គិតត្រឹមខែមេសា ឆ្នាំ២០២៥ ចំនួន​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​មាន​ប្រមាណ​​​ជាង ៤៥​ពាន់​ ជាមួយ​នឹង​កម្មករ​និយោជិត​កំពុង​បម្រើ​ការ​​ជាង ១,៨​​លាន​នាក់​ ក្នុង​នោះ​ជិត​ ១លាន​នាក់​ស្ថិត​ក្នុង​វិស័យ​វាយនភណ្ឌ។

នេះ​បើ​តាម​ការ​អះអាង​របស់​​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ក្នុងឱកាស​នៃ​​​ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) ដែល​មាន​ការ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​សំណាក់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នា​ព្រឹកថ្ងៃ​ទី​២២ ខែ​ឧសភា នេះ​។​

លោក ហេង សួរ បាន​ឱ្យ​ដឹង​​ថា ក្នុង​រយៈ​ពេល ២០​ខែ​ដំបូង​​នៃ​ការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​​ទី ៧ នៃ​រដ្ឋសភា(ពីខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​មេសា ឆ្នាំ​២២៥)​គឺ​ចំនួន​រោង​ចក្រ/សហគ្រាស ​បាន​កើន​ពី​ចំនួន ៤០ ៣០០ ដល់ចំនួន ៤៥ ៣៨៦ សហគ្រាស ចំណែក​​កម្មករនិយោជិត​បានកើនពី ១,៦៥លាននាក់​ដល់ប្រមាណ១,៨៧លាននាក់ និង​​ផ្តល់ប្រាក់ឈ្នួលជូន​កម្មករ-និយោជិត​ជាមធ្យមសរុបប្រចាំឆ្នាំ​ប្រមាណ ៦​ ពាន់លានដុល្លារ​។ ក្នុងចំនួន​ខាង​លើ គឺ​វិស័យកាត់ដេរ​មានសហគ្រាស​សរុប ១ ៦៥៧ និង​កម្មករ-និយោជិត​ប្រមាណ ៩៧ម៉ឺននាក់ ដោយ​ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣​ ពាន់លានដុល្លារ។

លោក​បន្ត​ថា ដោយ​ឡែក​សម្រាប់​ខេត្ត​ព្រះសីហនុ បើ​គិត​ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ខែមេសា ឆ្នាំ២០២៥ គឺ​ចំនួន​រោងចក្រ​/​សហគ្រាស​​បាន​កើនពី ៩៦ ដែល​មាន​កម្មករនិយោជិតសរុប​ជាង១ ម៉ឺន​នាក់ ទៅ​ដល់ចំនួន ៣ ៨៣៣ សហគ្រាស ជាមួយ​នឹង​​កម្មករបម្រើ​ការ​ប្រមាណ​ ១២ម៉ឺន​នាក់​ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ប្រមាណ ៣៦០​លាន​ដុល្លារ​។ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរ​ការ​ចំនួន ៥។


នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ​ក្នុង​ដំណើរ​ការ​កសាង និង​អភិវឌ្ឍ​ន៍​ប្រទេស រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញនូវគោលគោលនយោបាយ​ជា​បន្ត​បន្ទាប់​ ដើម្បី​ធ្វើ​យ៉ាង​ណា​​បង្កើតឱកាសការងារ​ជូន​ប្រជាជន​ ព្រមទាំងធានាឱ្យ​បាន​នូវ​​ប្រាក់​ចំណូលកាន់​តែខ្ពស់។ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន ​២០០ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ក្រុង​ព្រះសីហនុ(SSEZ) គឺ​ពុំ​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ​ ប៉ុន្តែវា​​កើត​​ចេញ​ពី​ការ​ដាក់ចេញ​​គោលនយោបាយ​ដ៏ត្រឹម​ត្រូវ​របស់រាជរដ្ឋាភិបាល។ លោក​បន្ត​ថា ក្នុងរយៈពេល ២ ទសវត្ស​កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស​បានក្លាយជាកម្លាំង​ចលករដ៏សំខាន់​​សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។

