អនុប្រធាន​សមាគមពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ មានសុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​មាន​ជំនួប​ចរចា​ជា​មួយ​ភាគី​អាមេរិក​ទាក់​ទង​នឹង​ការ​កំណត់​អត្រា​ពន្ធ​គយថ្មី​ ដែល​រដ្ឋាភិបាល​ប្រធានាធិបតី Donald J. Trump គ្រោង​យក​ពី​កម្ពុជា​ក្នុង​អត្រា ៤៩​ភាគ​រយ ដែល​ជា​អត្រា​​ពន្ធ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​។

កាល​ពី​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០២៥ រដ្ឋបាលអាមេរិកដែល​ដឹកនាំដោយ​ លោក Donald J. Trump បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជា រហូត​ដល់ ៤៩ ភាគរយ ដើម្បីឆ្លើយតបទៅនឹងអតុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្មទំនិញ​​ជាមួយកម្ពុជា។ នៅ​ពេល​នោះ​អាមេរិក បានប្រកាស​​ថា នឹង​ចាប់​ផ្តើម​​អនុវត្តន៍​​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ត​ទៅ។

ទោះយ៉ាង​ណា នៅ​ពេល​វេលា​កំណត់​​ចូល​មក​ដល់​រដ្ឋាភិបាល​អាមេរិក ក៏​បាន​សម្រេច​ព្យួរការអនុវត្តពន្ធគយបដិការ(Reciprocal Tariffs)របស់ខ្លួន មកត្រឹម​អត្រា ១០ភាគរយ​​ក្នុងរយៈពេល ៩០ ថ្ងៃ​សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ​ជាមួយ​អាមេរិក ក្នុងនោះក៏​រួមមាន​កម្ពុជា​ផងដែរ។ ដូចនេះ​អត្រាពន្ធគយបដិការ ៤៩​ភាគរយ​​សម្រាប់កម្ពុជា នឹងអនុវត្តត្រឹមអត្រា ១០ភាគរយ​​តែប៉ុណ្ណោះ។

ក្រសួង​ពាណិជ្ជកម្មកម្ពុជា នាព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង​ពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់​ការយកចិត្តទុកដាក់​​តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ(Reciprocal Tariffs) របស់អាមេរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយអាមេរិក។


ក្រសួងបាន​ឱ្យ​ដឹង​ទៀតថា សម្រាប់​វឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ គឺលោក​ប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន​មកត្រឹមអត្រា ១០ភាគរយ​ក្នុងរយៈពេល ៩០ថ្ងៃ​សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ​ជាមួយអាមេរិក ក្នុងនោះ​រួមមានកម្ពុជា​ផងដែរ។

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគី​អាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម​បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងលិខិតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញ​ពី​សុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥​ភាគរយ​ មកត្រឹម ៥ភាគរយ​​លើ ១៩ ក្រុមមុខទំនិញរបស់​អាមេរិកនាំចូលមកកម្ពុជា។

បន្ថែម​ពី​លើ​នេះ កម្ពុជា​ក៏​បាន​បង្កើត​ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​​បើកការចរចាជា​មួយ​អាមេរិក​ផងដែរ​។

បន្ថែម​ពី​លើ​នេះ រាជរដ្ឋាភិបាលកម្ពុជា​ នា​ថ្ងៃ​ទី​១០ ខែ​មេសា ក៏​បាន​ចេញ​សេចក្តី​សម្រេច​មួយ​​ស្តី​ពី​ការ​បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក ដែល​ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

សេចក្តី​សម្រេច​​បាន​បញ្ជាក់​ថា៖​«​ក្រុមការងារចំពោះកិច្ច មានភារកិច្ចសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់​អាមេរិកនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ​សហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា»។

អ្នក​សេដ្ឋកិច្ច និង​ជា​អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-​ចិន លោក ឡោ វិចិត្រ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ថា ការ​ប្រកាស​របស់​រដ្ឋាភិបាល​អាមេរិកស្តី​ពី​ការ​ដំឡើង​ពន្ធ​​ទំនិញនាំ​ចូល​​​អាមេរិក គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​មួយ​ចំនួន​ដូច​ជា កាត់​បន្ថយ​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​របស់​អាមេរិកជា​មួយ​​ប្រទេស​ដៃគូ, ​ចង់​ទាក់​ទាញ​ឱ្យ​រោងចក្រ​ចូល​​ទៅ​​បើក​ដំណើរ​ការ​ផ្ទាល់​នៅ​អាមេរិក, ការ​បង្កើតការ​ងារ​សម្រាប់​ប្រជាជន​អាមេរិក, និង​ការ​ចង់​ដឹង​ពី​​និន្នាការ​នយោបាយ​​នៃ​បណ្តា​ប្រទេស​នានា​ចំពោះ​សហរដ្ឋអាមេរិក​។

លោក​បន្ត​ថា អស់​រយៈ​ពេល​ជា​យូរមក​ហើយ​ដែល​​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​អាមេរិក ​បង្ហាញ​ពី​ឱនភាព​ជាមួយ​នឹង​ប្រទេស​ជាច្រើន​លើ​ពិភពលោក។

