ភ្នំពេញ៖ ការ​កៀរគរ​អ្នក​វិនិយោគបរទេស​​មក​កាន់​កម្ពុជា​អំឡុង​ពេល​មាន​​សម្ពាធ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​​ និង​​ការអនុលោម​តាមច្បាប់​ពន្ធ ​ក្លាយជា​បញ្ហា​ធ្វើឱ្យ​អាជីវកម្មជួប​រឿង​មិន​ប្រាកដ​ប្រជា​​។​

លោក Casey Barnett ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) បាន​ឱ្យ​ដឹង​ថា ខណៈ​​កម្ពុជា​នៅតែ​ផ្តល់ «​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ការវិនិយោគ» រួមទាំង «ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​» និង «​មិនសូវ​មាន​ការប្រកួតប្រជែង​» បរិយាកាស​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។

​លោក​ថ្លែង​បែបនេះ​នៅក្នុង​វេទិការ​ពាណិជ្ជកម្ម និង​វិនិយោគ​រួម​ចក្រភព​អង់គ្លេស​-​កម្ពុជា «Deep Dive Series» ដែល​រៀបចំ​ដោយ BritCham Cambodia និង​សភាព​ពាណិជ្ជកម្ម​​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ KPMG Cambodia អគារ GIA កោះ​ពេជ្រ​។​

ដើម្បី​ទទួលបានចំណូល​​រឹងមាំ លោក Barnett បាន​សង្កត់ធ្ងន់ថា អ្នកវិនិយោគ​ត្រូវតែ​ផ្តោតលើ​ការអនុលោម​តាមច្បាប់​ពន្ធ​កម្ពុជា​។


លោក Barnett បាន​ព្រមាន​ថា៖ «​​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​​​ខុសតាំងពី​ចេញដំណើរ​ យល់​ខុស​បទ​ប្បញ្ញត្តិ​ពន្ធ ក៏ដូចជា​ជួប​​ផលវិបាកផ្សេងៗ​។​ ​នៅ​កម្ពុ​ជាមាន​ពន្ធ​ការ​ប្រាក់ ១,៥ភាគរយ​​ក្នុង​មួយខែ​​ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ វា​​ពិតជាមាន​ចំនួន​ច្រើន​ណាស់​​​»​។

​លោក Barnett បាន​ចង្អុល​ទៅ​ចលករ​ចម្បង​ដែល​ផ្លាស់ប្តូរ​ទីផ្សារ​៖ កំណែទម្រង់ពន្ធ​សកល​ក្រោម​ច្បាប់ Global Anti-Base Erosion Model Rules (OECD) (Pillar 2) សម្ពាធ​លើប្រាក់​ពន្ធ​លើកទឹកចិត្ត​​​របស់​កម្ពុជា ហើយ​អ្វីដែល​គួរ​​ឱ្យ​​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ពន្ធគយ​អាមេរិក ៣៥០០​ភាគរយ​ លើ​ការនាំចេញ​បន្ទះ​សូឡា​​ក​ម្ពុ​ជា​។​

លោក​បាន​បន្តថា​៖ «​ពន្ធ​៣​៥០០​ភាគរយ​នេះ​ជា​សញ្ញា​អាក្រក់​សម្រាប់​អនាគត​របស់​កម្ពុជា​ដែល​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​​។​ ​វា​បង្ហាញថា ​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​កំពុងប្រកាន់យក​នូវ​ខ្សែបន្ទាត់​ដ៏​លំបាក​មួយ​។ ដោយសារ​កម្ពុជា​មិនមាន​អ្វី​ច្រើន​ដើម្បី​ផ្តល់ជូន​សហរដ្ឋអាមេរិក​ជាទី​ផ្សារ យើង​គួរតែត្រៀម​ខ្លួន​ទទួល​យក​​សេណា​រី​យ៉ូ​ករណី​ដ៏​អាក្រក់​បំផុត នោះគឺ​ពន្ធ​ខ្ពស់ជាង​ប្រទេស​ជាច្រើនទៀត​»។​

