កម្ពុជា-វៀតណាម បាន​ឯកភាព​ក្នុង​ការ​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះរួម​គ្នា​​សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី​​ឱ្យ​ឈានទៅសម្រេចបានគោលដៅ​ចំនួន ២០ ពាន់​លានដុល្លារ​នាពេល​ខាង​មុខ ខណៈក្នុង​ឆ្នាំ​២០២៤ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹក​ប្រាក់ជិត ៧,៨ ពាន់​លាន​ដុល្លារ​​។

នេះ​បើ​យោង​តាម​ខ្លឹម​សារ​នៃ​ជំនួបសម្តែង​ការគួរសម និង​​ពិភាក្សា​ការងារ​រវាង​​​​លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ​​នឹង​លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​ទីក្រុងហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ក្នុងឱកាស​ដែល​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​បំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

ក្នុងជំនួបខាង​លើ​ លោកស្រី ចម និម្មល បានជម្រាបជូន លោក Pham Minh Chinh អំពីលទ្ធផលសំខាន់​ៗ​នៃដំណើរទស្សនកិច្ចការងាររបស់​គណៈ​ប្រតិភូ​កម្ពុជា និង​បាន​លើក​ឡើង​អំពី​​កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី​ តាមរយៈការអនុវត្តឱ្យ​​កាន់តែមានប្រសិទ្ធភាព និងពេញលេញនូវយន្តការដែលមានស្រាប់ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប(RCEP)ជាដើម។ លោកស្រីបន្ត​ថា តាម​រយៈ​កិច្ច​ប្រជុំ​ទ្វេភាគី​នេះ កម្ពុជា-​វៀតណាម​ក៏​បាន​សន្យា​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ឱ្យ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​នា​ពេល​ខាង​មុខ​ផងដែរ​។​

លោក​ស្រី​បាន​ថ្លែង​​ថា៖​«​ជា​មួយ​គ្នា​នេះ​ភាគី​កម្ពុជា-​វៀតណាម ក៏​បាន​​ចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ឆ្នាំ​២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់​លានដុល្លារ​ស្រប​តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ»។


ជាការ​ឆ្លើយតប លោក Pham Minh Chinh បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជា​កំពុង​សម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជា​មួយ​គ្នា​នេះ លោក​ក៏​ឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកស្រី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែល​ចង់​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឱ្យ​ក្រសួងពាណិជ្ជកម្ម​​ប្រទេស​ទាំងពីរ និងស្ថាប័នពាក់ព័ន្ធ​បន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់​លានដុល្លារ​ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ទិន្នន័យ​ពី​​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា(GDCE) ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​សរុប​ ៧,៧៨ ពាន់លានដុល្លារ កើន​ ១៨,២ភាគរយ​​បើធៀបនឹងឆ្នាំ ២០២៣ ដែលមាន ៦,៥៨ ពាន់លានដុល្លារ។ ​ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀត​ណាម​ចំនួន​ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦ភាគរយ និងវៀត​ណាម​នាំ​មកកម្ពុជា ៤,១៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ​។

ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​វៀតណាម មាន​​​ដូចជា ស្រូវ​ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ពោត ចេក និង​ធនធាន​ធម្មជាតិ​មួយ​ចំនួន ចំណែក​​វៀតណាម​​នាំមក​វិញ​ភាគច្រើន​ជា សម្ភារ​សំណង់ គ្រឿង​ទេស ចំណីអាហារ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​ ​អគ្គិសនី និង​ជី​កសិកម្ម​។

ដោយ​ឡែក​សម្រាប់​​រយៈ​ពេល ៣ ខែ​ដើម​ឆ្នាំ​២០១៥ នេះ​ការនាំចេញ នាំ​ចូល​ទំនិញ​​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ២,៥ពាន់លាន​ដុល្លារ កើន​ឡើង ០,៧​ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​វៀតណាម ១,២៧​ពាន់លានដុល្លារ និង​វៀតណាមនាំចូល​វិញ ១,០៧ ពាន់​លាន​ដុល្លារ។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា ក្នុងនាម​ជា​ប្រទេស​​មាន​ព្រំដែនគោក និង​ទឹក​ជាប់​គ្នា គឺ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ទ្វេភាគី​ប្រាកដ​ជា​​កើតមាន​​រៀង​រាល់​ថ្ងៃ និង​មាន​ចំនួន​លើស​ពី​អ្វី​ដែល​​កត់​ត្រាដោយ​​អាជ្ញាធរ។

បច្ចុប្បន្ន​​វៀតណាម គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិត​ផល​កសិកម្ម និង​កសិ-ឧស្សាហកម្ម​កម្ពុជា ព្រោះ​វៀតណាម​​ជា​ប្រទេស​ធំ និង​មាន​សេដ្ឋកិច្ច​ធំ​ជាង​កម្ពុជា ដូច្នេះ​គេ​មានទុន​បង្វិល​ច្រើន មាន​ឃ្លាំង​ស្តុក ឡសម្ងួត និង​រោងចក្រ/​សហគ្រាស​​កែច្នៃ​ច្រើន​។​​​ លោក​បន្ត​ថា កំណើន​ផលិតកម្ម​ក្នុង​ស្រុក​នៃ​ប្រទេស​ទាំង ២ នឹង​ធ្វើ​ឱ្យ​ចំនួន​ទឹក​ប្រាក់នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ បន្ត​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា៖​​«កត្តាភូមិសាស្រ្ត និង​ការ​ប្តេជ្ញាចិត្ត​របស់​មេដឹក​នាំ​នៃ​ប្រទេស​ទាំង ២ នឹង​ជួយ​ជំរុញ​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីកើន​ឡើង​កាន់​តែ​ច្រើន​នា​ពេល​អនាគត»។

លោក​ប្រាប់​ទៀត​ថា ជា​មួយ​គ្នា​នេះ​ កម្ពុជាក៏​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ផងដែរ៕