
អគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ។ ភ្នំពេញប៉ុស្តិ៍
ថវិកាជាតិ គឺជាប្រភពហិរញ្ញប្បទានដ៏សំខាន់សម្រាប់រដ្ឋាភិបាលយកទៅប្រើប្រាស់ដើម្បីការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យបោះជំហានទៅមុខកាន់តែលឿន ខណៈរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅចាកចេញពីក្រុមបណ្តាប្រទេសមានការអភិវឌ្ឍតិចតួច(Least Developed Countries-LDCs)នៅចុងឆ្នាំ២០២៩ ខាងមុខ។
ជាមួយនឹងភាពចាំបាច់ និងសារៈសំខាន់នៃធនធានសម្រាប់អភិវឌ្ឍន៍ប្រទេស នៅសាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី«យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ» ដោយមានការចូលរួមពីលោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារសរុបចំនួន ១៥០នាក់។
លោកស្រី ប៊ុន នារី បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីឱ្យបានយល់ដឹងទាំងអស់គ្នា និងចូលរួមក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
លោកស្រីបានថ្លែងថា៖«ជារួមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានដាក់ចេញក្នុងគោលបំណងដើម្បីបន្តការងារកែទម្រង់ពីយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ធានានូវយុត្តិធម៌ និងសមធម៌ក្នុងការបង់ពន្ធ និងធានាឱ្យបាននូវកំណើនចំណូល និងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូល សំដៅឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៤ ខែមេសា ថា រដ្ឋាភិបាលគ្រប់ប្រទេសតែងតែត្រូវការថវិកាមកអភិវឌ្ឍន៍ប្រទេស តាមរយៈការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការចំណាយជាច្រើនមុខព្រួញទៀត។
ការប្រមូល និងគ្រប់គ្រងចំណូលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព គឺមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់យកទៅអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយធ្វើឱ្យការប្រកួតប្រជែងក្នុងមុខរបរអាជីវកម្មមានភាពល្អប្រសើរផងដែរ។ លោកបន្តថា ដើម្បីឱ្យការប្រមូល ឬកៀរគរចំណូលប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យអ្នកអនុវត្ត និងអ្នកជាប់កាតព្វកិច្ចបង់ពន្ធត្រូវតែដឹងឱ្យច្បាស់ និងគោរពច្បាប់ទាំងអស់គ្នា។
លោកបានថ្លែងថា៖«ចំណូលគឺជាចំណុចស្លាប់របស់របស់ប្រទេសជាតិ ដូច្នេះនៅពេលដែលការកៀរគរចំណូលប្រកបដោយប្រសិទ្ធភាព និងតម្លាភាព វានឹងជួយឱ្យការកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសងាយសម្រេចបានទៅតាមការរំពឹងទុក»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងឯកសារ«យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»ថា យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជាកិច្ចការងារបន្តក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈមួយដំណាក់កាលទៀត(បន្ទាប់ពីដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ និងដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣) ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ច ធានាឱ្យបាននូវយុត្តិធម៌និងសមធម៌ក្នុងការបង់ពន្ធ និងបន្តធានាឱ្យបាននូវកំណើនចំណូល និងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូល សំដៅឆ្លើយតបទៅនឹងតម្រូវការចំណាយក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកបន្តថា យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម ចំនួន ៥ គឺ ១.ធានាកំណើនសេដ្ឋកិច្ច បង្កើតបរិយាកាសអំណោយផលដល់សកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម, ២.មិនបង្កើតប្រភេទពន្ធថ្មីនិងមិនដំឡើងអត្រាពន្ធអាករលើកលែងតែអាករពិសេសលើទំនិញ និងសេវាដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាជន សង្គម និងបរិស្ថាន បន្តការអនុវត្តគោលនយោបាយលើកទឹកចិត្តមានស្រាប់ដែលចំគោលដៅនិងមានវិចារណកម្ម និងធានាយន្តការប្រមូលពន្ធមិនឱ្យត្រួតគ្នា, ៣.ពង្រឹងយន្តការឆ្លើយតបជាមួយអ្នកជាប់ពន្ធតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានិងការពង្រឹងក្រមប្រតិបត្តិមន្ត្រីប្រមូលចំណូល, ៤.រៀបចំវិធានការដែលមានលក្ខណៈយុទ្ធសាស្រ្តមុតស្រួចនិងមានចំនួនតិចដែលមានចរិតបង្កើតចំណូល ប៉ុន្តែមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច (economic distortion) និងធានាបាននូវសមធម៌ (equity) និងយុត្តិធម៌ក្នុងការបង់ពន្ធ, និង ៥.ជំរុញការចូលរួមពីផ្នែកឯកជនដើម្បីធានាឱ្យបាននូវទស្សនរួម ភាពគ្រប់ជ្រុងជ្រោយនៃវិធានការ និងភាពជាក់ស្តែងនិយមដែលផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមាដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍនៃរចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖«ឈរលើមូលដ្ឋាននេះ យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបន្តដើរតួនាទីជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងសំខាន់ តាមរយៈការចាប់យកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចាំបាច់នានា ពិសេសបច្ចេកវិទ្យាព័ត៌មាន និងការតម្រង់ទិសឆ្ពោះទៅរកបរិវត្តកម្មរដ្ឋបាលសារពើពន្ធឌីជីថលឱ្យកាន់តែមានភាពស្អាតស្អំ ឆ្លាតវៃ ប្រកបដោយសមត្ថភាព និងការបន្តធ្វើវិចារណកម្មគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីសម្រេចឱ្យបាននូវឋានៈប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០»។
យោងតាមឯកសារថវិកាសង្ខេប ឆ្នាំ២០២៥(Budget in Brief Fiscal Year 2025) របស់ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ក្នុងឆ្នាំ២០២៥ នេះ រដ្ឋាភិបាលគ្រោងនឹងរកចំណូលឱ្យបាន ៣១ ៥៩៨ ប៊ី(ពាន់)លានរៀល។ សម្រាប់ចំនួននេះ គឺបានពីប្រភពចំនួន ៣ រួមមាន ទី១ ចំណូលសារពើពន្ធចំនួន ២៦ ៤១៨ ប៊ីលានរៀល(ចំណូលពន្ធ និងអាករគយ ១០ ១៤៦ ប៊ីលានរៀល និងចំណូលពន្ធដារ ១៦ ២៧២ ប៊ីលានរៀល), ទី២ ចំណូលមិនមែនសារពើពន្ធ ៣ ៩៧១ ប៊ីលានរៀល (ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងៗទៀត), និងទី៣ ចំណូលផ្សេងៗ ១ ២០៩ ប៊ីលានរៀល(ក្នុងប្រទេស និងក្រៅប្រទេស[មូលនិធិទ្រទ្រង់ថវិកា និងហិរញ្ញប្បទានក្រៅប្រទេស])៕