កម្ពុជា​​កំពុង​ខិតខំ​​បង្កើន​​សក្តានុពល​ទាក់​ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​ និង​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​វិនិយោគិន​ក្នុង​ស្រុក​​កាន់​តែ​ច្រើន តាម​រយៈ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​​​​យុទ្ធសាស្ត្រថ្មីៗ​ជា​បន្ត​បន្ទាប់​។

«យុទ្ធសាស្ត្រស្ដីពី​ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥​-​២០២៨» ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​ ២០២៥ នៅ​សណ្ឋាគារ Hyatt Regency ដោយ ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

Permanent Vice-Chairman

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើង​ថា បច្ចេកវិទ្យា​ឌីជីថល​កំពុង​ចូល​រួម​យ៉ាង​សកម្ម​នៅ​​គ្រប់​​សកម្មភាពសង្គម និង​សេដ្ឋកិច្ច​នៅ​ស្ទើ​រគ្រប់​ប្រទេស​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​។ បច្ចេកវិទ្យា​ឌីជីថល បានក្លាយជាកត្តាលីករ​ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់​នៃសេដ្ឋកិច្ច​ដែលមិនអាចមើលរំលងបាន។​


លោកបាន​ថ្លែង​​ថា៖​«សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល គឺជាឧត្តមភាពមួយថ្មី​ដែលបាន​ចូល​រួម​ជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ»។

បើ​តាម​លោក ព័ន្ធមុនីរ័ត្ន បច្ចេកវិទ្យា​ឌីជីថល ក៏​កំពុង​​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យសារធារណៈផងដែរ តាម​រយៈ​ការ​តភ្ជាប់ និង​ផ្តល់​ទិន្នន័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែលវា​បាន​ជួយ​​កាត់បន្ថយភាពស្មុគស្មាញ​នៃការិយាធិបតេយ្យ ការ​បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹង អនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។

តាម​រយៈ​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥​-​២០២៨» លោក អូន ព័ន្ធមុនីរ័ត្ន ក៏​បាន​ដាក់ចេញនូវអនុសាសន៍​បន្ថែមចំនួន ៦ ដែល​មាន​ដូច​ជា ទី១ ក្រសួង-ស្ថាប័ន​ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ដូចជាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការធ្វើអាទិភាវូបនីយកម្មសេវាសាធារណៈ ដើម្បីបញ្ចូលជាសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងត្រូវពិនិត្យឡើងវិញនូវសេវាពាក់ព័ន្ធទាំងឡាយ ក្នុងគោលដៅកែសម្រួលនីតិវិធីស្នើសុំសេវា, កែសម្រួលកម្រៃសេវា, និងពិនិត្យលទ្ធភាពលុបចេញ ឬ​ផ្គួបចូលគ្នានូវសេវាទាំងឡាយណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬមិនមានតម្លៃបន្ថែមខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ និង​ការទទួលសេវា​, ទី២ ក្រសួង-ស្ថាប័ន ត្រូវសហការ​ជាមួយលេខាធិការដ្ឋាននៃក្រុមការងារ​អន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល​ក្នុងការរៀបចំ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​សម្រាប់ផ្តល់សេវាអេឡិចត្រូនិក តាមគោលការណ៍ណែនាំបច្ចេកទេស, និង​ទី៣ ក្រសួង-ស្ថាប័ន ដែលគ្រប់គ្រងទិន្នន័យគោល ត្រូវរៀបចំ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគោល ព្រមទាំងចែករំលែកទិន្នន័យគោលទាំងនោះ​ទៅ​ក្នុង«ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច»​តាមរយៈថ្នាល CamDX ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ កាត់បន្ថយការភ្ជាប់ឯកសារតម្រូវដែល​មិនចាំបាច់ និង​បង្កើនគុណភាពនៃទិន្នន័យ​តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ។

