អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍អះអាង​ថា​ ​កំពង់ផែ​ទេសចរណ៍អន្តរជាតិខេត្ត​​កំពតគឺ​ជា​កម្លាំងចលករថ្មី​​មួយ​បន្ថែម​ទៀត​​​ដែល​នឹង​ជួយ​ទាក់​​ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​​ឱ្យ​ចូល​មក​កម្សាន្តក្នុង​ខេត្ត​កំពត​កាន់​តែ​ច្រើន ហើយ​ក៏​ជួយ​ជំរុញ​ឱ្យ​​ការ​​​ដើរ​កម្សាន្ត​តាម​បណ្តា​កោះនានាមាន​កាន់​តែ​ច្រើន​ផងដែរ​។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្ត​កំពត ត្រូវបាន​ប្រកាស​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នា​ព្រឹក​​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កំពង់ផែនេះ​ សាងសង់លើផ្ទៃដី ៤,២៥ហិកតា ស្ថិត​ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​កំពង់ផែ​សមុទ្រ​ទេសចរណ៍​ខេត្ត​កំពត លោក ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​​កំពង់ផែទេសចរណ៍កំពត គឺជាសមិទ្ធផលថ្មីមួយទៀត​សម្រាប់សេវាកម្មទេសចរណ៍ តាម​រយៈ​ការ​តភ្ជាប់ទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ​ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ។

លោក​បន្ត​ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍កំពតនេះ គឺជាផ្នែក​​មួយ​នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្ន​ក្នុងមហាអនុតំបន់មេគង្គ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។


លោក​បន្ត​ថា ការដាក់ឱ្យដំណើរការសាកល្បង​នា​ពេល​កន្លង​មក​បានប្រព្រឹត្តទៅយ៉ាងល្អ ទោះបីមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ឬ​ប្រទេសក្នុងតំបន់។ កំពង់ផែនេះ​បានបំពេញតួនាទីយ៉ាងសំខាន់​ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ្រ និង​ការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម និង​កោះស្តេចជាដើម។

ទោះយ៉ាង​ណា លោកក៏​ណែនាំឱ្យបាន​ការ​គិត​គូរ​បន្ថែម​ពី​ការ​​រៀប​ចំ និងអនុវត្តផែនការវិនិយោគ និង​ពង្រីក​បន្ថែម​ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុង​ជ្រោយ ដើម្បីប្រតិបត្តិការ និងការ​ថែទាំកំពង់ផែទេសចរណ៍​នេះ​បានយូរអង្វែង និងពង្រីក​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ​បន្ថែម​ទៀត​សម្រាប់នាវាធំៗដឹកអ្នកដំណើរ និងភ្ញៀវទេសចរ​ចូល​-ចេញ​ឱ្យបានកាន់តែច្រើន។

ប្រធាន​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២១ ខែ​មេសា​ថា កំពង់ផែទេសចរណ៍​​នេះ​ពិត​ជា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​សក្តានុពល​​​ទាក់​ទាញ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរតំបន់​សមុទ្រ​ក្នុង​ខេត្ត​កំពត​ឱ្យ​កាន់​តែ​ប្រសើរ​ ខណៈ​ទំនោរ​នៃ​ការ​ធ្វើ​ទេសចរណ៍​តាម​ផ្លូវ​ទឹក ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្តាកោះ​នៅ​កម្ពុជា​ក៏​កំពុង​កើន​ឡើង​ផងដែរ​។

លោក​ប្រាប់​ទៀត​ថា៖​«​កំពង់ផែ​ទេសចរណ៍​​នេះ នឹង​ជួយ​ធ្វើ​ឱ្យ​មាន​ការ​តភ្ជាប់​ផ្លូវ​ទឹក​របស់​​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង ៤ កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ជាង​មុន។ បន្ថែម​ពី​លើ​នេះ​វា​ក៏​នឹង​ជួយ​ទាក់​ទាញ​​​​ភ្ញៀវ​ទេសចរ​​​តាម​នាវា ​ពី​បណ្តា​ប្រទេស​ជិត​ខាងឱ្យ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ​»។​​

ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​កំពត លោក សយ ស៊ីណុល បាន​និយាយ​ថា ​នេះ​ជា​កំពង់​ផែទេសចរណ៍​ ទី​១ ក្នុង​ខេត្ត​កំពត ដែល​វា​នឹង​​ជួយ​ធ្វើ​ឱ្យ​ការ​តភ្ជាប់​តាម​ផ្លូវ​ទឹក​កាន់​តែ​ងាយ​ស្រួល ជា​ពិសេស​ការ​តភ្ជាប់​ទៅ​កោះ​នានា​ និង​ប្រទេស​ជិត​ខាង។ នេះ​ជា​ការ​បង្កើត​ឱកាស និង​ជា​សក្តានុពល​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរតាម​ផ្លូវ​ទឹក​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​ក្នុង​ខេត្ត​កំពត​​។

លោក​ប្រាប់​ទៀត​ថា តាម​រយៈ​ការ​បើក​ឱ្យ​ដំណើរ​ការ​សាងល្បង​នា​ពេល​កន្លងមក(ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៥) ​គឺ​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ជិត ៧ ពាន់​នាក់។​

លោក​​បញ្ជាក់​ថា៖​«​នេះ​បង្ហាញ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​កំពង់ផែ​ទេសចរណ៍​នេះ ដែលហេដ្ឋារចនា​សម្ព័ន្ធ​​ថ្មី​នេះ​​ នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​វិស័យ​ទេសចរណ៍​ខេត្ត​កំពត។ វិស័យ​ទេសចរណ៍​កំពុង​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ខេត្ត​​យក​ចិត្ត​ទុក​ដាក់ជា​ខ្លាំង​»។​

បើ​តាម​លោក ស៊ីណុល រយៈ​ពេល ៣​ខែ​ដើម​ឆ្នាំ ​២០២៥ ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត​ ៦០​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​​បរទេស​មាន​​ជាង ៥ ម៉ឺននាក់។​ ដោយ​ឡែក​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​សរុប ជាង ១,៣លាននាក់។​​

យោងតាម​​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ លោក ប៉េង ពោធិ៍នា បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​តាម​ដង​ទន្លេ​ចំនួន ១១៩ កន្លែង​​កំពុង​ប្រតិបត្តិការ​ដឹកជញ្ជូន​តាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា​ ក្នុង​នោះ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ មាន​កំពង់ផែ​ក្រុង​ព្រះសីហនុ រួមទាំង​កំពង់ផែ​ចំនួន ៣០ ផ្សេង​ទៀត និង​នៅ​តាម​ដងទន្លេ​មាន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ចំនួន ៨៧៕