អ្នក​សេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយមថា ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​​វិនិយោគ​ផ្ទាល់​ពី​វិនិយោគិន​​បរទេស ជាពិសេស​វិនិយោគិន​ឡាវ និង​ហ្វីលីពីន​​​នៅកម្ពុជា ​នឹង​កើន​ឡើង​បន្ថែម​ទៀត ខណៈ​ការ​អនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement-DTA) រវាងប្រទេស​​ទាំង ២ ជាមួយ​​កម្ពុជា​​នឹង​​ចូល​ជា​ធរមាន​នៅពេល​ខាង​មុខ។​

បច្ចុប្បន្នកម្ពុជា​កំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា​(DTA) ជាមួយរដ្ឋបាលសារពើពន្ធ​​ចំនួន ១១ ក្នុងនោះរួមមាន ប្រទេស​ថៃ និង​សិង្ហបុរី ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៨, ប្រទេស​ចិន​ និងប្រ៊ុយណេ ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៩​, វៀតណាម និង​តំបន់​រដ្ឋបាល​ពិសេស​​ហុងកុង ថ្ងៃទី១ ខែមករា ឆ្នាំ​២០២០, ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២១​, កូរ៉េខាងត្បូង ​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២២​, តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​ប្រទេស​តួកគី ចាប់​ពីថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២៤​។

ព្រឹត្តិបត្រ​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ(GDT) ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​២២ ខែ​ឧសភា ​ឱ្យ​ដឹង​ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)​ចំនួន ២ ដែល​រួម​មាន កម្ពុជា-​ឡាវ និង​កម្ពុជា-ហ្វីលីពីន ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់ហើយ ដោយពេល​នេះ​កំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀងឱ្យ​ចូលជាធរមាន និង​ចាប់​ផ្តើម​អនុវត្ត​។

GDT ​បញ្ជាក់​ថា៖​«​កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា​(DTA) មិនគ្រាន់តែបង្កើតឡើងដើម្បីចៀសវាងការយក​ពន្ធត្រួតគ្នាប៉ុណ្ណោះ​ទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ​ក៏​ជួយ​ផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស​តាមរយៈអត្ថប្រយោជន៍ជាច្រើន​មានជាអាទិ៍ ផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធ​មួយចំនួន ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ផ្តល់យន្តការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ និងយន្តការផ្លាស់ប្តូរព័ត៌​មាន​រវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម»៕


GDT បាន​ឱ្យ​ដឹង​ទៀត​ថា បន្ថែម​លើកិច្ច​ព្រម​ព្រៀងទាំង ២ ខាង​លើ រដ្ឋាភិបាល​កម្ពុជា-មីយ៉ាន់ម៉ា ក៏​បាន​បញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និង DTA រវាងកម្ពុជាជាមួយរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀត​ក៏​កំពុងស្ថិតក្នុងដំណាក់​កាលនៃការចរចា ផងដែរដែល​រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និងអាស៊ែបៃហ្សង់។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២២ ខែ​ឧសភា ​ថា កិច្ច​ព្រម​ព្រៀងស្តី​​ពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA)​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈទ្វេភាគី​រវាង​រដ្ឋាភិបាល​ ឬ​រដ្ឋបាល​នៃ​ប្រទេស/​តំបន់ ដែល​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ផ្តល់​ផល​​វិជ្ជមាន​​​ច្រើន​ទៅ​ដល់​វិនិយោគិន​នៃ​ប្រទេស/តំបន់​ដែល​មាន DTA ជាមួយ​គ្នា។ DTA ​អាច​ធ្វើ​ឱ្យរដ្ឋាភិបាល​ធ្លាក់​ចុះ​ចំណូល​ពន្ធខ្លះ​ ប៉ុន្តែ​វា​​នឹងជំនួស​មក​វិញ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង ២ ឱ្យ​ទៅ​បណ្តាក់​ទុន​គ្នា​ទៅវិញ​ទៅ​មក។​​

លោក​អះអាង​ថា៖​«​កិច្ច​ព្រម​ព្រៀង DTA វា​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាត់​ចំណូលមួយ​ចំនួន​ពី​វិនិយោគិន​មក​ពី​ប្រទេស​ដែលមាន DTA ជាមួយ​គ្នា ប៉ុន្តែ​វា​នឹងជំនួស​មក​វិញ តាម​រយៈ​ការ​បង្កើន​សក្តានុពល​​ទាក់​ទាញ​វិនិយោគិន​ពី​ប្រទេស​ដែល​មាន DTA ជាមួយ​គ្នាឱ្យ​ចូល​មក​វិនិយោគ​ផ្ទាល់​ក្នុង​ប្រទេស​កាន់​តែ​ច្រើន។ បន្ថែម​លើ​នេះ គឺ​វា​ក៏​អាច​ជួយ​ធ្វើ​ឱ្យ​​ថ្លៃ​ដើមទំនិញ​ទាប​ជាង​មុន​ផងដែរ ខណៈ​ថ្លៃដើម​ទាប នឹង​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កាន់​តែ​ច្រើន​​»។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ​ធ្លាប់​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ស្តី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួតគ្នា​នេះ គឺ​ជា​ការបែងចែក​សិទ្ធិ​ក្នុង​ការ​យក​ពន្ធ​រវាង​គូភាគី នៃ​យុត្តាធិការ​ជា​ហត្ថលេខី ដែល​ម្ខាង​អាច​កម្រិត​ផ្នែក​ខ្លះ​នៃ​ការ​អនុវត្ត​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ក្នុងស្រុក​ស្ដីពី​ពន្ធដារ ហើយ​នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត​ដំបូង​អាច​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ចំណូល​ពន្ធ​របស់​ប្រទេស ដោយសារ​ការ​កាត់​បន្ថយ​អត្រាពន្ធ​កាត់​ទុក​ដែល​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ជាប់ពន្ធ​អនិវាសន​ជន​ និង​ការ​បែង​ចែក​សិទ្ធិ​យក​ពន្ធ​លើ​ប្រភេទ​ប្រាក់​ចំណូល​មួយចំនួន​ឱ្យ​ប្រទេស​និវាសនដ្ឋាន​។

ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា​៖«​កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​ជា​ការ​ប៉ះប៉ូវ​វិញ​ដល់​យុត្តាធិការ​ជា​ហត្ថលេខី ដូចជា ការ​ទាក់ទាញ​និង​ជំរុញ​​វិនិយោគ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​​សារ​ការ​ផ្តល់នូវ​ភាពច្បាស់លាស់ តម្លាភាព និង​គ្មាន​ការ​រើសអើង​ក្នុង​វិស័យ​ពន្ធដារ​, កំណើន មូលដ្ឋាន​ពន្ធ​, រំហូរ​មូលធន​ដោយ​សារភាព​ទាក់ទាញ​នៃ​អត្រាពន្ធ​កាត់​ទុក​លើ​ការប្រាក់​និង​ភាគលាភ​, ការ​ផ្ទេរ បច្ចេកវិទ្យា ​និង​ជំនាញ​ពី​បរទេស​តាមរយៈ​បទ​ប្បញ្ញត្តិ​ស្តីពី​សេវា​បច្ចេកទេស​និង​សួយ​សារ​, ការការពារ​និវាស​ន​ជន ដែលជា​វិនិយោគិន​នៅ​បរទេស និង ការ​ពង្រីង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ពន្ធដារ ជាពិសេស ការ​ទប់ស្កាត់​និង​ការបង្ក្រាប​ការ​គេចពន្ធ​តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​របស់​អ្នក​ជាប់ពន្ធ​»៕