ភ្នំពេញៈ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមាន ​ពី​កិច្ច​ចរ​ចាទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិក លើបញ្ហា​ដំឡើងអត្រាពន្ធ បើទោះបីជាគ្មាន​ប្រទេ​ស​ណា​មួយអាច​ទាយ​ទុកជាមុ​ន នូវលទ្ធផល ពីសង្រ្គាមពាណិជ្ជកម្មពិភពលោកនេះក៏ដោយ។

នេះជាការថ្លែងរបស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា នាថ្ងៃចន្ទ ទី១៩ ខែឧសភា ក្នុង​វេទិ​កាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» ក្រោមការ​ដឹក​នាំ​​របស់ លោកនា​យក​រ​ដ្ឋ​ម​ន្ត្រីហ៊ុន ម៉ាណែត។

លោកបានលើកឡើងថា កម្ពុជាបាននឹងកំពុងតែមាន​ចំណាត់​ការ​ឆ្លើយ​ត​បយ៉ាង​ល្អ​ទៅ​នឹង«​ព្យុះ​នៃ​សង្គ្រា​ម​ពាណិ​ជ្ជក​ម្ម​ដ៏​ក្តៅ​គគុក»នេះ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២ មេសាកន្លងមក បាន​ប្រ​កាស​ដាក់​ព​ន្ធ​បដិ​ការ(Tariffs) ទៅលើប្រទេសជាង១៨០ ក្នុងពិភពលោក។  ក្នុងនោះក៏មានទាំងកម្ពុជាផងដែរ។​ អត្រា​ពន្ធនេះ​ត្រូវ​បាន​​កំណត់ ដោយយោងតាមកម្រិត នៃឱនភាពពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក​ និងប្រទេសនីមួយៗ ដោយគ្មាន​មូល​​ហេ​តុផ្សេ​ង ​ដូចមតិមួយចំនួនបានលើកឡើងនោះទេ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល


ព្រឹត្តិការណ៍នេះបានធ្វើឱ្យពិភពលោកទាំងមូលជួបភាពច្របូកច្របល់យ៉ាងខ្លាំង ហើយរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែលដឹក​នាំ​ដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហានេះជា «រឿងអាទិភាព ដែល​ត្រូវ​ដោះស្រា​យ​ជាប​ន្ទាន់​»។ ក្នុងនោះ ភ្លាមៗ​ក្រោយពីការប្រកាសអត្រាពន្ធបដិការនោះ ប្រមុខរដ្ឋាភិបាល ក៏បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោកដូណល់ ត្រាំ​ ដោយបង្ហាញ​ការប្តេជ្ញាចិត្ត ​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​កិច្ច​សន្ទនា​ប្រកប​ដោ​យការ​ស្ថាបនា​និង​ផលិតភាពជាមួយសហរដ្ឋអាមេរិក។

បន្ថែមពីនោះ រាជរដ្ឋាភិបាល​ក៏បា​នប​ង្ហាញ​ឆន្ទៈ​សម្របសម្រួល ​រួចជា​ស្រេច​តាម​រយៈ​ការ​បញ្ចុះ​អត្រា​ពន្ធ​គយ​ភ្លាម​ៗ​ពី​៣៥ភាគរយ មកត្រឹមតែ៥ភាគប៉ុណ្ណោះ សម្រាប់ផលិតផលចំនួន១៩ ប្រភេទរបស់កម្ពុជា។

ចំណែក រដ្ឋ​មន្ត្រី​ក្រសួង​ពា​ណិជ្ជ​កម្ម លោកស្រីចម និម្មល ក៏បានសរសេរលិខិតមួយច្បាប់ដែរ ផ្ញើទៅកាន់ តំណាង​ពាណិជ្ជ​កម្ម​អាមេ​រិ​ក​ ដើម្បី​ប​ញ្ជាក់​​ពីជំហរ​ និងការប្តេជ្ញាចិត្ត​របស់​ក្រសួង ក្នុងការសម្របសម្រួលពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។

ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានចាត់វិធានការចាំបាច់មួយចំនួន ដើម្បី​ការពារការក្លែងបន្លំ​ដើម​កំណើត​ទំនិញ​ជា​ដើម​។ ដើម្បីត្រៀមខ្លួនពិភាក្សាជាមួយភាគីអាមេរិក ប្រមុខរដ្ឋាភិបាល ក៏បានបង្កើត​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​មួយ​​ ដែលដឹក​នាំ​ដោយ​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រីរដ្ឋមន្រ្តី​ ចម និម្មល។

ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងជាច្រើនលើកដើម្បីត្រៀមលក្ខណៈសម្រាប់ការចរចា ក្រុមការងារចំពោះកិច្ចក៏បាន​ប្រជុំតាម​ប្រ​ព័ន្ធអនឡាញចំនួន២ដងជាមួយភាគីអាមេរិក ដើម្បីពិភាក្សា​ និង​សម្រប​សម្រួល​ឆ្ពោះ​ទៅ​ការ​ច​រ​ចាទល់​មុខ​គ្នា​នៅទី​ក្រុ​ង​វ៉ា​ស៊ី​នតោន។ ទីបំផុត កិច្ចចរចាទល់មុខគ្នាជុំទី១បានប្រព្រឹត្តទៅតាមការគ្រោងទុក កាលពីពាក់​កណ្តាល​ខែ​ឧសភា​នេះ ដោយ​ភាគីទាំង២បានពិភាក្សាគ្នា ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំ​នង​ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

កិច្ចចរចាទល់មុខគ្នាជុំទី២ គ្រោងនឹងបន្តធ្វើនៅដើមខែមិថុនាខាងមុខនេះ។​ ភា​គីទាំង២ក៏បានពិភាក្សាគ្នា យ៉ាងស៊ីជម្រៅ លើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ស្តីពី «កម្ពុជាឈរកាន់តែរឹងមាំ ក្នុងឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល

លោកបញ្ជាក់ថា៖«ខ្ញុំបានឃើញមនុស្សមួយចំនួន ដែលមានគំនិតអគតិចំពោះជាតិខ្លួនឯង ខំនិយាយដោយបំភាន់ ដើ​ម្បី​បន្ទោសរាជរដ្ឋាភិបាល នៅពេលដែលការចរចាមិនទាន់បានលទ្ធផលសម្រេច។ ការ​ចរ​ចា​ពាណិ​ជ្ជ​កម្ម​ត្រូ​វកា​រពេ​ល​វេលា។ មិនអាចទៅជួបគ្នាម្តងសម្រេចបានទេ។ គ្រប់​ប្រទេស​ទាំង​អស់​ដែល​បាន​ចរ​ចា​ជាមួ​យស​ហរ​ដ្ឋអា​មេ​រិក​ពី​រឿ​ង​អត្រាពន្ធនេះ នៅមិនទាន់មានប្រទេសណាសម្រេចបានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ ក្រៅពីចិន ដោយ​ត្រូវ​ជួ​បគ្នា​ច្រើន​លើកទៀត។ មិនមែនតែកម្ពុជាទេ សូមបញ្ជាក់ដើម្បីកុំឱ្យមានការបំភាន់»។

លោកបានឱ្យដឹងថា មុនពេលគណៈប្រតិភូចេញដំណើរទៅចរចានៅវ៉ាស៊ីនតោន ប្រមុខរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំ មួយ ដោយបានពិភាក្សាយ៉ាងលម្អិត និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និង​បាន​រៀប​ចំគ្រប់​សេណារី​យោទាំងអស់​សម្រាប់​ក្រុម​កា​រងា​រចរចា។ រីឯសមាសភាព នៃគណៈប្រតិភូ ដែលត្រូវធ្វើដំណើរទៅចរចាទៀត​សោត ក៏​ត្រូវ​បាន​សម្រិ​តស​ម្រាំង និងមានគ្រប់ជំនាញពាក់ព័ន្ធ ដើម្បីត្រៀមឆ្លើយតប ឬបំភ្លឺជូនភាគីអាមេរិក។

