
ក្រុមកម្មការិនីកំពុងត្រួតពិនិត្យគុណភាពសម្លៀកបំពាក់ដែលដេររួចរាល់។ STPM
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាគឺជាគោលដៅដែលវិនិយោគិនទាំងអស់គួរពិចារណាមកបណ្តាក់ទុន ខណៈរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងប្រកបដោយចីរភាព និងបរិយាប័ន្ន។
នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «កសាងអនាគត៖ បង្កើនភាពប្រកួតប្រជែង និងចីរភាព» ដែលបានប្រព្រឹត្តឡើងក្នុងថ្ងៃទី៣១ ខែមីនា នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ CDC, រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នាយិកាអង្គការ ILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ, តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC), តំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(Better Factories Cambodia), អង្គការ GIZ និងតំណាងម៉ាកយីហោអន្តរជាតិធំៗ ជាច្រើនទៀត។
លោក ចាន់ថុល បានលើកឡើងថា ប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងលឿនលើគ្រប់វិស័យ។ មានហេតុផលជាច្រើន ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ។
តាមរយៈកិច្ចប្រជុំនេះលោកសង្ឃឹមថាអ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា។
បើតាមលោក ចាន់ថុល ហេតុផលសំខាន់ៗដែលកំពុងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការបណ្តាក់ទុននៅកម្ពុជាមានដូចជា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្តង់ដារការងារ, ការគ្រប់គ្រងបរិស្ថាន, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអនុវត្តឌីជីថលូបនីយកម្ម, ការចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព, និងទស្សនៈវិស័យក្នុងការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍទាបនាពេលខាងមុខ។
លោកប្រាប់ទៀតថា ក្រៅពីកត្តាខាងលើ កម្ពុជាក៏មានយន្តការក្នុងការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគត ស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ។
លោកថ្លែងថា៖«ខ្ញុំក៏រំពឹងថាកិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែងប្រកបដោយចីរភាព និងបរិយាប័ន្ន»។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌដែលមានលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២, ៦៣ និង ៦៤ ក្នុងទឹកប្រាក់សរុប ១១,៦៨ ពាន់លានដុល្លារ កើនឡើង ២៤,៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ដែលមាន ៩,៣៩ ពាន់លានដុល្លារ។
ទឹកប្រាក់នាំចេញផលិតផលទាំងអស់ខាងលើ ស្មើនឹង ៤៤,៥៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ឆ្នាំ ២០២៤ ដែលមាន ២៦,២ ពាន់លានដុល្លារ។
ប្រភេទទំនិញលេខកូដ៍(HS ២ខ្ទង់) ៦១, ៦២ និង ៦៣ រួមមានសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ និងវត្ថុវាយនភណ្ឌកែច្នៃមួយចំនួនទៀត ចំណែកទំនិញស្ថិតក្នុងលេខកូដ៍ ៦៤ រួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល៕