
ក្រុមកម្មករកំពុងសម្អាតសម្បុកត្រចៀកកាំនៅក្នុងសិប្បកម្មមួយ។ ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាលកម្ពុជាកំពុងអំពាវនាវឱ្យម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះអភិរក្សត្រចៀកកាំលក្ខណៈគ្រួសារ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំទៅទីផ្សារប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការនាំចេញផលិតផលត្រចៀកកាំជាផ្លូវការទៅប្រទេសចិនឱ្យបានកាន់តែលឿន។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកប្រទេសកម្ពុជា មានអនុស្សរណៈយោគយល់គ្នា(MoU) ចំនួន ៣៧ ត្រូវបានចុះហត្ថលេខារវាងតំណាងរដ្ឋាភិបាលនៃប្រទេសទាំង ២ ក្នុងនោះចំនួន ៣ ពាក់ព័ន្ធនឹងកសិកផលកសិកម្មកម្ពុជា គឺមានសំបុកត្រចៀកកាំ ធុរេន និងកូនក្រពើ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែឧសភា បានចេញសេចក្តីជូនដំណឹងមួយប្រាប់ឱ្យម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ មកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យអង្គភាពជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃឱ្យស្របតាមអនុលោមបច្ចេកទេសដែលភាគីចិនបានតម្រូវ។
លិខិតបានសរសេរថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ»។
ប្រធានសហព័ន្ធសំបុកត្រចៀកកាំកម្ពុជា លោក ណាង សុធី (Nang Sothy, President of Cambodia Swiftlet Federation) បានគាំទ្រ និងអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារទៅដាក់ពាក្យស្នើសុំឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន មុននឹងឈានទៅនាំចេញទៅប្រទេសចិន ខណៈសំបុកត្រចៀកកាំកម្ពុជា ត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អ ដោយសារបរិស្ថាន និងខ្យល់ផ្សែងពុលគីមី មិនមានច្រើនដូចប្រទេសក្នុងតំបន់។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៧ ខែឧសភា ថា៖«នោះគឺកិច្ចការរបស់ថា្នក់ដឹកនាំក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើដែលត្រួតពិនិត្យលើការងារអភិរក្សសត្វត្រចៀកកាំ។ បើតាមខ្ញុំដឹង គឺមានក្រុមហ៊ុនចំនួន ៨ បានចុះឈ្មោះជាផ្លូវការ និងបានបញ្ជូនឈ្មោះទៅភាគីចិនរួចហើយ»។
លោកប្រាប់ទៀតថា បើទោះបីតំណាងរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាលើ MoU រួចហើយ ប៉ុន្តែនៅសល់ចំណុច ៣ ធំៗ គឺទី១ ប្រភពដើមសំបុកត្រចៀកកាំ, ទី២ ប្រសិនបើការនាំចេញទៅចិនហើយប៉ះពាល់ដល់បច្ចេកទេសមានន័យថាខុសស្តង់ដាដែលគេតម្រូវ តើត្រូវបញ្ជូនត្រឡប់មកវិញតាមវិធីណា? និងទី៣ លទ្ធភាពនៃការប្រមូលផ្តុំសំបុក្រត្រចៀកកាំទូទាំងប្រទេស តើមានបរិមាណប៉ុន្មាន?។
ទោះយ៉ាងណាលោកអះអាងថា៖«ខ្ញុំជឿជាក់ថា ទិន្នផលនៃសំបុកត្រចៀកកាំរបស់យើង គឺមានគុណភាពល្អ និងអាចប្រកួតប្រជែងក្នុងតម្លៃមួយយ៉ាងខ្ពស់»។
បើតាមលោក ណាង សុធី បច្ចុប្បន្ននៅកម្ពុជាអាចមានផ្ទះអភិរក្សត្រចៀកកាំ(ផ្ទះត្រចៀកកាំ)ចន្លោះពី ៣ ៥០០ ទៅ ៥ ០០០ ផ្ទះ ប៉ុន្តែមានតែប្រមាណ ៧០០ផ្ទះប៉ុណ្ណោះដែលបានចុះបញ្ជីអភិរក្សនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផ្ទះអភិរក្សត្រចៀកកាំនៅកម្ពុជា មានភាគច្រើនស្ថិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ហើយបច្ចុប្បន្នទីតាំងសាងសង់ផ្ទះត្រចៀកកាំក៏បានរីកទៅដល់ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ព្រះវិហារ និងខេត្តជុំវិញបឹងទន្លេសាបផងដែរ៕