យ៉ាង​ហោច​មាន​ជំនួប​​ពិភាក្សា​ចំនួន ៦ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ភាគី​កម្ពុជាដែល​ដឹក​នាំ​ដោយ​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ជា​មួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​រដ្ឋាភិបាល និង​រដ្ឋសភា​​អាមេរិក កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ពិភាក្សា​​អំពី​សក្តានុពល​នៃ​ការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។

ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល កាល​ពី​សប្តាហ៍​មុន បាន​ដឹក​នាំ​ក្រុមការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​កម្ពុជា-​សហរដ្ឋ​អាមេរិក ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ចរចា​ជុំ​ទី​១ លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជាមួយ​ភាគី​សហរដ្ឋ​អាមេរិក ដែល​ដឹក​នាំ​ដោយ​លោកស្រី Sarah Ellerman អនុប្រធានតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ចាប់​ពី​ថ្ងៃ​ទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០២៥។​

គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី ជា​ពិសេស​​ការ​ពិភាក្សា​ពី​អត្រាពន្ធ​នាំចូល​ទំនិញ​រវាង​ប្រទេសទាំង ២ ដែល​រដ្ឋាភិបាល​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា(ម៉ោង​នៅ​សហរដ្ឋអាមេរិក) បាន​គ្រោង​យក​ពន្ធ​ពី​ទំនិញនាំ​ចូល​ពី​កម្ពុជា ក្នុង​អត្រា ៤៩​ភាគរយ។​​​

បណ្តាញ​​សង្គម​ផ្លូវ​ការ​របស់​លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​កិច្ច​​ប្រជុំ​ជាមួយ​លោក​ស្រី Sarah Ellerman ក្រុមការ​ងារ​តំណាង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​ការ​ងារដាច់​ដោយ​ឡែក ចំនួន ៦ផ្សេង​ទៀត ​​​ជាមួយថ្នាក់​ដឹក​នាំ​​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ដូច​ជា លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, លោក Ted Osius ប្រធាន និងជា​នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន​(US-ABC), លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក, លោក Adam Smith សមាជិកសភាសហរដ្ឋអាមេរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពារជាតិរបស់សភា, លោកស្រី Beth Van Duyne សមាជិកសភាសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរ គឺ​គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច​នៃរដ្ឋសភាសហរដ្ឋអាមេរិក, និង​លោក Adrian Smith សមាជិកសភា​សហរដ្ឋអាមេរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម​នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ​របស់សភាសហរដ្ឋអាមេរិក។


បើ​តាម Facebook របស់​លោក ស៊ុន ចាន់ថុល ខ្លឹម​សារ​រួម​នៃ​ជំនួប​ទាំង​អស់ខាង​លើ គឺ​ធ្វើ​ឡើង​​ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់​រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ព្រម​ទាំង​​បាន​ពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹង និងជំរុញការវិនិយោគឯកជនពីសហរដ្ឋអាមេរិក​មកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

លោក​ ចាន់ថុល បាន​លើក​ឡើង​ថា៖​«​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ភាព​អំណោយ​ផល​ច្រើន​សម្រាប់​ការមក​បណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗពីសហរដ្ឋអាមេរិក ដោយ​កម្ពុជា​មាន​កត្តា​អំណោយ​ផល​មួយ​ចំនួន​ដូច​ជា សម្បូរ​កម្លាំងពលកម្មវ័យក្មេង មាន​ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន ជាដើម»​។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ (Hong Vanak)បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២១ ខែ​ឧសភា​ថា ជំនួប​ពិភាក្សា​ទាំង​អស់​នេះ​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​​ដើម្បី​បង្ហាញ​ទៅ​ដល់​មន្ត្រី​ និង​វិនិយោគិន​អាមេរិក​អំពី​​​សក្តានុពល​​ដែល​អ្នក​​វិនិយោគ​​នឹង​អាច​ទទួល​បាន​ពី​ការ​បណ្តាក់​ទុន​ផ្ទាល់ ឬ​​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា បើ​​ទោះបី​កាល​ពី​ពេល​ថ្មីៗ​នេះ​​​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ពី​ផែនការ​ដំឡើង​ពន្ធ​គយ​ចំពោះ​​ទំនិញ​នាំ​ចូល​ពី​ប្រទេសជា​ច្រើន រួម​ទាំង​កម្ពុជា​។

លោក​បន្ត​ថា បច្ចុប្បន្ន​អាមេរិក គឺ​ជា​​ទីផ្សារនាំ​ចេញ​ទំនិញ​ធំ​ជាង​គេ​របស់​កម្ពុជា​​ដែល​ភាគ​ច្រើន ​ជា​​ផលិតផល​សម្លៀក​បំពាក់ កាបូបធ្វើ​ដំណើរ ស្បែកជើង កង់ និង​សំបក​កង់​រថយន្ត​ ជា​ដើម​។​

លោក​បាន​ថ្លែង​ថា៖​​«ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​បែបនេះ នឹង​នាំមក​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា ខណៈនៅ​កម្ពុជា​ក៏​មាន​វិនិយោគិន​អាមេរិក​មួយ​ចំនួន​កំពុង​បណ្តាក់​ទុន​ផងដែរ»។ លោក​បន្ត​ថា៖​«​ប្រសិន​បើ​ការ​ចរចា​ផ្នែក​ពន្ធ​គយ​រវាង​រដ្ឋាភិបាល​ទាំង​២ ​ទទួល​បាន​លទ្ធផល​ល្អ​ គឺនឹង​មាន​​វិនិយោគិន​អាមេរិក​កាន់​តែ​ច្រើន​​ចូល​មក​វិនិយោគ​នៅ​កម្ពុជា»។​

ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុង​ឆ្នាំ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-អាមេរិក មាន​ទឹក​ប្រាក់​សរុប ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយ​​​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុងនោះ​កម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ចំណែក​អាមេរិកនាំចូលកម្ពុជាវិញ ២៦៤,១៤ លានដុល្លារ។ ដោយ​ឡែក​សម្រាប់​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ៣,៣ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៦​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក ៣,២​ពាន់​លាន​ដុល្លារ កើន​ឡើង ២២,៣​ភាគរយ និង​អាមេរិក​នាំ​មក​វិញ ៩៧,៨២​លានដុល្លារ កើន ៣៤,៨​ភាគរយ​៕​