ការ​កើន​ឡើង​នៃ​តម្លៃ​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរ​ជាតិ បាន​ជួយ​ឱ្យ​កម្ពុជា​រក​ប្រាក់​បាន​ជិត ១៥០​លាន​ដុល្លារ​​​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើកៅស៊ូ នា​​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​២០២៥ ដោយ​កើន​ជាង ១៨​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន ខណៈ​​តម្រូវ​ការ​ប្រើប្រាស់​ជ័រកៅស៊ូ​ពី​សំណាក់​ក្រុមហ៊ុន​ផលិតកង់​រថយន្ត​នៅ​ក្នុង​ស្រុក​មាន​កាន់​តែ​ច្រើន​។​

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋានកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ទើប​ផ្សព្វផ្សាយ​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ កម្ពុជា​ផលិតជ័រកៅស៊ូបាន ៨១ ៩៦២តោន ថយចុះ ៥ ១៧១តោន ឬស្មើនឹង​ ៥,៩ភាគរយ​បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ២០២៤។ ជាមួយ​គ្នា​នេះ​កម្ពុជាក៏​បាន​នាំចេញជ័រកៅស៊ូ​ចំនួន ​៧៦ ៤៦៧តោន ថយចុះ ៨ ៩៦១ តោន ឬស្មើ ១០,៥ភាគរយ​បើ​ធៀបនឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ដោយ​រក​ថវិកាបាន​ ១៤៨,១៨លាន​ដុល្លារ និង​ចំណូល​ពី​ការ​​លក់ឈើកៅស៊ូ ១ ៦៩១ ៥៥០ដុល្លារ(៦ ៩២៩ ម៉ែត្រគូប)។

ទិន្នន័យ​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខែមេសា ឆ្នាំ​២០២៥ ការ​ប្រមូល​ផល​​ជ័រកៅស៊ូសម្រេច​បាន ១៧ ៨៨២​តោន កើន ១៣ ១២៧តោន ឬស្មើ ២៧៦ភាគរយ​បើ​ធៀបនឹងខែមីនា(ឆ្នាំ​២០២៥) និងកើនឡើង ១ ៦៤២តោន ស្មើ ១០,១ភាគរយ​បើ​ធៀបនឹងខែមេសា ឆ្នាំ២០២៤។

សម្រាប់​តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូក្នុងខែមេសា ឆ្នាំ​២០២៥ គឺ ១ ៩៨៩ដុល្លារ​ក្នុង ១តោន ដោយ​ថយចុះ ៨៩ ដុល្លារ ឬស្មើ ៤,៧១ភាគរយ​បើ​ធៀបនឹងមីនា​(ឆ្នាំ​២០២៥) ប៉ុន្តែ​បានកើនឡើង ៤៥៧ដុល្លារ ឬស្មើ ២៩,៨៤ភាគរយ​បើ​ធៀបនឹងខែមេសា ឆ្នាំ២០២៤ ដែលមាន ១ ៥៣២ដុល្លារ។ ចំណែក​ឈើកៅស៊ូគិតជាមធ្យមមានតម្លៃ ២៣៣ដុល្លារក្នុងមួយម៉ែត្រគូប​។


លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun Tire Cambodia ដែល​ជា​ក្រុមហ៊ុន​ផលិតសម្បក​កង់រថយន្ត​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី១៦ ខែ​ឧសភា​ថា ​តម្លៃ​ជ័រកៅស៊ូ​នៅទីផ្សារ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ជាង ១ ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា ការ​​បើក​ដំណើរ​រោង​ចក្រ​ផលិត​សំបកកង់​រថយន្ត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​​បន្ទាប់ ក៏​ជា​ចំណែក​ជួយ​ឱ្យ​ទីផ្សារ​ជ័រកៅស៊ូ​នៅ​កម្ពុជាល្អ​ប្រសើរ​ផងដែរ​។

លោក​ប្រាប់​ទៀត​ថា សម្រាប់​ជ័រកៅស៊ូ​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ជា​មធ្យម​​ជាង ១ ៩០០​ដុល្លារ​ក្នុង​១​តោន ដែល​កើន​ឡើង​តិច​តួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ តម្លៃ​កៅស៊ូ​​​អាចនឹងកើន​ឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​។

លោក​បាន​ថ្លែង​ថា៖​«​តម្រូវ​ការ​ជ័រ​កៅស៊ូពី​សំណាក់​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ក្នុង​ស្រុក​បាន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​វា​នឹង​មានកាន់តែ​ច្រើន​នា​ពេល​ខាង​មុខ ខណៈ​បច្ចុប្បន្ន​​ទាំង​រោងចក្រ​ផលិតសំបកកង់​រថយន្ត​​កំពុង​ដំណើរការ និង​កំពុងសាងសង់​​​នៅ​កម្ពុជា គឺ​​កើន​ដល់ ៧»។

បើតាម​លោក គឹន ឧត្តមមុនីស៊ីណាត សម្រាប់​ឆ្នាំ​ ២០២៥ នេះ គ្រាន់​តែ​រោងចក្រ​របស់ក្រុមហ៊ុន Sailun គឺ​អាច​មាន​​តម្រូវ​ការ​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​​​ប្រមាណ ១០​ម៉ឺនតោន ខណៈ​រោង​ចក្រ​ផ្សេង​ៗ​ទៀតអាចនឹងមាន​តម្រូវ​ការប្រហែល ១០ ម៉ឺនតោន​ផងដែរ​។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​បានន​នាំចេញ​ផលិតផល​ជ័រកៅស៊ូ និង​ឈើកៅស៊ូ មានទឹក​ប្រាក់សរុប ៦៧១,៦៨ លានដុល្លារ កើនឡើង ៣៦,៤៨ ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ ២០២៣។

ប្រាក់​ចំណូល​ដែល​ទទួល​បានខាងលើ គឺ​​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ៦៦៦,២៥ លាន​ដុល្លារ និង​ចំណូល​ពី​ការ​នាំចេញ​ឈើកៅស៊ូ ៥,៤ លាន​ដុល្លារ​។​

សម្រាប់​តម្លៃ​ជា​មធ្យម​របស់​​ជ័រកៅស៊ូ​​នៅ​​​ទីផ្សារ​អន្តរជាតិ ក្នុង​ឆ្នាំ២០២៤ គឺ​ ១ ៩៧១ ​ដុល្លារក្នុង ១​តោន កើន​ឡើង​ ៦៣៤ ដុល្លារ​ក្នុង​ ១តោន ឬស្មើនឹង ៤៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣។​

យោង​តាម​អគ្គ​នាយក​ដ្ឋាន​កៅស៊ូ គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤ នៅ​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន ៤២៥ ៤៤៣ហិកតា កើនឡើង​ពី​ ៤០៧ ១៧២​ហិកតា កាល​ពី​ឆ្នាំ ២០២៣។

ក្នុង​នោះ​ផ្ទៃដីកៅស៊ូចៀរជ័រ មាន​​ចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៧,៦៣ ​ភាគរយ​​នៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ១៨៤ហិកតា ស្មើនឹង ២២,៣៧ភាគរយ៕