
លោក ស៊ីន ចាន់សិរីវុត្ថា (កណ្តាល)អំឡុងពេលចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ កន្លងមក។ សហការី
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៤ ខែឧសភា ថា កាលបរិច្ឆេទនៃការផ្ទេរ បិទ និងការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ បាន ឬមិនបាន គឺអាស្រ័យលើលទ្ធផលនៃការពិនិត្យវាយតម្លៃ និងការធ្វើសវនកម្មលើកទី២ ដែលគ្រោងប្រព្រឹត្តទៅនៅចុងខែឧសភា ឬខែមិថុនាខាងមុខនេះ។
លោកបន្តថា ចំពោះថ្ងៃទី១០ ខែកក្កដា គឺគ្រាន់តែជាផែនការដែលបានគ្រោង និងរំពឹងទុកដែលបានព្រមព្រៀងគ្នាជាមួយតួអង្គ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនាពេលកន្លងមក(មានជាអាទិ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន(ACIC) និងប្រតិបត្តិករសំខាន់ៗពាក់ព័ន្ធផ្សេងៗ)។
លោកបានថ្លែងថា៖«ចំពោះកាលបរិច្ឆេទចុងក្រោយនៃការផ្ទេរ បិទ និងការបើកឱ្យដំណើរការអាកាសយានដ្ឋានថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងធ្វើការជូនដំណឹងជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកបានបន្ថែមថា បើគ្មានអ្វីប្រែប្រួលនោះទេ អាកាសយានដ្ឋានអន្ដរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈវឌ្ឍនភាពគម្រោងនៃការសាងសង់អាកាសយានដ្ឋាននាពេលនេះស្ទើរតែរួចរាល់ទាំងស្រុងហើយ។
សូមជម្រាបបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិតេជោ មានលក្ខណះទំនើប និងមានលំហធំទូលាយ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំចុះចតបាន ក្នុងនោះមានយន្តហោះប្រភេទ Airbus A380 និង Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១៕