តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ក្រុម​វិនិយោគិនជាតិ និង​អន្តរជាតិ​​​​ឱ្យ​មក​​បើកដំណើរ​ការ​រោងចក្រ/សហគ្រាស​នៅ​កម្ពុជា ជាក់ស្តែង​ក្នុង​ត្រីមាសទី ១ ឆ្នាំ២០២៥ ការ​នាំទំនិញ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (PPSP) មាន​ទឹក​ប្រាក់​សរុប​ជាង ៤៣០ លាន​ដុល្លារ​ កើនឡើងជិត ១០ភាគរយ​បើធៀបនឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់ PPSP ដែលជាអ្នកអភិវឌ្ឍ​ន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា-​​ខែ​មីនា ឆ្នាំ​២០២៥ ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ៤៣១​លានដុល្លារ កើនឡើង ៨,៦​ភាគរយ​​បើធៀបនឹង ៣៩៧​លានដុល្លារ ​កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ២០២៤។

ដោយ​ឡែក​គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៥ តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ ​មាន​បុគ្គលិកកម្មករកំពុង​បម្រើការ​ចំនួន ៥០ ៧៤៦​នាក់ ​ក្នុង​នោះ​​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​បុគ្គលិកកម្មករ ៤៨ ៧៣០នាក់ និង​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល មាន​បុគ្គលិក​កម្មករ ២ ០១៦នាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា សមិទ្ធិផលដ៏ធំធេងនេះបានបង្ហាញពី​ការរីកចម្រើន​ដ៏ខ្លាំង​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ ​ក្នុងនាមជា​គោលដៅ​វិនិយោគឈានមុខគេនៅកម្ពុជា។ នាពេលបច្ចុប្បន្ន​តំបន់សេដ្ឋកិច្ច​ពិសេស​ទាំង ២ ​ទទួល​បាន​ការ​វិនិយោគពីសំណាក់ក្រុមហ៊ុន​ចំនួន​ ១១៧ មកពី ១៤ ប្រទេសជុំវិញពិភពលោក​ ដែល​បានពាំនាំនូវការវិនិយោគ​លើ​វិស័យ​ផលិត​កម្ម មានដូចជា រោងចក្រ​ដំឡើងរថយន្ត និងផលិតគ្រឿង​បន្លាស់នានា គ្រឿងអគ្គិសនី អេឡិចត្រូនិក សម្លៀកបំពាក់ ចំណី​អាហារ​និងភេសជ្ជៈ និងឧបករណ៍សម្ភារប្រើប្រាស់ក្នុងផ្ទះ ជាដើម។


លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន PPSP បាន​និយាយ​ថា តំបន់សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​ Royal Group កំពុង​ក្លាយ​ជា​​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​មួយនៃការបង្កើត​ឱកាសការងារ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ក្នុង​នាម​ជា​​អ្នក​អភិវឌ្ឍ​តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន​តែងមានការតាំងចិត្ត​ដ៏​មោះ​មុត​​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​​ដែល​មាន​គុណភាព​ខ្ពស់​ជូន​ដល់​ភ្ញៀវវិនិយោគ និងបន្តខិតខំ​ចូលរួមចំណែក​ក្នុង​ការបង្កើត​ឱកាស​ការងារ​​កាន់​តែ​ច្រើន​ថែម​ទៀតជូនដល់ប្រជាជនខ្មែរ។ ទាំង​អស់​នេះ​គឺជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់ និងជា​ប្រភពនៃកម្លាំងចិត្ត និង​មោទន​ភាព​របស់ក្រុមហ៊ុន Royal Group។

លោក​ថ្លែង​ថា៖​«​តួលេខទាំងអស់នេះ​ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ ​លើ​ឆាក​អន្តរជាតិ និង​ការប្រមូល​ផ្តុំ​នូវ​ចំណេះ​ជំនាញ​ពី​គ្រប់​ទិសទី​ចូលរួមចំណែកដល់ការអភិវឌ្ឍ​របស់តំបន់សេដ្ឋកិច្ច​ពិសេស​ទាំង​ ២ ​នេះផងដែរ»។

ទាក់​ទង​នឹង​ចំនួន​បុគ្គលិក និងកម្មករ​កំពុង​បម្រើការ លោក UEMATSU Hiroshi បានលើក​ឡើង​ថា ជា​មួយ​នឹង​បុគ្គលិក​កម្មករ​កំពុង​បម្រើការ​ជាង ៥ ម៉ឺននាក់​ ក៏​មាន​បុគ្គលិក​ជំនាញ​ជាជនជាតិបរទេសចំនួន​ ៨០២រូប ផ្សេងទៀត​ដែល​មក​ពី​បណ្តា​ប្រទេស​ចំនួន ១៣ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២​​។ ភាគ​ច្រើន​នៃ​អ្នក​ជំនាញ​បរទេស​គឺ​ជា​ជន​ជាតិ​ចិន, ជប៉ុន, វៀតណាម, ថៃ និង​ និងម៉ាឡេស៊ី។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​​ទាំង ២ របស់​ក្រុមហ៊ុន Royal Group កំពុង​ដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា​​។ មាន​កត្តា​ជា​ច្រើន​ដែល​ជួយ​ឱ្យ​ការ​បណ្តាក់​ទុន និង​ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២ កើន​ឡើង ដែល​មាន​ដូច​ជា ភូមិសាស្រ្ត​ស្ថិត​នៅ​ទីប្រជុំជន ​ភាព​ងាយ​ស្រួល​ដឹក​ជញ្ជូន​ទៅ​​កំពង់ផែ និង​មាន​ប្រព័ន្ធគ្រប់គ្រង​ល្អ​ប្រសើរ​ ជាដើម​។ តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​ការ​នាំទំនិញ​​ចេញ​របស់​កម្ពុជា​។​

លោក​បន្ថែម​ថា៖​«​ការ​វិនិយោគ​​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​សម្រាប់​អ្នក​វិនិយោគទាំង​ប្រព័ន្ធ​ដឹក​ជញ្ជូន បែបបទនៃ​លិខិត​ស្នាមនាំចេញ-នាំចូល​ទំនិញ​ និង​អាច​ទទួល​បាន​ការ​លើក​ទឹក​ចិត្តមួយចំនួន​ផងដែរ»។​

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​​ឆ្នាំ ២០២៤ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេ​ស​សរុប​ចំនួន ៣០ ដែល​មាន​រោងចក្រ​កំពុង​ដំណើរការ។ ចំនួន​នេះគឺ​​កើន​ឡើងចំនួន ៤ ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣​។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៣០ ​គឺ​មាន​ទីតាំង​​​នៅ​​ ១២ រាជធានី-ខេត្ត ដោយ​ ៩ ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង, ៥ ក្នុង​​ខេត្ត​ព្រះសីហនុ, ៣ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កោះកុង និង​កណ្តាល, និង​ចំនួន ១ ​នៅក្នុង​រាជធានី​​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ក្រចេះ កំពត កំពង់​ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកំពង់ចាម។

ចំនួន​តំបន់​សេកិច្ច​ពិសេស​ដែល​មាន​ប្រតិបត្តិការ គឺ​​កើន​ឡើង​ពី​​ចំនួន ២១ ក្នុង​ឆ្នាំ ២០២០ ដល់​ចំនួន​ ២៣ ក្នុង​ឆ្នាំ ២០២១ និង​ ២៥ ក្នុង​ឆ្នាំ ២០២២ ព្រម​ទាំង​ចំនួន ២៦ ​ក្នុង​ឆ្នាំ ២០២៣៕​