លោក​​និយាយ​ថា៖​«​ការ​ដាក់​ចេញ​គោលនយោបាយ​ផ្នែក​ពន្ធគយ​របស់​អាមេរិក ក៏​មាន​បំណង​​ចង់​ឱ្យ​ប្រទេស​នីមួយ​ៗ​បង្កើន​ការ​ទិញ​ទំនិញ​ផលិត​នៅ​អាមេរិក​ឱ្យ​​កាន់​តែ​ច្រើន។ ​ប្រទេស​ណា​​បញ្ចុះ​​អត្រា​ពន្ធ​សម្រាប់​ទំនិញ​អាមេរិក​ គឺ​អាមេរិក​​នឹង​បញ្ចុះ​អត្រា​ពន្ធ​​​ដែរ»​។​

លោក​ប្រាប់​ទៀត​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រ​ប​សម្រួល​ជា​មួយ​រដ្ឋាភិបាល​អាមេរិក​លើ​កិច្ច​ការ​ចរចា​លើ​បញ្ហា​ពន្ធ​​។ កម្ពុជា ​ក៏​បាន​បង្ហាញ​ឆន្ទះក្នុង​ការ​បញ្ចុះ​អត្រា​ពន្ធ​គយ​យ៉ាង​ច្រើន​ផង​ដែរ​សម្រាប់​ទំនិញ​​​អាមេរិក​។​

លោក​បន្ថែម​ថា នៅ​ពេល​ខាង​មុខ ​កម្ពុជា​ក៏​គួរ​តែ​គិតគូរ​ពី​ការ​រៀបចំ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​អាមេរិក​ផងដែរ ដើម្បី​មាន​ភាព​ងាយ​ស្រួលក្នុង​ការ​ចរចា​​លើ​បញ្ហា​ពាណិជ្ជកម្ម ជាជាង​ការ​ចរចាលក្ខណៈ​ត្រី​ភាគី ឬ​ពហុភាគី​។​

លោក​បញ្ជាក់​​​ថា៖​«​ខ្ញុំគិត​ថារដ្ឋាភិបាល​កម្ពុជា ​គួរតែ​ខិតខំ​ជំរុញ​​បង្កើត​ឱ្យ​​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-អាមេរិក​ ជាជាង​កា​ប្រើ​ប្រាស់​យន្តការ​ចរចា​បែប​​ត្រីភាគី ឬ​ពហុភាគី​»។​ លោក​បន្ត​ថា៖​«​ខ្ញុំ​មាន​ជំនឿថា ការ​ចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​អាមេរិក​​នា​ពេល​ខាង​មុខ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ខ្លាំង»​។​

បើតាម​លោក វិចិត្រ ការ​ប្រកាស​​ដំឡើង​ពន្ធ​គយ​ចំពោះ​​ទំនិញ​នាំ​ចូលទីផ្សារ​អាមេរិកពី​ប្រទេស​​នានា ក៏​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​មើលឃើញ​​ពីប្រតិកម្មនៃ​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរ​ជាតិ​របស់​អាមេរិកជា​មួយ​នឹង​​​ប្រទេស​នានា​​ផងដែរ ខណៈ​បច្ចុប្បន្ន​​មាន​ប្រទេស​មួយ​ចំនួន​ន រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ានខ្លះ​កំពុង​នាំ​គ្នា​គិត​គូរ​ពី​ការ​ចូល​រួម​ជា​សមាជិក​នៃ​ប្លុក​​ក្រុមប្រទេស​ BRICS ដែលមាន ប្រទេស​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ជា​ស្ថាបនិក។

ទិន្នន័យ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ដែល​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២៤ ការ​នាំចេញ នាំចូល​ទំនិញ​ទ្វេភាគី​កម្ពុជា-អាមេរិក មាន​ទឹក​ប្រាក់​សរុប ១០,១៨ ពាន់លាន​ដុល្លារ កើន​ឡើង ១១,២ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​ចំនួន​នេះ គឺ​​​កម្ពុជា​​នាំ​ទៅ​អាមេរិក ៩,៩២ ពាន់​លាន​ដុល្លារ កើន ១១,៤ ភាគរយ ចំណែកទំនិញ​អាមេរិកនាំចូល​វិញ មាន​ចំនួន ២៦៤,១៥ លាន​ដុល្លារ កើន ២,៧ ភាគរយ។

អាមេរិក គឺ​ជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ ដោយ​គ្រប់​គ្រង​ចំណែក​ទីផ្សារ​រហូត​ដល់ ៣៧,៩​ភាគ​រយ តាម​ពី​ក្រោយ​ដោយ​វៀតណាម ១៣,៨​ ភាគរយ ប្រទេស​ចិន ៦,៧ ភាគរយ និង​ប្រទេស​ជប៉ុន ៥,៤ ភាគរយ​។ ​ភាគ​ច្រើនលើស​លប់​​នៃ​ទំនិញកម្ពុជា​នាំ​ទៅ​ទីផ្សារ​អាមេរិក គឺ​ជា​ផលិតផល​សម្លៀកបំពាក់ កាបូបធ្វើ​ដំណើរ និង​ស្បែក​ជើង៕