ភាព​តានតឹង​មួយផ្នែក​មកពី​ការយល់ឃើញ​របស់​សហ​រដ្ឋ​អាមេរិក​ដែលថា​ ​កម្ពុជា​កំពុង​ត្រូវបាន​ប្រើ​ជា​ចំណុច​ឆ្លងកាត់​សម្រាប់​ទំនិញ​របស់​ចិន​ដើម្បី​គេច​ពី​ការយកពន្ធ​របស់​អាមេរិក ដែលជា​ការចោទប្រកាន់​លោក Barnett និង​មន្ត្រី​កម្ពុជា​ដែល​បាន​រុញច្រាន​តប​វិញ​។​

ខាង​រដ្ឋាភិបាល លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) បាន​ទទួលស្គាល់ថា ការតម្លើង​ពន្ធ​​របស់​សហរ​ដ្ឋ​អាមេរិក​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​បាន​ការពារ​គោលនយោបាយ​របស់​ប្រទេស​។​

លោក ជាសិទ្ធ បាន​និថ្លែង​ថា៖ «​យើង​មិន​រើសអើង​រវាង​សហរដ្ឋអាមេរិក ចិន ឬ​ក្រុមហ៊ុន​ណាមួយ​ផ្សេងទៀត​ទេ​។​ ​យើង​ផ្តល់​ប្រព័ន្ធ​សុវត្ថិភាព​សាធារណៈ​ដូចគ្នា ការលើកទឹកចិត្ត​ដូចគ្នា​ដល់​គ្រប់​វិស័យ​។ វា​មិនមែន​សំដៅលើ​ការកំណត់​គោលដៅ ឬ​ការអនុគ្រោះ​ពីគ្នា​ទៅវិញទៅមក​នោះទេ»​។​

លោក​ក៏បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ដោយនិយាយ​ថា៖ «​គ្មាន​ចៅក្រម​នៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ WTO ហ៊ាន​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ទេ ពីព្រោះ​ពួកគេ​នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នក​មិន​ឱ្យចូល​ប្រទេស​។ សហរដ្ឋអាមេរិក​បាន​លុបចោល​ដំណោះស្រាយ​នៅ WTO រួចហើយ មុនពេល​ពួកគេ​ធ្វើ​រឿង​បែបនេះ»។

ដោយ​លើកឡើង​ពី​មហិច្ឆតា​ឧស្សាហកម្ម​កាន់តែ​ទូលំទូលាយ​របស់​កម្ពុជា លោក ជាសិទ្ធ បានចង្អុលបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​​ក្នុងការ​ទាក់ទាញ​ការផលិត​កម្រិត​ខ្ពស់ រួមទាំង​ការវិនិយោគ​ថ្មីៗ​ពី​ក្រុមហ៊ុន​ដូចជា BYD, Toyota និង Ford ដោយ​មិន​ប្រកាន់​។​

លោក​បានបន្ដ​ថា៖ «​យើង​ចង់បាន​បច្ចេកវិទ្យា​នៅទីនេះ​។ បើ​គេ​មក គេ​វិនិយោគ វា​ល្អ​សម្រាប់​កម្ពុជា​»​។​

​ទោះយ៉ាងណា​ក៏ដោយ លោក Barnett បាន​ជំរុញ​អ្នកវិនិយោគ​ឱ្យ​ត្រៀម​ខ្លួន​ជាមុន​​។​

លោក​បាន​បន្តថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុងធ្វើ​សវនកម្ម​កាន់តែ​ប្រថុយ​ប្រថាន​បន្ថែម​ទៀត​នៅពេលនេះ ដែលជា​ការអភិវឌ្ឍ​វិជ្ជមាន​​។​ ​ប៉ុន្តែ​ជាមួយនឹង​កំណែទម្រង់ពន្ធ​សកល និង​ការចរចារ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​កំពុង​បន្ត ភាពមិនប្រាកដប្រជា​គឺជា​ពិត​នៅ​ចំពោះមុខ​​»​។