លោកបានលើកឡើងថា ការដាក់អត្រាពន្ធបដិការ ដែលធ្វើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំនេះ គឺ​ដោយ​​សារ​តែសហ​រដ្ឋអាមេរិក​ចង់​ស្វែង​រក​តុល្យភាព​នៃ​ជញ្ជី​ង​ពាណិជ្ជ​កម្ម ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់​ ដែល​រក​ស៊ី​ជា​មួយ​អា​មេ​រិ​ក។ នេះបានធ្វើឱ្យទម្លាប់ នៃការធ្វើពាណិជ្ជកម្មពីមុនបានផ្លាស់ប្តូរ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​គ្រ​ប់​ប្រ​ទេស​ទាំងជាង ១៨០ គឺមិនមែនតែកម្ពុជានោះទេ។

លោកគូសបញ្ជាក់ថា៖«មានអ្នកខ្លះនិយាយហាក់ដូចជា មានតែកម្ពុជា។ អត់ទេ នេះគឺជាបញ្ហាទូទាំងពិភពលោក។ ដូ​ច្នេះ គ្រប់​ប្រទេស​ត្រូវ​ស្វះ​ស្វែង​រ​កដំណោះ​ស្រាយ​រៀងៗ​ខ្លួន​ ដើម្បី​បញ្ចៀស​ ឬកាត់​បន្ថយ​ផល​ប៉ះ​ពាល់​មក​លើ​សេដ្ឋ​កិច្ច​ ក្នុងនោះក៏មានកម្ពុជាដែរ»។

លោកថ្លែងបន្តដូច្នេះថា៖« លទ្ធផលចុងក្រោយយ៉ាងណានោះ គ្មានប្រទេសណាអាចទាយមុនបានទេ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​អាចបញ្ជាក់ជូនបានគឺ រាជរដ្ឋាភិបាលបានខិតខំ និងបានត្រៀមគ្រប់លទ្ធភាពដើម្បីធ្វើកិច្ចការងារនេះឱ្យបានល្អបំផុត។ ស​ម្តេចធិបតីមានភាពវាងវៃ ប៉ិនប្រសប់ និងល្អិតល្អន់ក្នុងការដោះស្រាយប្រកបដោយភាពទន់ភ្លន់និងបត់បែន។ យើង​សង្ឃឹមថា លទ្ធផលជាវិជ្ជមាននឹងកើតមានឡើង។ ដូច្នេះ សូមបងប្អូន​យើងជ្រាបនិង​ជឿទុកចិត្តលើ​រាជរដ្ឋាភិបាល​និង​ចូល​រួមទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍ជាតិយើង»។

ចំណែកឯ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកតាន់ ហ្សង់ហ្វ្រង់ស័រ ក៏បានលើកឡើងពីសមិទ្ធផលពិសេសៗ​ នៃ​ការ​ទូតកម្ពុជា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ដែល​មាន​លក្ខណៈដ៏សកម្ម និងមមាញឹកខ្លាំង ជាងប្រក្រតី។ ព្រឹត្តិ​ការណ៍​សំខាន់ៗ​ទាំងនោះ គឺសុទ្ធសឹង ជាសកម្មភាពទូត ដែល​ឈានទៅរក ការពង្រឹង និងពង្រីកមិត្តភាព, ការ​លើក​កម្ពស់​និង​ការរក្សាសន្តិភាពនៅជុំវិញប្រទេសកម្ពុជា និង​ក្នុង​តំបន់​។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាតិ លោកតាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងពីសមិទ្ធផលសំខាន់ៗ នៃការទូតកម្ពុជា ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ រូបថត ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល

ក្នុងនោះមាន ទស្សន​កិច្ច​របស់​ ប្រធានព្រឹទ្ធសភា លោក​ហ៊ុន សែន នៅប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ និងទ​ស្ស​ន​កិច្ចរបស់ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅ​ប្រ​ទេស​ហ្វី​លី​ពីន។ ក្រៅពីនោះ មាន​កិច្ច​ពិភា​ក្សាមួ​យចំ​នួន​តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ រវាងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី, នាយ​ករ​ដ្ឋ​មន្ត្រីសិង្ហបុរី និង​នាយករដ្ឋមន្ត្រីអូស្ត្រាលីជាដើម។

បន្ថែមពីនេះ លោកក៏បានរំលឹក ពីព្រឹត្តិការណ៍២ធំៗ គឺទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា និង​​ទស្សន​កិច្ច​នៅកម្ពុជា របស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ។

