខាន់ៗតាមរយៈការបន្តធ្វើឱ្យប្រសើរទ្បើងបន្ថែមនូវបរិយាកាសធុរកិច្ច វិនិយោគ ការធ្វើពិពិធកម្មពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។
កម្ពុជាធ្លាប់បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាចំនួន ២ លើករួចមកហើយ ចាប់តាំងពីក្លាយជាសមាជិកពេញសិទិ្ធនៃអង្គការ ពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ២០០៤ មក គឺ លើកទី១ ក្នុងឆ្នាំ២០១១ និងលើកទី២ ក្នុងឆ្នាំ ២០១៧។
ឯកសារសង្ខេបអំពីការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR) នៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) បញ្ជាក់ថា កម្ពុជា គឺជាប្រទេស LDC ដែលបានលេចចេញនូវជោគជ័យគួរឱ្យកត់សម្គាល់អំពីរបៀបនៃការធ្វើពាណិជ្ជកម្ម និងជាសមាជិកភាព WTO ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រ។
ចាប់តាំងពីការពិនិត្យឡើងវិញក្នុងឆ្នាំ ២០១៧ មកកម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ ដោយពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់។
ឯកសារបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនេះ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការធ្វើបច្ចុប្បន្នភាព និងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងបន្ត ហើយបានផ្តោតទៅលើការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនដោយផ្ទាល់(FDI) ការលើកកម្ពស់បរិយាកាសធុរកិច្ច ការធ្វើពិពិធកម្មការនាំចេញ និងការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងចំណោមវិស័យផ្សេងៗទៀត។
ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបញ្ចប់ការសិក្សាពីស្ថានភាព LDC ដោយមានផែនការបញ្ចប់ដំណើរការនៅឆ្នាំ ២០២៩ ហើយថែមទាំងបានកំណត់គោលដៅក្នុងការសម្រេចបាននូវឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