​កម្ពុជា​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​បរិយាកាស​វិនិយោគ​របស់ខ្លួន​ដោយ​បង្កើត​អង្គភាព​សវនកម្ម​ពន្ធ​ពិសេស (STAU) ក្រោម​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT)​។ អង្គភាព​ត្រួតពិនិត្យ​សវនកម្ម​សម្រាប់​វិនិយោគិន​បរទេស និង​អ្នក​បង់ពន្ធ ក្នុង​គោលបំណង​ធានាឱ្យមាន​ភាពយុត្តិធម៌ និង​តម្លាភាព​នៅ​ទូទាំង​ប្រព័ន្ធ​។​

លោក James Roberts ប្រធាន​ទីប្រឹក្សា​នៅ KPMG នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​នេះ​។

លោក​បាន​និយាយថា៖ «​​ច្បាប់បង្ហាញ​ពី​​ដំណើរការ​សវនកម្ម​ដា​ច់​ដោយឡែក​មួយ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ដែល​បំពេញ​តាម​ស្តង់ដា​​អនុលោមភាព ដោយ​ធានាថា ​ពួកគេ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​តម្លាភាព និង​យុត្តិធម៌​បំផុត»។​

លោក ជាសិទ្ធ បាន​ពន្យល់ថា បុគ្គលិក STAU ត្រូវបាន​ជ្រើសរើស​ពី​សហគ្រាស និង​វិស័យ​បច្ចេកវិទ្យា​ធំៗ​របស់​កម្ពុជា ដើម្បី​ដោះស្រាយ​ភាពស្មុគស្មាញ​នៃ​សវនកម្ម​អន្តរជាតិ​។​

លោកបាន​និយាយថា៖ «​ប្រព័ន្ធ​ថ្មី​នេះ​ធានាថា ​ក្រុមហ៊ុន​ដែលមាន​សិទ្ធិ​នឹង​ឆ្លងកាត់​ការធ្វើ​សវនកម្ម​ស្តង់ដា​​តែមួយ ​ការពារ​ការភ័ន្តច្រឡំ និង​ភាពស្មុគស្មាញ​ហួសហេតុ»។​

សំខាន់​គឺមាន​តែ​ក្រុមហ៊ុន​ដែលមាន​ការបញ្ជាក់ និង​អនុលោម​តាមច្បាប់​ប៉ុណ្ណោះ​នឹងត្រូវ​បានជ្រើសរើស​សម្រាប់​សវនកម្ម ដោយ​ធានាថា ​អាជីវកម្ម​មិន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ច្រើន​ទេ ដែលជា​ជំហាន​សំខាន់​ឆ្ពោះទៅរក​ការសម្រួល​បរិយាកាស​ព​ន្ធ​។​

វិនិយោគិន​បរទេស​បាន​ឆ្លើយតប​ជា​វិជ្ជមាន​។ លោក Steven Solomon ដៃគូ និង​ជា​ប្រធាន​ផ្នែក​ប្រឹក្សា​ផ្នែក​ពន្ធដារ M&A នៅ KPMG ក្នុងប្រទេស​វៀតណាម និង​កម្ពុជា បាន​កត់សម្គាល់ថា វិធីសាស្ត្រ​របស់​កម្ពុជា​មាន​ភាព​លេចធ្លោ​នៅក្នុង​តំបន់​។​

លោកបាន​ឱ្យ​ដឹង​ថា៖ «​​ប្រទេស​ភាគច្រើន​ផ្តោតលើ​ការផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ ប៉ុន្តែ​កម្ពុជា​កំពុងផ្តល់​អាទិភាព​ដល់​ការប្រមូល​​ពន្ធ​ដោយ​យុត្តិធម៌ ដែល​វា​មាន​សារៈសំខាន់​សម្រាប់​អ្នកវិនិយោគ​ផងដែរ​»។​

​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ឡើង​របស់​កម្ពុជា​ក្នុងការ​ផ្តល់នូវ​បរិយាកាស​ស្ថិរភាព និង​តម្លាភាព ដើម្បី​គាំទ្រ​ដល់​គោលដៅ​សេដ្ឋកិច្ច ២០៥០​ របស់ខ្លួន​៕