
រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅខេត្តកំពង់ស្ពឺ។ STPM
សមត្ថភាពនៃការផលិតស៊ីម៉ងត៍នៅកម្ពុជាបានកើនដល់ប្រមាណ ១១លានតោនក្នុង ១ឆ្នាំ បន្ទាប់ពីរោងចក្រផលិតស៊ីម៉ងត៍ទី ៦ នៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) ក្នុងទឹកប្រាក់ប្រមាណ ២៥០លានដុល្លារប្រកាសបើកដំណើរការជាផ្លូវនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។
រោងចក្រនេះមានទីតាំងស្ថិតនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានសមត្ថភាពផលិតកម្មស៊ីម៉ងត៍បាន ២,២ លានតោនក្នុង ១ ឆ្នាំ និងអាចបង្កើតការងារដោយផ្ទាល់ និងប្រយោលជាង ១០០០ កន្លែង។ រោងចក្រនេះ គឺជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនចិន ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រចាំថ្ងៃទៅលើការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម ការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ កាលពីជាង ១ ទសវត្សមុន កម្ពុជាបាននាំចូលស៊ីម៉ងត៍ស្ទើរទាំងស្រុងពីប្រទេសជិតខាង ដូចជា ថៃ វៀតណាម និងចិន ជាដើម។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) Conch បានសម្តែងក្តីរីករាយ និងមោទនភាពចំពោះការសម្រេចបាននូវរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀតនៅកម្ពុជាដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ខនស៍ អ៊ិនធឺណេសូណល ហូលឌិង និងហ៊ុន ខនស៍ ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយនឹងទុនសរុប ២៥០លានដុល្លារ។
ជាមួយគ្នានេះលោកក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ឱ្យខិតខំពង្រីកការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយលោកលើកឡើងថា ការវិនិយោគលើរោងចក្រ/សហគ្រាសផលិតក្នុងស្រុកកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាសញ្ញានៃការជំរុញល្បឿននៃការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន។ លោកបន្តថា រដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះរាល់គម្រោងវិនិយោគ ជាពិសេសគម្រោងវិនិយោគដែលជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់វិនិយោគិនសូមជ្រើសរើសយកកម្ពុជាធ្វើជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច»។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសហគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ត្រូវខិតខំស្វែងរកទីផ្សារដើម្បីជំរុញការចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។
អគ្គនាយកក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក លោក លី ឈាងហ្វុង បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ងត៍ ខនស៍ គ្រុប គឺសហគ្រាសឧស្សាហកម្មឈានមុខគេមួយនៅក្នុងវិស័យឧស្សាហកម្មសំណង់ ដែលប្រកាន់ខ្ជាប់នូវទស្សនៈបង្កើតទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាតិសម្រាប់ពេលអនាគត និងបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ ជួយជំរុញការអភិវឌ្ឍជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បង្កើតខ្សែក្រវាត់បៃតង ព្រមទាំងពន្លឺនៃវិស័យឧស្សាហកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងជំរុញវិស័យអចលនទ្រព្យ ជាដើម។
លោកនិយាយថា៖«រោងចក្រផលិតស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ជាគម្រោងរោងចក្រខ្នាតធំទី ២ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាស ខនស៍ គ្រុប និងសហគ្រាស ខេធី បាស៊ីហ្វិក គ្រុប ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីគម្រោងរោងចក្រស៊ីម៉ងតិ៍ខ្នាតធំទី១ គឺគម្រោងរោងចក្រផលិតស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន ដែលបានសម្ពោធដំណើរការផលិតស៊ីម៉ងត៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨»។
បើយោងតាមលោក ឈាងហ្វុង មកទល់ពេលនេះ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន បានបណ្តាក់ទុនប្រមាណ ៤៨០លានដុល្លារនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតឱកាសការងារផ្ទាល់ប្រមាណ ១ពាន់កន្លែង និងប្រយោលប្រមាណ ៣ ពាន់កន្លែង។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា ពាក់ព័ន្ធនឹងផលិតផលស៊ីម៉ងត៍នៅកម្ពុជា គឺគិតមកទល់ឆ្នាំ២០២៥ នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ ដែលបានបោះទុនវិនិយោគសរុប ១ ១១១ លានដុល្លារ និងផ្តល់ការងារបានប្រហែល ៣ពាន់កន្លែង។ រោងចក្រទាំង ៦ សមត្ថភាពផលិតបាន ១១ លានតោនក្នុង១ឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយ ទៅជាប្រទេសដែលមានការផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ទាំងស្រុងដោយខ្លួនឯង ហើយចាប់ផ្តើមនាំចេញទៅកាន់ប្រទេសថៃ ក្នុងបរិមាណ ៣ម៉ឺនតោនក្នុងឆ្នាំ២០២៤ កន្លងមក។
អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) លោក ពុត ចន្តារិទ្ធ ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែធ្នូ ឆ្នាំ២០២៤ ថា ចាប់ពីចំណុចសូន្យដោយពឹងផ្អែកទាំងស្រុងលើការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស គឺនៅចុងឆ្នាំ២០២៤ រោងចក្រផលិតផលស៊ីម៉ងត៍នៅកម្ពុជា អាចមានសមត្ថភាពផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុកបានប្រហែល ៩០ភាគរយនៃត្រូវការប្រើប្រាស់ប្រចាំឆ្នាំ៕