នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងគាំទ្រដល់ពលរដ្ឋខ្មែរដែលត្រៀមទៅរស់នៅ ធ្វើការ ឬ​សិក្សានៅប្រទេសកូរ៉េខាងត្បូង ធនាគារ PPCBank បានចាប់ដៃគូជាមួយក្រុមហ៊ុន LG U+ ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់កញ្ចប់អត្ថប្រយោជន៍ដ៏ទូលំទូលាយ ដែលរួមមាន​ការផ្តល់ជូនស៊ីមកាតដោយឥតគិតថ្លៃ និងសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការ។

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការសម្រួលដល់ការផ្លាស់ទៅរស់នៅ​ក្រៅប្រទេសរបស់​ប្រជាជន​កម្ពុជា​ តាមរយៈការផ្តល់ឥណទានត្រៀមបម្រុង និងមធ្យោបាយទំនាក់ទំនង។

អនុស្សរណៈនៃការយោគយល់គ្នានេះ (MoU)  ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ដោយលោក​ Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank និងលោក Park Sung Soon នាយកគ្រប់គ្រងក្រុមហ៊ុន LG U+ នៅឯការិយាល័យកណ្តាលរបស់ធនាគារ PPCBank។


តាមរយៈភាពជាដៃគូនេះ ពលករ និងនិស្សិតកម្ពុជា ដែលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង អាចរក្សា​ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ខ្លួនបានភ្លាមៗពេលទៅដល់ ដោយពួកគេនឹងទទួលបានស៊ីមកាត LG U+ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់លើការហៅទូរស័ព្ទ និងការភ្ជាប់អ៊ីនធឺណិតបានយ៉ាងរលូន ដោយគ្មាន​នីតិវិធីចុះឈ្មោះស្មុគស្មាញ ឬការចំណាយខ្ពស់លើថ្លៃសេវារ៉ូមីង (roaming) ឡើយ។

បន្ថែមពីលើការគាំទ្រផ្នែកទូរគមនាគមន៍នេះ ធនាគារ PPCBank ក៏នឹងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលសមស្របទៅនឹងតម្រូវការពិសេសរបស់ពលករ និងនិស្សិតកម្ពុជាទៅកាន់ប្រទេសកូរ៉េផងដែរ ក្នុងនោះរួមមាន ផលិតផលប្រាក់កម្ចី និងដំណោះស្រាយការផ្ទេរប្រាក់ឆ្លងប្រទេស ដែលត្រូវបានរចនាឡើង ដើម្បីឱ្យកាន់តែងាយស្រួលប្រើប្រាស់ និងផ្តល់ភាពបត់បែនកាន់តែច្រើន។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ធនាគារ PPCBank ក៏បានសម្រួលដល់ដំណើរការកម្មវិធីផ្តល់ប្រាក់កម្ចី  តាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនសម្រាប់អតិថិជនជារូបវន្តបុគ្គល ដែលបានឆ្លងកាត់​ការប្រឡង​តេស្ត​សមត្ថភាព​ភាសាកូរ៉េ។ ប្រាក់កម្ចីទាំងនេះមកជាមួយអត្រាការប្រាក់ប្រកួតប្រជែង ក្នុងគោលបំណង​កាត់បន្ថយ​ឧបសគ្គនៃការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់អ្នកដែលកំពុងស្វែងរកឱកាស​នៅក្រៅ​ប្រទេស។

លើកឡើងពីភាពជាដៃគូនេះ លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមាន​ប្រសាសន៍​ថា ៖«ដោយឃើញថា ជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជា​រាប់ពាន់​នាក់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេសកូរ៉េខាងត្បូង យើងយល់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង ហើយយើងក៏ទទួលស្គាល់​បញ្ហាប្រឈម​ផ្នែកហិរញ្ញវត្ថុ ជាមួយការរស់នៅក្រៅប្រទេសផងដែរ។

ដូច្នេះ នេះហើយជាមូលហេតុដែល​ភាពជាដៃគូនេះ គឺមានលើសពីការផ្តល់សេវាទូរគមនាគមន៍។ វារួមបញ្ចូលគ្នានូវការតភ្ជាប់ទំនាក់ទំនង​ដែល​មាន​តម្លៃ​សមរម្យ ជាមួយនឹងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីជួយដល់ពលរដ្ឋខ្មែរ ក្នុងការ​កសាង​អនាគត​មួយប្រកបដោយសុវត្ថិភាព សម្រាប់ទាំងខ្លួនឯង និងក្រុមគ្រួសារ​របស់​ខ្លួន»។

លោកបានបន្ថែមថា ៖«អនុស្សរណៈនៃការយោគយល់គ្នានេះ បានបង្ហាញពីកម្រិតថ្មី​មួយទៀតនៃ​កិច្ចសហប្រតិបត្តិការ​ឆ្លងដែន និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជួយប្រជាជនខ្មែរឱ្យរីកចម្រើន មិនថាពួកគេកំពុងបម្រើការងារ ឬកំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសកូរ៉េនោះទេ»។

លោក Park Sung Soon នាយកគ្រប់គ្រងក្រុមហ៊ុន LG U+ បានមានប្រសាសន៍ថា៖« បេសកកម្មរបស់​យើង គឺជួយ​លើកកម្ពស់ដល់សហគមន៍ចម្រុះ តាមរយៈការផ្តល់ដំណោះស្រាយផ្នែក​ទំនាក់ទំនង ដែល​មាន​ភាពងាយស្រួល និងតម្លៃសមរម្យ។ ភាពជាដៃគូជាមួយធនាគារ PPCBank នេះ អនុញ្ញាតឱ្យយើង​គាំទ្រដល់បុគ្គលម្នាក់ៗ តាំងពីដើមដំបូងនៃដំណើររបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូង»។

ការផ្តល់ស៊ីមកាតដោយឥតគិតថ្លៃនេះ នឹងត្រូវបានចែកជូនតាមរយៈសាខារបស់ធនាគារ PPCBank នៅទូទាំងប្រទេស ហើយនឹងត្រូវបានបើកឱ្យដំណើរការរួចរាល់ សម្រាប់ការប្រើប្រាស់បានភ្លាមៗ នៅពេល​ទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីអាចទំនាក់ទំនង​ជាមួយមនុស្ស​ជាទី​ស្រលាញ់​​របស់ពួកគេ​នៅឯស្រុកកំណើត៕