
លោក ជា វុទ្ធី លើកបង្ហាញសៀវភៅ«ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»ដល់គណៈប្រតិភូក្រុមហ៊ុន Yazaki និងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd។ CDC
កម្ពុជាបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Yazaki ពិនិត្យលទ្ធភាពលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស(SEZ) ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើនបន្ថែមទៀត ខណៈរយៈពេល ៤ ខែដើមឆ្នាំ ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុបជាង ៨៣២លានដុល្លារ។
សំណើនេះត្រូវបានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកឡើងក្នុងជំនួបពិភាក្សាការងារនៅទីស្តីការ CDC កាលពីថ្ងៃទី១២ ខែឧសភា ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង ប្រទេសចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិនផងដែរ។
ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានសម្តែងក្តីរីករាយចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយបន្ថែមលើនេះក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគបន្ថែមផងដែរ។ ក្នុងន័យនេះលោក ជា វុទ្ធី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនស្វែងរកទីតាំងសមស្របណាមួយសម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន ព្រមទាំងពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោកបានថ្លែងថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត»។
ប្រធានគណៈប្រតិភូ លោក Yoshimoto Ito បានសម្តែងក្តីរីករាយដែលថ្នាក់ដឹកនាំ CDC គាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានសន្យានឹងពិនិត្យលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
យោងតាម CDC ក្រុមហ៊ុន Yazaki ក៏កំពុងបណ្តាក់ទុនលើរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណជាង ១០ឆ្នាំមកហើយ និងមានវត្តមាននៅខេត្តក្វាងតុង ប្រទេសចិនប្រមាណ ៤០ឆ្នាំមកហើយ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-ខែមេសា ឆ្នាំ ២០២៥ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ៨៣២,២៩ លានដុល្លារ កើនឡើង ២៩,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំទៅជប៉ុន ៥២៣,៤៩ លានដុល្លារ កើនឡើង ១៩,៨ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជា ៣០៨,៨ លានដុល្លារ កើនឡើង ៥០,៦ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ២១៤,៦៩ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២៣១,៨១ លានដុល្លារ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែឧសភាថា តំបន់សេដ្ឋកិច្ចពិសេស ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ដោយសារវិនិយោគិនជប៉ុនមុននឹងទៅបណ្តាក់ទុននៅប្រទេសណា គឺពួកគេតែងតែធ្វើការសិក្សាយ៉ាងលម្អិត និងចូលចិត្តទៅបណ្តាក់ទុននៅកន្លែងណាដែលមានជនជាតិរបស់ខ្លួននៅទីនោះស្រាប់ ដូច្នេះបើក្រុមហ៊ុន Yazaki ដែលមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនទៅវិនិយោគនៅកន្លែងណា គឺនឹងជួយលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនដទៃទៀត ទៅវិនិយោគនៅទីនោះដែរ។
លោកបានថ្លែងថា៖«បើមានក្រុមហ៊ុន ឬវិនិយោគិនជប៉ុនមកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខ្ញុំមានជំនឿថានឹងអាចទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើនឱ្យចូលមកវិនិយោគនៅកម្ពុជា»។
លោកបន្ថែមថា ការវិនិយោគនៅកម្ពុជានឹងជួយឱ្យអ្នកវិនិយោគទទួលបានផលចំណេញច្រើន ព្រោះកម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយល្អ ច្បាប់វិនិយោគមានលក្ខណៈអំណោយផល មានហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងមានទីផ្សារនាំទំនិញទៅទីផ្សារអន្តរជាតិច្រើន។
បើតាមលោក សុខនឿន បច្ចុប្បន្នការវិនិយោគរបស់ជប៉ុននៅកម្ពុជា មានក្នុងវិស័យជាច្រើនដូចជា សំណង់ អចលនទ្រព្យ សណ្ឋាគារ ទេសចរណ៍ រោងចក្រដំឡើងយានយន្ត រោងចក្រកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ចំណីអាហារ ការដាំដុះដំណាំ គ្រឿងបង្គុំអេឡិចត្រូនិក-អគ្គិសនី និងផ្សារទំនើបជាដើម។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានក្រុមហ៊ុន/សហគ្រាសជប៉ុនចំនួន ៨៨ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ដោយកើនឡើង ២០,៥៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣៕