ប្រតិបត្តិការ​អាជីវកម្ម​របស់​កំពង់ផែស្វយ័តភ្នំពេញ(PPAP) ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ បាន​បង្ហាញភាព​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​បរិមាណនាវាដឹកទំនិញ ​ចំនួនកុងតឺន័រឆ្លងកាត់ និង​​ប្រាក់​ចំណូល បាន​​កើន​​ឡើង​ព្រម​គ្នា​ក្នុង​រង្វង់ ៣០ ភាគរយ​​។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែស្វយ័តភ្នំពេញ ដែលជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​(CSX) ​ឱ្យ​ដឹង​ថា សេវា​កម្ម​​អនុវត្តសម្រាប់ត្រីមាស​ទី​១ ឆ្នាំ​ ២០២៥​(ពុំទាន់ធ្វើសវនកម្ម​)​ គឺ​មាន​​បរិមាណ​ទំនិញ​-ប្រេងឥន្ធនៈ ឆ្លងកាត់​ ចំនួន ១ ២៩៥ ៦៨៥ តោន​ កើនឡើង ៣១,៨២ ភាគរយបើធៀបនឹងរយៈពេល​ដូចគ្នាក្នុង​​ឆ្នាំ​ ២០២៤​, ចំណែក​​បរិមាណកុងតឺន័រ​ឆ្លងកាត់​​ គឺ​ ១២១ ៤២៥ ធីអ៊ីយូ(TEU) កើនឡើង ៣០,៣៥ ភាគរយ និង​នាវាដឹក​ទំនិញ​មាន​ចំនួន​សរុប ៨៩៧ គ្រឿង កើន​ឡើង ២៧,២៣ ភាគ​រយ​។

ដោយ​ឡែក​ប្រាក់​ចំណូល​សរុប​ដែល PPAP រក​បាន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ គឺ​ប្រមាណ ១០,៤១ លាន​ដុល្លារ កើន​ឡើង ២៩ ភាគ​រយ​។​ ​ប្រភព​ចំណូល​ទាំង​នេះ​​រួម​មាន ចំណូល​ពី​ប្រតិបត្តិការ​ផែ, ចំណូល​ពី​អាជ្ញាធរ​ផែ, និង​ចំណូល​ពី​សេវាកម្ម​ផ្សេងៗ​។​

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វឌ្ឍ​ន​ភាពក្នុងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា គឺ​មានសន្ទុះខ្លាំងចាប់​​តាំងពីចុងឆ្នាំ ២០២៣ មក​ ដោយសារ​ការ​កើនឡើង​នៃ​អ្នកវិនិយោគដែល​ចូល​មក​បណ្តាក់​ទុន​​ផ្ទាល់​នៅ​កម្ពុជា​​កាន់​តែ​ច្រើន ដែល​​កំពុង​ជួយ​រុញ​ច្រានឱ្យមានការកើនឡើងក្នុង​វិស័យ​ការដឹកជញ្ជូនទំនិញ។


លោក​​ថ្លែង​ថា៖​«​​សម្រាប់ឆ្នាំ ២០២៥ នេះ យើងកត់សម្គាល់ឃើញពាក់ព័ន្ធជាមួយអ្នកវិនិយោគក្នុងចុងឆ្នាំ ២០២៤ បានបង្ហាញការកើនឡើងជាងឆ្នាំ២០២៣ អ៊ីចឹង​សម្រាប់ឆ្នាំ ២០២៥ គឺខ្ញុំមានជំនឿថា​អាចនឹងល្អ​ប្រសើរជាងឆ្នាំ ២០២៤ បន្ថែម​ទៀត ជាក់​ស្តែង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២៥ នេះ​»។

របាយការណ៍​​បង្ហាញថា ក្នុង​ឆ្នាំ ​២០២៤ កំពង់ផែស្វយ័តភ្នំពេញ មាន​បរិមាណនាវាឆ្លងកាត់ មានចំនួន ៤ ៨៩៤គ្រឿង កើនឡើង ២៦,៨២ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ចំណែក​ចំនួនកុងតឺន័រ ឆ្លងកាត់ ៤៨០ ២០០ធីអ៊ីយូ(TEU) កើនឡើង ២១,១៩ ភាគរយ និង​ទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់ ៤ ៨០៦ ៦៥៤ តោន កើន ១៥.៩១ភាគរយ។

នា​ពេល​បច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ មានចំណតផែ និងចំណតផែរណបតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាបជាមួយនឹងរចនាសម្ព័ន្ធបណ្តាញដឹកជញ្ជូនដ៏ល្អ ដែលតភ្ជាប់កំពងផែទៅកាន់ផ្លូវគោកចំនួន ៧ រួមមាន កំពង់ផែកុងតឺន័រ LM17 ខេត្តកណ្តាល, ចំណតផែអ្នកដំណើរនិងទេសចរណ៍ TS1 រាជធានីភ្នំពេញ, ចំណតផែពហុបំណង TS3 រាជធានីភ្នំពេញ,ចំណតផែរណបពហុបំណង TS11 រាជធានីភ្នំពេញ ព្រមទាំង ចំណតផែរណបពហុបំណង UM1 ខេត្តកណ្តាល និងចំណតផែរណបពហុបំណង UM2 ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM26 ខេត្តព្រៃវែង៕