បើ​ទោះបី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​ចរចា​ជា​មួយ​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ពន្ធបដិការ​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អាមេរិក​ ក៏​ចំនួន​ទឹក​ប្រាក់​នៃ​កា​ធ្វើ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-​អាមេរិក​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​អត្រា​ជាង ២២​ភាគរយ​។​

ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​នានា ​ដែល​កត់​ត្រា​ដោយ​​​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ ការ​នាំ​ចេញ​-​ចូល​ទំនិញ​ទ្វេភាគី​​កម្ពុជា​-​សហរដ្ឋអាមេរិក​ មាន​ទឹក​ប្រាក់​សរុបជិត ៣,៣ ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៦​ភាគរយ​បើ​ធៀប​​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤ ​ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​អាមេរិក ៣,២ ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៣​ភាគរយ និងអាមេរិក​នាំមក​វិញ​ ៩៧,៨លាន​ដុល្លារ​ កើន​ឡើង ៣៤,៨​ភាគរយ​។

ផ្អែក​តាម​ស្ថិតិ​នេះ​ គឺ​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ ២០២៥ ​​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជាមាន​ឧត្តមភាព​ប្រមាណ ៣,១​ពាន់​លាន​ដុល្លារលើ​ភាគី​អាមេរិក ខណៈ​រយៈ​​​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០២៤ មាន​ប្រមាណ ២,៥៥​ពាន់​លាន​ដុល្លារ​។

បញ្ហា​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ ​គឺ​ជាមូលហេតុ​ដែល​រដ្ឋបាល​របស់​ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា បាន​ប្រកាស​​ដំឡើង​ពន្ធ​បដិការ(Reciprocal Tariffs) ​​រហូត​ដល់ ៤៩​ភាគ​រយ​សម្រាប់​ទំនិញ​ទូទៅ​​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក ។ ទោះយ៉ាង​ណា​ នៅ​ពេល​កាល​បរិច្ឆេទចូល​មក​ដល់​ លោក​ត្រាំ ក៏​បាន​សម្រេច​​ពន្យារ​ពេល​ចំនួន ៩០​ថ្ងៃ​ ដើម្បី​បើក​ឱកាស​ឱ្យ​ប្រទេស​នីមួយៗ​​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​


ដើម្បី​ដោះស្រាយ​បញ្ហា​ពន្ធគយ​នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​​​សហរដ្ឋអាមេរិក ដើម្បី​ជួប​​ចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការ​ងារ​តាមរយៈប្រព័ន្ធវីដេអូ(Zoom) ចំនួនពីរលើក​ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (United States Trade Representative – USTR) ដែល​លើក​ទី​១ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និង​លើកទី២ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ជាមួយ លោកស្រី​ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

លោក​ ចាន់ថុល ​បាន​ឱ្យ​ដឹង​​ថា រាជរដ្ឋាភិបាលកម្ពុជាមាន​​ការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ​ប្រកប​ដោយ​តម្លាភាពសម្រាប់ការនាំចេញទំនិញកាន់ទីផ្សារអាមេរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួង​រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

លោកបាន​ថ្លែង​​ថា៖​«​​ភាគីកម្ពុជា​បានត្រៀមលរួចរាល់ និង​គ្រប់ជ្រុងជ្រោយ​ក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការដោយបើកទូលាយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាមេរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមានភាពស៊ីជម្រៅ ប្រកបដោយសមធម៌ និងតុល្យភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ»។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​រយៈ​ពេល​ ២ថ្ងៃ​ បន្ទាប់​ពី​អាមេរិក​ប្រកាស​ដាក់​ពន្ធ​ទំនិញ​លើ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា បានផ្ញើលិខិតផ្លូវការទៅកាន់លោកប្រធានាធិបតីអាមេរិក ដោយ​បាន​បង្ហាញអំពីការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក​ ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ប្រភេទ​ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥​ភាគរយ​​មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥​ភាគរយ​ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកប​ដោយ​ការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ (Hong Vanak) មាន​សុទិដ្ឋិនិយមថា ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​អាមេរិក​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត ហើយ​ការ​ចរចា​​ផ្នែក​ពន្ធគយរវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ក៏​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើនដែរ​។ បច្ចុប្បន្ន​អាមេរិក គឺ​ជា​​ទីផ្សារ​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ ជា​ពិសេស​ផលិតផល​វាយនភណ្ឌ​។ ​ក្រៅ​ពី​ផលិត​ផល​​វាយនភណ្ឌ កម្ពុជា​ក៏​មាន​ផលិតផល​សម្បក​កង់​រថយន្ត​ និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀតដែល​បាន​នាំ​ចេញ​ទីផ្សារ​អាមេរិក​ផងដែរ។​

លោក​បន្ត​ថា ក្រៅ​ពី​​ទទួល​ទិញ​ទំនិញ​ដ៏​ច្រើន​ពី​កម្ពុជា ក៏​មាន​ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន​កំពុង​បើក​ប្រតិបត្តិការ​នៅ​កម្ពុជា​ផងដែរ​។

លោកបានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖​«​ខ្ញុំ​មាន​ជំនឿថា ទំនាក់​ទំនង​ការទូត ឆន្ទះ​ និង​ការ​ខិតខំ​សម្រប​សម្រួល​ពី​សំណាក់​​រដ្ឋាភិបាល​កម្ពុជា នឹង​ជួយ​ឱ្យ​កម្ពុជា​បន្ត​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​​គយ​ពីសំណាក់​​រដ្ឋាភិបាល​អាមេរិក​បន្ថែម​ទៀត​។ ទំហំ​ពាណជ្ជកម្ម​ទ្វេភាគី​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​»។​​

របាយការណ៍ GDCE បង្ហាញថា ក្នុង​ឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ​​ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ៕