វិស័យឯកជន​ មាន​សុទិដ្ឋិនិយមថា ការ​​ប្រើប្រាស់​​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នឹងហក់​ឡើង​កាន់​តែ​ខ្ពស់ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីឈាន​មុខ​គេ​របស់​ប្រទេស​ចិន BYD(Build Your Dream)បាន​ចាប់​បើក​ដំណើរ​ការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​​ក្នុង​ទឹក​ដី​ប្រទេស​ក​ម្ពុជា ដោយ​គ្រោង​នឹង​​ចាប់​ផ្តើម​ដំណើរការ​ដំឡើង​ជាផ្លូវការ​​​នៅ​ដើមខែ​វិច្ឆិកា ​ខាង​មុខ​។

រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ីវ៉ាយឌី ខេមបូឌា ឯ.ក (BYD Cambodia Co., Ltd.) ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ក្នុង​ថ្ងៃ​ទី​២៨ ខែ​មេសា នេះ គឺ​ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២ លានដុល្លារសម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ​(EV) និងអគ្គិសនីលាយសាំង (PHEV)។

រោងចក្រ​នេះនឹងមាន​សមត្ថភាពដំឡើងរថយន្តប្រមាណ ១ ម៉ឺនគ្រឿង​ក្នុងមួយឆ្នាំៗទៅតាមដំណាក់កាល​។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរ​ការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា​នាដើមខែវិច្ឆិកា ឆ្នាំ២០២៥។

អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊េចប្រេស ខូអិលធីឌី លោក សួរ វីរៈ (Suo Vireak, Founder, Director, CEO at Founder, Director of Virak Buntham Express) បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៨ ខែ​មេសា​ថា និន្នការ​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​នៅកម្ពុជា​នឹង​បន្ត​កើន​ឡើង​ឆាប់​រហ័ស ខណៈ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​ក៏​កំពុង​កើន​ឡើង​ផងដែរ​។​ ក្រៅ​ពី​ការ​កំណើន​នៃ​ការ​នាំ​ចូលរថយន្តអគ្គិសនី ការ​វិនិយោគ​លើ​ស្ថានីយ​បញ្ចូល​អគ្គិសនី​ក៏​កំពុង​កើន​ឡើង​ផងដែរ​។


លោក​ប្រាប់​ទៀត​ថា សម្រាប់​ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ផងដែរ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ទាំង​រថយន្ត​អគ្គិសនីសម្រាប់​ដឹក​អ្នក​ដំណើរ និង​ដឹក​ទំនិញ​ ហើយ​​ប្រហែល ២ ឆ្នាំ​ខាង​មុខ ​ក្រុមហ៊ុន​បាន​ដាក់​​ផែនការប្រើប្រាស់​រថយន្តអគ្គិសនី​ស្ទើ​ទាំង​អស់​តែ​ម្តង។​​

លោក​បាន​ថ្លែង​ថា៖​«ក្រុមហ៊ុន​របស់​យើងមានគោលការណ៍​ក្នុង​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដោយ​ ៨០​ភាគ​រយ​​នៃ​រថយន្ត​របស់ ​វិរៈ ប៊ុនថាំ ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​សាងសង់​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​រួច​ហើយ​ រួម​ទាំង​រាជធានី​ភ្នំពេញ​ផងដែ ដែល​អាច​នឹង​រួច​រាល់​នៅ​ក្នុង​រយៈ​ពេល ១ ទៅ ២ ខែ​ខាង​មុខ»។

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​​របស់ក្រុមហ៊ុន BYD Cambodia នៅ​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ពី​លោក Wang Wenbin ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី  បន្ទាប់ពី រូបលោក និង​គណៈប្រតិភូ CDC បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្ទាល់​ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា ការ​វិនិយោគ​របស់ BYD Cambodia នៅ​ពេល​នេះ គឺ​ជា​ការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់​ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក​បាន​បន្ថែម​ថា៖​«​គម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា គឺ​បង្ហាញ​ឱ្យ​ឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខដឹកនាំគ្រប់ជំនាន់ រួមជាមួយនឹងការធ្វើបរមភាវូបនីយកម្មរបស់ CDC ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ។

CDC បាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា ចំនួន​នៃ​ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី(EVs) នៅ​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ច្រើន។ ក្នុង​ឆ្នាំ​២០២៤ មាន​រថយន្ត EV ដែល​ចុះ​បញ្ជី​សរុប​ចំនួន ២ ២៥៣ គ្រឿង កើន​ឡើង ៦២០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​បាន​ចុះបញ្ជី​រថយន្ត EV ថ្មី​ចំនួន ៣១៣ គ្រឿង។

របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញ​ទៀត​ថា ម៉ាក​រថយន្ត EV ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ដូចជា BYD, Toyota និង​ Tesla ជាដើម៕