ធនាគារជាតិនៃកម្ពុជា(NBC) និងសមាគមទូទាត់ជប៉ុន(JPQR) បាន​ប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU)ស្តីពី«​កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR» ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់ NBC បាន​ផ្សាយនៅ​ព្រឹកថ្ងៃទី២៥ ខែ បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា និង​សមាគមទូទាត់​ជប៉ុន បាន​ចុះ​អនុស្សរណៈយោគយល់ជាមួយ​គ្នា​​ក្នុង​គោល​បំណង​ដើម្បី​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេស​កម្ពុជា និង​ជប៉ុន​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​ជាង​មុន​។

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកូតរវាង KHQR និង JPQR នេះ​ត្រូវបានបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺ​ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់​ការទូទាត់នៅប្រទេសកម្ពុជាបាន។

សេចក្តីប្រកាសព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀត​ថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់​ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ​ទូទាត់តាមយ្យូអរកូតជាមួយភាគីកម្ពុជា។


NBC បាន​បញ្ជាក់​ថា៖​«​ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់​ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់​ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ​ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ​ប្រទេសជប៉ុន»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា ទន្ទឹមនឹង​នេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹង​ទទួលបានអត្ថប្រយោជន៍បន្ថែម​តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ​សមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

បើ​យោង​តាម NBC ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើង​ដោយផ្អែកលើក្របខណ្ឌអនុស្សរណៈ​នៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់​លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាមយ្យូអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

NBC បាន​បញ្ជាក​ថា៖​«​ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បាន​ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR និង JPQR ឱ្យបានជោគជ័យ។

ប្រតិបត្តិការ ទូទាត់ឆ្លងដែនតាមយ្យូអរកួតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥។

យោង​តាម NBC គិត​មក​ដល់ពេល​នេះ កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​ទូទាត់​ឆ្លងដែន​ជាមួយ​នឹង​ប្រទេស​ជាច្រើន​ដូច​ជា ថៃ ឡាវ ម៉ាឡេស៊ី វៀតណាម ចិន និង​បណ្តា​មួយ​ចំនួន​ទៀត ដើម្បី​គាំទ្រដល់​វិស័យ​សំខាន់​ៗ​ដូច​ជា ទេសចរណ៍, ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជា​ដើម៕​