កំពង់ធំៈ បញ្ហាអាកាសត្រជាក់អូសបន្លាយយូរ មិនបង្កការប៉ះពាល់ដល់គុណភាពគ្រាប់ស្វាយចន្ទីនោះទេ ខណៈដែលការប្រមូលផលគ្រាប់ស្វាយចន្ទី នៅសហគមន៍កសិកម្មទំនើបចំនួន៣បានសម្រេចប្រមាណជាង៥៥ភាគរយ។ នេះបើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ទី២១ ខែមេសានេះ។

រដ្ឋលេខាធិការក្រសួងកសិកម្ម លោក តូច ប៊ុនហួរបានដឹកនាំក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង២០ ខែមេសា ក្នុងខេត្តកំពង់ធំ។

សហគមន៍កសិកម្មទំនើបស្វាយចន្ទី ដែលក្រុមការងារចុះពិនិត្យ និងវាយតម្លៃនោះ រួមមាន សហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ក្នុងស្រុកសណ្តាន់។

បន្ថែមពីនោះ ក្រុមការងារក៏បានជួបកសិករ នៅតាមចម្ការមួយចំនួន ដែលកំពុងតែមមាញឹក ក្នុងការប្រមូលផលដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញគ្រាប់ស្វាយ​ចន្ទី នៅខេត្តកំពង់ធំថែមទៀតផងដែរ។


លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា៖«ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ បានប្រមាណជាង៥៥ភាគរយ ហើយអាចបញ្ចប់ការប្រមូលផលនៅចុងខែឧសភា។ ជាមួយគ្នានេះ បើទោះបីមានបញ្ហាអាកាសត្រជាក់អូសបន្លាយយូរមែន តែគ្រាប់ស្វាយចន្ទីនៅតែមានគុណភាពល្អ ដែលក្នុង១គីឡូក្រាម ចន្លោះពី៩៥ ទៅ ១០០គ្រាប់។ ជាទូទៅ ១គីឡូក្រាម មានចំនួនចន្លោះពី១១០ ទៅ ១២០គ្រាប់»។

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទី នៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ រយៈពេល២ថ្ងៃ ក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងកសិកម្ម

លោកក៏បានឱ្យដឹងដែរថា នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦ ៥០០រៀល ហើយនាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤ ៨០០ ទៅ៥ ២០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចាប់ឆ្នាំ២០២១ ដល់២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។

ដោយឡែក ចំពោះបញ្ហាប្រឈម ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹប និងផ្កាចន្ទី ដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23)។

លោករដ្ឋលេខាធិការបានអះអាងដូច្នេះថា៖«តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ។ ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង  ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត»។

សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣នេះបានចុះកិច្ចសន្យា ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន កាលពីថ្ងៃទី៣០ ខែមីនាកន្លងមក ជាមួយនឹងក្រុមហ៊ុន Santana Agro Products។

កិច្ចសន្យានេះ មានទំហំ៤០ម៉ឺនដុល្លារ។ បូករួមនឹងកិច្ចសន្យានៅមុននេះបន្តិចផងនោះ សហគមន៍បានលក់គ្រាប់ស្វាយចន្ទីបានសរុបជាង១លានដុល្លារ រួចជាស្រេចរហូតមកដល់ខែមីនានោះ។ នេះបានធ្វើឱ្យលែងមានការព្រួយបារម្ភពីបញ្ហាទីផ្សារ សម្រាប់រដូវកាលប្រមូលផលឆ្នាំនេះទៀតហើយ។

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទី នៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ រយៈពេល២ថ្ងៃ ក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងកសិកម្ម

គ្រាប់ស្វាយចន្ទីដែលនៅសេសសល់នឹងត្រូវបានប្រមូលយកទៅសម្ងួតទុក ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។ នេះបើយោងតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

លោកបានឱ្យដឹងថា កិច្ចសន្យានេះធ្វើឡើងក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង ដោយក្រុមហ៊ុននឹងផ្តល់ជូន ១០០៛/គីឡូក្រាម បន្ថែមពីតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍ គឺជាបន្ទុករបស់ក្រុមហ៊ុន៕

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទី នៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ រយៈពេល២ថ្ងៃ ក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងកសិកម្ម