ក្រសួង​រ៉ែ​និង​ថាមពល​ នៅ​ថ្ងៃ​ទី៣០ ខែ​មេសា​នេះ​បាន​ចេញ​លិខិត​បដិសេធ​ទៅ​លើ​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌​មួយ​ចំនួន ដែល​ថា ក្រុម​ហ៊ុន Guanzun Energy Investment នឹង​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​គម្រោង​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុង​តម្លៃ ៣,៥​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​កំពត។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន ក្រុមហ៊ុន Guanzun Energy Investment គ្រោង​បើក​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​បាន​ ១០​លាន​តោន​ក្នុង​មួយ​ឆ្នាំ នៅ​លើ​ផ្ទៃដី​ប្រមាណ​ ២៣៤ ហិកតា ​នៅ​ខេត្ត​កំពត។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ ទទក នៅ​ថ្ងៃ​ទី៤​ខែមេសា ឆ្នាំ២០២៥​នេះ គម្រោង​រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ នឹង​ប្រើ​ពេល​សាង​សង់​សរុប​ ៣​ឆ្នាំ។ ដោយ​ដំណាក់​កាល​ទី១ នឹង​សាងសង់​រោងចក្រ​មាន​សមត្ថភាព​ចម្រាញ់​ប្រេង ៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ ជាមួយ​នឹង​ការ​វិនិយោគ​ប្រមាណ​ ២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ មាន​រយៈ​ពេល​សាងសង់ ១៨ខែ។ ចំណែក​ដំណាក់​កាល​ទី​ពីរ នឹង​ត្រូវ​ចំណាយ​ពេល ១៨​ខែ​ទៀត ដើម្បី​បញ្ចប់​ការ​សាង​សង់​ទាំង​មូល។

ក្រុមហ៊ុន Guanzun Energy Investment បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤។


នៅ​ថ្ងៃ​ទី៥ ខែ​មេសា តំណាង​ក្រុមហ៊ុន​នេះ ក៏​បាន​ជួប​ជាមួយ​លោក ម៉ៅ​ ធនិន​ អភិបាល​ខេត្ត​កំពត​ ដើម្បី​ ពិភាក្សា​ការងារ និង​សុំ​ការ​អនុញ្ញាត​ «ដើម្បី​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​ ក្នុង​ខេត្ត​កំពត​ដើម្បី​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត»។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រដ្ឋបាល​ខេត្ត​កំពត។

យ៉ាង​ណា​ក៏​ដោយ ​ក្រសួង​រ៉ែ​និង​ថាមពល​បញ្ជាក់​ថា៖ «ក្រុមហ៊ុន​ខាង​លើ​ពុំ​ធ្លាប់​ទទួល​បាន​ការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុញ្ញាត​ឱ្យ​ធ្វើ​ការ​វិនិយោគ​គម្រោង​នេះ​នៅ​ឡើយ​ទេ»។

ក្រសួង​ស្នើ​សុំ​ឲ្យ​សាធារណជន​បញ្ឈប់​ការ​ចែក​ចាយ​ព័ត៌មាន​ដែល​ដែល​ក្រសួង​ចាត់​ទុក​ថា «គ្មាន​ការ​ពិត»៕