លោកបានមើលឃើញថា៖«សកម្មភាពទូត តម្រង់ព្រមគ្នាទៅរកទិសដៅ៣។ គឺទី១ គឺការពង្រឹង និងពង្រីកមិត្តភាព, ទី២គឺ ការផ្តល់សន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីវិបុលភាពរួម និងផលប្រយោជន៍ចែករំលែកគ្នាទៅ វិញ​ទៅ​មក​រ​វាងប្រទេសយើង, កម្ពុជា និង បណ្តាប្រទេសដៃគូរបស់យើង និងទី៣ គឺការរក្សា និងលើកកម្ពស់សន្តិភាព នៅ​ជុំវិ​ញ​ប្រទេសកម្ពុជាយើង និងនៅក្នុងតំបន់»។

លោកតាន់ ហ្សង់ហ្វ្រង់ស័រ ក៏មិនភ្លេចលើកឡើងពី លទ្ធផល នៃការបន្តអនុវត្តការទូតសេដ្ឋកិច្ច ដ៏សកម្មរបស់កម្ពុជា។ ក្នុង​នោះ ចាប់ពីខែកុម្ភៈ ដល់ខែមេសា, កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១៦៣ និង ទទួល​បាន​ទុន​វិនិយោ​គ សរុប​ប្រមាណជាង២ពាន់លានដុល្លារ ដែលមានកំណើន ១១,១៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ​លើស​​​ពីនោះ គិតក្នុងរយៈពេល៣ខែចុងក្រោយដូចគ្នានេះ (កុម្ភៈ មីនា និង មេសា) ពាណិជ្ជកម្មកម្ពុជា មាន​ទំហំ​សរុ​បប្រ​មាណ​ជា​ង ១៤ពាន់លានដុល្លារ ដែលមានកំណើន ១៤,១៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

លោកប៉ែន បូណាក៏បានថ្លែងដែរថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ បើ​ទោះបីជាសេដ្ឋកិច្ចពិភពលោក មានភាពរប៉ាក់រប៉ើក មិននឹងនរ ដោយសារតែផលវិបាក នៃជំងឺកូវីដ១៩ ដែល​មិនទាន់ចប់ សង្រ្គាមប្រដាប់អាវុធ និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែកើតឡើងក៏ដោយ។

សុខសន្តិភាពស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាកត្តាចំបងបំផុត នៅក្នុងការធានា​ប្រក្រតី​ភាព​សង្គម ហើយនឹងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ការលើកឡើង​ម្តង​ហើយ​ម្តង​ទៀត​ពីសុខ​សន្តិ​ភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនេះ ពីព្រោះវាជា​សូចនាករដ៍​សំខាន់ សម្រាប់វាស់ស្ទង់ អំពី​ស្ថាន​​ភាពសុខភាពរបស់រាជរដ្ឋាភិបាល ជាពិសេស សុខភាពសេដ្ឋកិច្ច និង​សុខ​មាល​ភាពសង្គម។

លោកថ្លែងដូច្នេះថា៖«អ៊ីចឹងលទ្ធផលបែបនេះមិនមែនកើតឡើងដោយឯកឯងទេ។ ពិភពលោកបច្ចុប្បន្ននេះ ច្រ​បូក​ច្របល់ណាស់។ ណាមួយសង្រ្គាមប្រដាប់អាវុធ ណាមួយសង្រ្គាមពាណិជ្ជកម្ម គ្រោះធម្មជាតិកាន់តែ​កាច​សាហាវឡើង ប៉ុន្តែ​អាចចាត់ទុកថាជាភ័ព្វសំណាងណាស់សម្រាប់កម្ពុជាយើង ដែលមានទាំងសន្តិភាព ស្ថិរ​ភាពនយោបាយ និ​ងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះគឺជាសិល្បៈនៃការគ្រប់គ្រង ដឹកនាំ ចាត់ចែង ដោយ​ភាព​ប៉ិន​ប្រសប់  របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលលោកប្រើប្រាស់​ជំនាញខ្ពស់​ណាស់​ក្នុង​ការ​គ្រប់​គ្រងនេះ»៕