លោកបាន​ថ្លែង​​ថា៖​«​រាជរដ្ឋាភិបាលកម្ពុជា​មានគោលជំហរក្នុងការចាប់យក​ការវិនិយោគ​មកពីគ្រប់ប្រទេស ដោយដាក់ចេញនូវ​គោលនយោបាយ​ដើម្បីទាក់ទាញវិនិយោគិននានា​​ឱ្យ​មកបណ្តាក់ទុន​ និងបើក​ដំណើរ​ការក្រុម​ហ៊ុននៅក្នុង​ទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍​ និងចាប់យកក្រុមហ៊ុន​វិនិយោគទាំងអស់​ គឺ​អាចនិយាយបានថា​​ចាប់យក​​«ទាំងសាច់គោ និងស្ពៃ»​ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន»។

លោក​​បន្ត​​ថា រាជរដ្ឋាភិបាល​បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់​ក្នុងការបង្កើតឱកាសការងារ​ ទាំង​​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​​ដើម្បី​ធ្វើ​យ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់។

លោក​បញ្ជាក់​ថា៖​«​រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគ​មក​អភិវឌ្ឍសេដ្ឋកិច្ច បង្កើតរោងចក្រសហគ្រាស និង​ការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាលក៏មាន​មហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង​រោង​ចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស​បងប្អូនកម្មករ​និយោជិត។​ ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់​ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំ ពោល​គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ​ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រង»។

ឯកអគ្គរដ្ឋទូតប្រទេស​ចិនប្រចាំកម្ពុជា លោក Wang Wenbin បាន​និយាយ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មិន​ត្រឹម​តែ​ជាគំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន-​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជានិមិត្តរូប​នៃមិត្ត​​ភាព​រវាង​ចិន-​កម្ពុជា​ផងដែរ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ បានដើរតួនាទីជា​ស្ពាន និង​ខ្សែចម្លងយ៉ាង​សកម្ម​​ ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​រវាង​ខេត្ត​ជាំងស៊ូ(ប្រទេសចិន) ជាមួយ​នឹង​​ខេត្ត​ព្រះសីហនុ​ក្នុង​វិស័យ​សុខាភិបាល​ ការ​អប់​រំ និង​វប្បធម៌​ផងដែរ។

លោក​​លើក​ឡើង​ថា៖​«នៅ​ក្នុង​បរិបទ​នៃ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល ការ​រួបរួម​គ្នា​គឺ​ពិត​ជា​មាន​ភាព​ចាំ​បាច់​ ហើយ​​​គេ​ក៏​អាច​ប្រែក្លាយ​បញ្ហា​ប្រឈម​​ឱ្យ​ទៅ​ជា​កាលានុវត្តភាព​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ ប្រទេស​ចិនមាន​ឆន្ទៈ​ក្នុង​ការ​រួម​សហការ​ជាមួយ​កម្ពុជា​ ក៏​ដូច​ជា​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ ​ខ្សែ​ក្រវាត់ និង​ផ្លូវ»។

ជាមួយ​គ្នា​នេះ លោក Wang Wenbin ក៏​សន្យា​នឹង​ខិត​ខំ​លើក​ទឹក​ចិត្ត​វិនិយោគិន​ចិន​​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ថា ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដូច​ជា ផ្លូវ​ថ្នល់ អាកាសយានដ្ឋាន​អន្តរជាតិ​ កំពង់ផែ គឺជាគន្លឹះ​មួយ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ​ក៏​​ជួយ​កាត់​បន្ថយ​ការ​​​ចំណាយ​លើ​ថ្លៃដឹក​ជញ្ជូន និង​ពេល​វេលាផងដែរ​។​

លោកបាន​បញ្ជាក់ថា៖​«​​ការ​ពង្រីក​សមត្ថភាព​កំពង់ផែទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​ កំពុងក្លាយ​ជា​ចំណុច​ដ៏​សំខាន់​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​វិនិយោគ​បរទេសឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ វិនិយោគិន​ចិន ​នឹង​ចូល​មក​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​កាន់​តែ​ច្រើន​​នា​ពេលខាង​មុខ»៕​