កម្ពុជា រំពឹង​ថាគណៈប្រតិភូការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន ​នឹងជួយពាំនាំព័ត៌មាន​ល្អ​ៗ​​​ពី​បរិយាកាស​​​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​​ទៅ​កាន់​​ថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ច​នៅ​ប្រទេស​ចិន​ ដើម្បីជំរុញ​ឱ្យ​វិនិយោគិន​ចិន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើនថែម​​ទៀត​។

នេះ​បើ​តាម​ខ្លឹម​សារ​នៃ​​​ជំនួប​ពិភាក្សា​ការងាររវាង​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ​នឹង​គណៈប្រតិភូ​​​ការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ដឹក​នាំដោយ ​លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សាក្រុមប្រឹក្សារដ្ឋនៃសាធារណ​រដ្ឋប្រជាមានិតចិន នៅ​ទីស្តី​ការ​​របស់​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។​

ក្នុង​ជំនួប​នោះ​ លោក សួន សុផល បាន​សម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូចិន ដែលមកធ្វើទស្សន​កិច្ចការងារ​ផ្ទាល់នៅ​កម្ពុជា បន្ទាប់ពីដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋរបស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មេសា កន្លង​មក​ថ្មីៗ​នេះ​។ លោក​​បន្ថែម​ថា ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-​ចិន កំពុងបង្ហាញ​​ភាព​ល្អ​ប្រសើរយ៉ាង​ខ្លាំង​ និង​បាន​​រីកចម្រើនឥតឈប់ឈរ ជាពិសេសសម្ទុះថ្មីនៃការកសាងសហ​គមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីប្រកប​ដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដាខ្ពស់​។

លោក​​បន្ថែម​ថា ជាក់ស្តែង​គម្រោងវិនិយោគផ្ទាល់របស់ចិននៅកម្ពុជាតែងតែឈរនៅលើគេ​​ជានិច្ចក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ​នេះ​។ វិនិយោគិន​ចិន​​កំពុង​វិនិយោគ​នៅ​កម្ពុជា​ស្ទើ​គ្រប់​វិស័យ​ ហើយ​លោក​ជឿថា​ គម្រោងវិនិយោគរបស់ចិននឹងនៅតែបន្តឈរនៅលំដាប់កំពូលតទៅអនាគត។


លោក​បាន​ថ្លែង​ថា៖​«​រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់នូវបរិយាកាសវិនិយោគរបស់ខ្លួនតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគឱ្យកាន់តែលឿន និងទាន់ចិត្ត ការផ្តល់នូវកញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះខ្ពស់ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ»។

លោក​បានបញ្ជាក់​ថា៖​​«​ខ្ញុំ​សង្ឃឹម​ថា គណៈប្រតិភូនៃការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋដែលជាស្ថាប័ន​បណ្តុំគំនិតរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួយពាំនាំព័ត៌មានវិជ្ជមានរបស់កម្ពុជាជម្រាបជូនថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការសិក្សាសមលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ»។

ជាការ​ឆ្លើយតប​លោក Wang Weimin បានថ្លែងអំណរគុណចំពោះក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC ដែលបានទទួលជួបពិភាក្សាការងារនាឱកាសដំណើរទស្សនកិច្ចការងារលើកដំបូងមកកាន់ប្រទេស​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​ក្រុមការងារ​​មក​កម្ពុជា​នា​ពេល​នេះ គឺ​ក្នុងគោលបំណងជួប​​ពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគកម្ពុជានៅក្នុងបរិបទ​នៃការកសាងសហ​គមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

លទ្ធផល​ជា​វិជ្ជមាន​ដែល​កម្ពុជា​កំពុង​សម្រេច​បាន​នា​ពេល​នេះ គឺ​ជា​ការ​បោះជំហានយ៉ាងត្រឹមត្រូវលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ដែលស្តែងចេញតាមរយៈការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កំណើននៃរំហូរវិនិយោគបរទេស និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជន។

លោក​ប្រាប់​ទៀត​ថា ក្រុមការងារ​របស់​លោក​ពិត​ជា​​ចាប់​អារម្មណ៍​ចំពោះ​​បរិយាកាស និង​វឌ្ឍនភាពចុងក្រោយនៃបរិស្ថានធុរកិច្ចនៅកម្ពុជា ហើយលោកមាន​ជំនឿថា សហគ្រាសចិនក្រោមគំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់ និងផ្លូវ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅតាមបណ្តោយរបៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាជាក់ជាពុំខាន។

ទិន្នន័យ​ពី​​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ​ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេសកម្ពុជា-ចិន មាន​ទឹក​ប្រាក់​សរុប ៤ ០៦៨,៦ លាន​ដុល្លារ កើន​ឡើង ២៦,៧ ភាគ​រយ​បើ​ធៀប​ត្រីមាស​ទី១ ​ឆ្នាំ ​២០២៤​។ ក្នុង​ចំនួន​នេះ គឺ​​​​​​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ ៣៤៨,១៩ ​លាន​ដុល្លារ ថយចុះ ៤,៩ ភាគរយ ចំណែកទំនិញ​ចិន​នាំ​ចូលកម្ពុជា​​ ៣ ៧២០,៤១ ​លាន​ដុល្លារ កើន ៣០,៨ ភាគរយ។​

ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ ​មាន​ឱនភាព ៩១,៤៤​ភាគ​រយ​ ដែល​ស្មើ​នឹង​ទឹក​ប្រាក់ ៣ ៣៧២,២២ ​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​ ២០២៤ មាន​ត្រឹម​តែ​ ២ ៤៤៤,៨៥ ​លាន​ដុល្លារ។

ក្នុង​ឆ្នាំ ២០២៤ ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ កើន​ឡើង ២៣,៨ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣​។ ក្នុង​ចំនួន​នេះ គឺ​​ចិន​នាំ​មក​កម្ពុជា ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ៕