កំណើន​នៃ​សកម្ម​ភាព​​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា ​​ជួយ​ឱ្យ​រដ្ឋាភិបាល​​ប្រមូល​ចំណូល​មិន​មែន​សារពើពន្ធ​ពី​​វិស័យ​រ៉ែបានជិត ១០០​​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២៤ ដោយកើន​ឡើង​ ៧៩​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ នេះ​បើ​យោងតាម​ថ្នាក់​ដឹក​នាំ​ក្រសួង​រ៉ែ និង​ថាម​ពល។

នៅ​ក្នុង​ពិធី​សម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍​តម្លៃ​ ២៥០​លាន​ដុល្លារ​​របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន ដែល​ស្ថិត​នៅ​​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី២០ ខែឧសភា នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែង​ថា កត្តាសុខសន្តិភាពបាន​ផ្តល់​នូវ​បរិយា​កាស​ដ៏​ល្អ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ រួម​ទាំង​វិស័យ​រ៉ែ​ផងដែរ​។

ទោះបី​វិស័យ​រ៉ែ​​នៅ​កម្ពុជាមាន​អាយុ​នៅ​ក្មេងខ្ចី​ ក៏កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យនេះ​បាន​យ៉ាង​ល្អ តាមរយៈការទាក់ទាញវិនិយោគិនជាតិ និង​អន្តរជាតិ​ឱ្យ​វិនិយោគ​លើ​វិស័យ​នេះ​បាន​កាន់​តែ​ច្រើន​ និងបានបង្កើតប្រភពចំណូលថ្មីបន្ថែមគួរឱ្យកត់សម្គាល់​សម្រាប់​រដ្ឋាភិបាល​។ លោក​បន្ត​ថា ជាក់ស្តែង បច្ចុប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន​សម្រាប់ផលិត និង​ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ​ផលិតផលរ៉ែទៅក្រៅប្រទេស។

លោក​​បញ្ជាក់​ថា៖​«​នៅឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋ បានប្រមាណជិត ១០០លាន​​ដុល្លារ ហើយ​មាន​ការ​កើនឡើងប្រមាណ ៧៩ភាគរយ​​ធៀបនឹងឆ្នាំ២០២៣»។


លោកលើក​ឡើង​ទៀត​ថា សម្រាប់​​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​ទីតាំង​នៃ​រោងចក្រ​ផលិតស៊ីម៉ងត៍​របស់​ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន ​នេះ គឺ​ការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ កាល​ពី​ឆ្នាំ២០២៤ បាន​ប្រមាណ​​ជាង៥ លានដុល្លារ និង​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ បាន​ប្រមាណ ១ លានដុល្លារ​ ដោយ​ផ្តល់ការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់​ប្រមាណ ១ ៩០០នាក់​ពីការដ្ឋានរ៉ែចំនួន ៧៤។

ឯកសារ​ច្បាប់​ថវិកាឆ្នាំ​២០២៥ បាន​កំណត់​ឱ្យ​​រដ្ឋាភិបាលកម្ពុជា​​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិ​ចំនួន ៣១ ៥៩៨ប៊ីលាន​រៀល(ប្រហែល ៧,៩​ពាន់លាន​ដុល្លារ) ក្នុង​នោះ​ចំណូល​សារពើពន្ធ ២៦ ៤១៨ប៊ីលាន​រៀល(៦,៦​ពាន់​លាន​ដុល្លារ) ចំណូល​​​មិន​មែនសារពើពន្ធ ៣ ៩៧១ ប៊ីលានរៀល​(៩៩២,៧៥លាន​ដុល្លារ) និង​ចំណូល​ផ្សេងៗ​ចំនួន ១ ២០៩ ប៊ីលាន​រៀល(៣០២,២៥​លាន​ដុល្លារ)។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ថា ​ចំណូល​មិន​មែន​សារពើពន្ធ​ពី​​វិស័យ​រ៉ែ​ កើន​ឡើង​គឺ​បញ្ជាក់​ថា សកម្ម​ភាព​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​កំពុង​កើន​ឡើងទាំង​ចំនួន​ទីតាំង និង​ផល​ដែល​ក្រុមហ៊ុន​វិនិយោគ​ទទួល​បាន។ ការ​រុករក និង​ធ្វើ​អាជីវកម្ម​ដោយ​គោរពតាម​គោលការណ៍​​ច្បាប់​ដែល​​បានកំណត់ នឹង​នាំមក​ចូល​ចំណូល​ប្រកប​ដោយ​និរន្តរភាព។ លោក​បន្ត​ថា នៅ​ពេល​ចំណូល​កើន​ឡើង វា​នឹង​ផ្តល់​លទ្ធភាព​កាន់​តែ​ច្រើន​សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ចំណាយ​លើ​ការ​វិនិយោគ​សាធារណៈ និង​ការ​អភិវឌ្ឍផ្សេងៗ​ដូច​ជា ធនធានមនុស្ស សុខាភិបាល និង​បច្ចេក​វិទ្យា ជា​ដើម។

លោក​បាន​បន្ត​ថា៖​«​រដ្ឋាភិបាល​អាច​នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ច្រើន​ថែម​ទៀត​ ប្រសិន​បើ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រភេទ​អាជីវកម្មកាន់​តែមាន​ភាព​ច្បាស់​លាស់ និង​តម្លាភាព​»៕