
សកម្មភាពកម្មករក្នុងរោងចក្រដេរសម្លៀកបំពាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។ សម្លៀកបំពាក់ គឺជាទំនិញសក្តានុពលរបស់កម្ពុជាសម្រាប់ទីផ្សារអាមេរិក។ STPM
តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគីជាលើកទី១ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ខណៈកិច្ចប្រជុំនេះធ្វើឡើង ១ថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជាក្នុងថ្ងៃនេះ។
សេចក្តីជូនដំណឹងរបស់អង្គភាពកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារាត្រីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លិខិតបានបន្តថា កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនទៅកាន់លោកប្រធានាធិបតីអាមេរិក Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លិខិតបានបញ្ជាក់ថា៖«ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ»។
រដ្ឋបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី Donald J. Trump កាលពីថ្ងៃទី៣ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយសម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។
ទោះយ៉ាងណានៅពេលកាលបរិច្ឆេទចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន ៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កំណត់យកពន្ធទំនិញក្នុងអត្រា ៤៩ភាគរយដែលជាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ាន។ ការកំណត់អត្រាពន្ធថ្មីនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំនួនទឹកប្រាក់នៃអតុល្យភាពជញ្ជីងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា សហរដ្ឋអាមេរិក មានទឹកប្រាក់សរុប ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ៩,៩ ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ និងអាមេរិកនាំមកកម្ពុជា ២៦៤,១៥ លានដុល្លារ កើន ២,៧ ភាគរយ។
ជំនួបចរចារវាងតំណាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ខាងលើបានធ្វើឡើងនៅមុន ១ថ្ងៃនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជាចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១១ ខែមេសា បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។
ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
ក្រសួងបានឱ្យដឹងទៀតថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជាប់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិកនេះ ក៏មានឯកសារជាច្រើនដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា៕