សំណើសុំ​វិនិយោគ​ថ្មី​ចំនួន ១២ និង​គម្រោង​ពង្រីក​បន្ថែម​ចំនួន ១ ដែល​មាន​ទុន​វិនិយោគ​សរុប​​ប្រមាណ៣១៨ លាន​ដុល្លារ​ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើក​យក​មក​ពិនិត្យ​ មុន​នឹង​ផ្តល់​ការ​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​វិនិយោគ​នៅ​កម្ពុជា។

នៅ​ទីស្នាក់ការកណ្តាល​​ CDC កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា​ មាន​រៀបចំ​«កិច្ច​ប្រជុំច្រកចេញ-​ចូល​តែ​មួយ​» លើក​ទី​៧ ​ឆ្នាំ​២០២៥ ដើម្បី​​ពិនិត្យ​ពិភាក្សាលើ​សំណើ​សុំ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១ (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) ដែល​ដឹក​នាំដោយ​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និង​​មានការចូលរួមពី​តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

យោងតាម​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់ CDC គម្រោងវិនិយោគទាំង ១៣ មានទុនវិនិយោគសរុប ៣១៨លានដុល្លារ និង​អាចបង្កើតការងារបានប្រមាណ ៧,៣ពាន់កន្លែង។ សម្រាប់​គម្រោងថ្មី​ទាំង ១២ គឺ​មាន ១១​គម្រោង ស្ថិត​​​ក្នុងវិស័យឧស្សាហកម្ម និង ១ ស្ថិត​ក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធ​(អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ​ដោយថាមពលខ្យល់អនុភាព ១៥០មេហ្គាវ៉ាត់)។ គម្រោងវិនិយោគខាងលើ មាន​ទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១២ ខែ​ឧសភា ​​ថា គម្រោង​វិនិយោគ​ដែល​​ដាក់​ពាក្យ​ស្នើសុំ​វិនិយោគ​ និង​ទទួល​បាន​ការ​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​ បាន​កើន​ឡើង​ជាបន្ត​បន្ទាប់ ជាពិសេស​ចាប់​​ពីឆ្នាំ​២០២៤ មក​ ដោយគេ​សង្កេត​ឃើញ​​សំណើ​សុំ​វិនិយោគ​ទាំង​នោះ​​មាន​​​​ស្ទើ​គ្រប់​វិស័យ​ គឺ​មិនមែន​​សុទ្ធតែ​ក្នុង​វិស័យ​វាយនភណ្ឌ​ដូច​មុន​ទៀតឡើយ។ គម្រោង​វិនិយោគ​ថ្មី​ៗ​​ដែល​ជា​ការ​កត់​សម្គាល់​​ មាន​ដូច​ជា រោងចក្រ​ផលិត​សំបកកង់​រថយន្ត ដំឡើង​រថយន្ត កសិកម្ម រោងចក្រ​ផលិត​ឧបករណ៍​អេឡិចត្រូនិក ធនធានរ៉ែ សណ្ឋាគារ និង​ក្នុង​វិស័យ​ទេសចរណ៍ ជាដើម។


លោក​បន្ត​ទៀត​ថា មាន​កត្តា​ជាច្រើន​ដែល​កំពុង​ជួយ​ឱ្យ​កម្ពុជា​​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​​ផ្ទាល់​​រួម​មាន ភាព​អំណោយផល​នៃ​ច្បាប់​វិនិយោគ សម្បូរ​កម្លាំង​ពលកម្ម​វ័យ​ក្មេង ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូនល្អ​ប្រសើរ និង​ជា​ពិសេសគឺ​កម្ពុជាមាន​ទីផ្សារ​សម្រាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន។

លោក​បញ្ជាក់​ថា៖​«​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ល្អ ខ្ញុំ​មាន​ជំនឿថានឹង​មាន​វិនិយោគិន​អន្តរជាតិ និង​ក្រុមហ៊ុន​ល្បីឈ្មោះ​កាន់​តែ​ច្រើន​ចូល​មក​បើក​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅ​កម្ពុជា​»។

រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ ​២០២៥ CDC បាន​អនុម័ត​ឱ្យ​​គម្រោង​វិនិយោគ​ ២៣១ ក្រោម​ទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ។ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​ ២០២៤ គឺ​ចំនួន​គម្រោង​វិនិយោគ​ បាន​​កើន​ឡើងចំនួន​ ១០៣ ស្មើនឹងប្រមាណ ៨០​ភាគរយ ខណៈទុនវិនិយោគកើនឡើងជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤​ភាគរយ។

កាល​ពី​ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍនន៍​កម្ពុជា បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង កើន​ឡើង ៥៤ ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន ២៦៨ គម្រោង។ ចំណែក​ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង ៤១៤ គឺ​មាន​ប្រមាណ ៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង ៤០​ភាគ​រយ ពី​ចំនួន ៤,៩២ ពាន់​លាន​ដុល្លារ៕