ចំណែក​ចំណុចទី៤ គឺ​​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ដែលកំពុងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល មានជាអាទិ៍ ថ្នាល CamDigiKey, CamDX, Bakong, និង Verify.gov.kh, ត្រូវបន្តពង្រឹង និងធ្វើទំនើបកម្មថ្នាលឌីជីថលទាំងនេះជាប្រចាំ​ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន សំដៅធានាសុវត្ថិភាព និងប្រសិទ្ធភាព​នៃ​«ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច»,ទី៥ ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការកែទម្រង់​រដ្ឋបាលសាធារណៈ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីប្រតិបត្តិ​ដែលទទួលបន្ទុកផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពង្រឹងសមត្ថភាព និងការសម្របខ្លួនរបស់មន្រ្តីទទួលបន្ទុកទៅនឹងនីតិវិធីការងារថ្មី លើកកម្ពស់គុណភាពសេវា និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិស័យឯកជន, និង​ទី៦ ក្រសួង ស្ថាប័ន ត្រូវចូលរួមរៀបចំ និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មាន​អំពីសេវាអេឡិចត្រូនិករបស់ខ្លួនឱ្យ​បានទូលំទូលាយ​ជូនដល់ធុរជន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ស្តិ៍​ក្នុង​ថ្ងៃ​ទី​២៣ ខែ​មេសា ថា ការ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​​​​«យុទ្ធសាស្ត្រស្ដីពី​ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥​-​២០២៨» គឺ​នឹង​នាំមក​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ធុរជន ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់ កាត់​បន្ថយ​ការិយាធិបតេយ្យ ដែល​នឹង​ជួយ​សម្រួល​ឱ្យ​អ្នក​វិនិយោគ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

លោក​បាន​ថ្លែង​ថា៖​«​ការធ្វើ​ឱ្យ​កាន់​តែ​ទំនើប និង​ការ​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ​នៃ​ប្រព័ន្ធអេឡិចត្រូនិក នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន។ យុទ្ធសាស្រ្ត​នេះ​ក៏​ដើរ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​ពិភពលោក​ផងដែរ​»។​

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គង់ ម៉ារី បាន​ឱ្យ​ដឹង​ថា នារយៈពេលជាង ៤ ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា​បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្ម​សេវាសា​ធា​រណៈ​ សំដៅបង្កបរិយាកាស​អំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា​លើឆាកអន្តរជាតិ។

លោក គង់ ម៉ារី បញ្ជាក់ថា នៅឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) ដំណាក់កាលទី១ នៅឆ្នាំ ២០២០ ដោយផ្ដោតលើការចុះបញ្ជីអាជីវកម្មជាកញ្ចប់ និងគម្រោងវិនិយោគមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP)។

លោក​បន្ថែមថា ការអនុវត្តការចុះបញ្ជីរួមជាកញ្ចប់​បានជួយសម្រួលដល់ធុរជនតាមរយៈការកាត់បន្ថយចំណាយថវិកា​ប្រមាណ ៤០​ភាគ​រយ​ និងពេល​វេលា​មកត្រឹម ៨ ថ្ងៃ នៃថ្ងៃធ្វើការ។

បន្ទាប់ពីការអនុវត្តនូវដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រីកវិសាលភាពនៃ ថ្នាលនេះជាបន្តបន្ទាប់ក្នុងដំណាក់កាលទី២ និងទី៣ ដែលបានគ្របដណ្ដប់ដល់ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងវិញ្ញបនបត្រជំនាញតាមវិស័យ ផ្អែកតាមសកម្មភាពអាជីវកម្មរបស់សហគ្រាស ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន ២១។

យោង​តាម ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​ (Single Portal) ​គិតចាប់ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២០(ចាប់ផ្តើម​ដំណើរការ) រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ​២០២៤ ចំនួន​ក្រុមហ៊ុន/សហគ្រាស​​ ដែល​បាន​ចុះបញ្ជីអាជីវកម្មតាមថ្នាល់​បច្ចេកវិទ្យាព័ត៌មាន​​(Single Portal) មាន​ចំនួន​សរុប​ ៤២ ៣២៥ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​ចំនួន​​ ៦៤ ពាន់ពាន់​លាន​រៀល ឬស្មើនឹង​ ១៥,៦ ពាន់លាន​ដុល្លារ​។ ក្នុង​ចំណោមក្រុមហ៊ុន/សហគ្រាសទាំង ៤២ ៣២៥ គឺមាន​ ៣៧​​ភាគ​រយ មាន​ម្ចាស់​ជា​ស្រ្តី៕