ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៖ ធនាគារ PPCBank និងក្រុមហ៊ុន Cam Chilbo Electric Power Co., Ltd. (Cam Chilbo) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងគំនិតផ្តួចផ្តើមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងប្រទេសកម្ពុជា។ 

កិច្ចសហការនេះគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ដើម្បីជួយប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប និងការជំរុញគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ក្រោមលក្ខខណ្ឌនៃ MoU នេះ ក្រុមហ៊ុន Cam Chilbo នឹងដឹកនាំផែនការ និងការអនុវត្តគម្រោង ថាមពលកកើតឡើងវិញ ដោយផ្តោតលើបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងជាគំរូ ដែលអាចធ្វើវាស់វែងបាន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ធនាគារ PPCBank នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយផ្តល់ជូននូវសេវាកម្មប្រឹក្សាហិរញ្ញវត្ថុ សម្របសម្រួលការវិនិយោគ និងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានសមស្រប ដើម្បីធានាការអនុវត្ត គំនិតផ្តួចផ្តើម ដែលផ្តោតលើបរិស្ថានប្រកបដោយជោគជ័យ។

លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្តនេះ ដោយលោកបានបញ្ជាក់ថា៖ «ភាពជាដៃគូនេះរួមបញ្ចូលគ្នានូវ ជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Cam Chilbo លើថាមពលស្អាត ជាមួយនឹងសមត្ថភាពហិរញ្ញវត្ថុ របស់យើង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ជាក់ស្តែង។ 


ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ធនាគារ PPCBank មានមោទនភាពក្នុងការរួមចំណែកដល់ គម្រោងថាមពលប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច នៅទូទាំងប្រទេសកម្ពុជាផងដែរ»។

លោក Park Noh Hak នាយកប្រតិបត្តិក្រុមហ៊ុន Cam Chilbo បានបន្ទរពីចក្ខុវិស័យរួមគ្នា នៃភាពជាដៃគូនេះ ដោយលោកបានបន្ថែមថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងមានគោលដៅធ្វើជាអ្នកនាំមុខគេ ក្នុងការជួយដល់ការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា។ 

ការចុះ MoU នេះ បង្ហាញឱ្យឃើញពីតួនាទីដ៏មានអានុភាព​ ដែលកិច្ចសហការពីវិស័យឯកជន អាចដើរតួក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ស្របពេលដែលវាជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ដែលគិតគូរខ្ពស់ពីបរិស្ថាន»។

ភាពជាដៃគូនេះគឺស្រដៀងគ្នាជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជាដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ដែលបង្ហាញពីផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព។ មិនតែប៉ុណ្ណោះ វាក៏បំពេញបន្ថែមនូវកិច្ចសហប្រតិបត្តិការ អាកាសធាតុក្នុងតំបន់ រវាងកម្ពុជា និងកូរ៉េខាងត្បូង ដូចដែលបានបញ្ជាក់ជាថ្មីក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូងមកកាន់ទីក្រុងភ្នំពេញនាពេលថ្មីៗនេះ។

MoU នេះ នឹងនៅតែមានប្រសិទ្ធភាពក្នុងរយៈពេល ៣ឆ្នាំដំបូង ដោយបង្កើតក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការជាបន្ត។ នៅប៉ុន្មានខែខាងមុខ ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីកំណត់ ស្វែងរក និងអនុវត្តគម្រោងរួមជាក់លាក់ រួមទាំងដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលផ្សេងទៀត ដោយផ្តោតលើការផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម ដែលអាចវាស់វែងបាន។

បន្ថែមពីលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញរបស់កម្ពុជា កិច្ចសហការនេះ ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការបង្កើតការងារ ការចូលរួមជាមួយសហគមន៍ និងការពង្រឹងជារួម នៃប្រព័ន្ធអេកូហិរញ្ញវត្ថុបៃតងរបស់ប្រទេសផងដែរ។

អំពីធនាគារ PPCBank

ធនាគារ PPCBank គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ សម្រាប់ទាំងលក្ខណៈបុគ្គល និងអាជីវកម្ម។ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើនវានុវត្តន៍ឌីជីថល និងសេវាកម្មប្រកបដោយនិរន្តរភាព ធនាគារ PPCBank ប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាប័ន្ន។

អំពីក្រុមហ៊ុន Cam Chilbo Electric Power Co., Ltd.

Cam Chilbo គឺជាក្រុមហ៊ុនថាមពលរបស់កូរ៉េខាងត្បូង ដែលគាំទ្រដល់ការលើកកម្ពស់ ដំណោះស្រាយថាមពលស្អាតនៅកម្ពុជា។

ជាមួយនឹងជំនាញដ៏ប៉ិនប្រសប់ក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល និងបច្ចេកវិទ្យាកកើតឡើងវិញ ក្រុមហ៊ុន Cam Chilbo មានគោលបំណងដឹកនាំគំនិតផ្តួចផ្តើមសកម្មភាព នៅក្នុងវិស័យថាមពលដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងកំណើនរយៈពេលវែង៕