
លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក Datuk Hanifah Noordin ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad។ STPM
ក្រុមហ៊ុនម៉ាឡេស៊ីចំនួន ២ បានបង្ហាញបំណងក្នុងការស្វែករកឱកាសវិនិយោគបន្ថែមនៅកម្ពុជាលើផ្នែកបច្ចេកវិទ្យា និងឡូជីស្ទីក ខណៈប្រទេសទាំង ២ បានអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) ជាមួយតាំងពីដើមឆ្នាំ២០២១។
ម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១១ ដែលកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA)ជាមួយកម្ពុជា ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ប្រទេស ១០ ផ្សេងទៀតដែលកំពុងអនុវត្ត DTA ជាមួយកម្ពុជា រួមមាន ប្រទេសថៃ, សិង្ហបុរី, ចិន, ប្រ៊ុយណេ, វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង, ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសតួកគី។
បណ្តាញសង្គមផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា មានជំនួបមួយរវាងលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលរៀបចំឡើងក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបខាងលើ លោក Datuk Hanifah Noordin បានលើកឡើងអំពីសាវតារបស់ក្រុមហ៊ុនដែលមានជំនាញលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មមួយចំនួននៅកម្ពុជាផងដែរ។
លោកបាននិយាយថា៖«បច្ចុប្បន្នក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា»។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយដែលបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន និងបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយលោកលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រដល់វិស័យឡូជីស្ទីកនៅកម្ពុជា និងការជំរុញការអភិវឌ្ឍវិស័យនេះតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ ជាដើម។
លោកលើកឡើងទៀតថា បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយន្តការលើការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដោយបែងចែកទៅតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ ព្រមទាំងបានដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យឡូជីស្ទីក ជាដើម។
លោកបានថ្លែងថា៖«ចំពោះវិស័យឌីជីថល គឺកំពុងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ដោយបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏ប្រាប់ឱ្យក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទំនិញរវាងកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៨៦៥,៥២លានដុល្លារ កើនឡើង ៣៦,៩ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះ កម្ពុជានាំទំនិញទៅម៉ាឡេស៊ី មានទឹកប្រាក់ ១៤៧,៣៩លានដុល្លារ កើនឡើង ៤០,៣ភាគរយ ចំណែកម៉ាឡេស៊ីនាំចូល ៧១៨,១៣លានដុល្លារ កើន ៣៦,២ភាគរយ។ ដោយឡែកសម្រាប់រយៈពេល ៤ខែដើមឆ្នាំ២០២៥ នេះ គឺពាណិជ្ជកម្មសរុបមានចំនួន ៣៥៣,១៧ លានដុល្លារ កើន ៣៣,៥ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយកម្ពុជានាំចេញ ៤៥,៩២លានដុល្លារ កើន ៦ភាគរយ ចំណែកម៉ាឡេស៊ីនាំចូល ៣០៧,២៥លានដុល្លារ កើន ៣៨,៩ភាគរយ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨ ខែឧសភាថា ក្នុងនាមជាប្រទេសក្នុងតំបន់អាស៊ានតែ ១ ប្រទេសទាំង ២ តែងមានសកម្មភាពនាំចេញ-នាំចូលទំនិញជាមួយគ្នាជាប្រចាំ ហើយក៏មានវិនិយោគិនម៉ាឡេស៊ីជាច្រើនកំពុងវិនិយោគនៅកម្ពុជាផងដែរ។ កត្តាទីតាំងភូមិសាស្រ្ត ច្បាប់វិនិយោគ និងទីផ្សារនាំចេញ បានជំរុញឱ្យអ្នកវិនិយោគបរទេស រួមទាំងម៉ាឡេស៊ី មើលឃើញពីឱកាសក្នុងការចូលមកវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា៖«ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងច្បាប់វិនិយោគ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានលក្ខណៈអំណោយផលខ្លាំងសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ»។
ទាក់ទងនឹងទំហំពាណិជ្ជកម្ម លោក វណ្ណៈ បានអះអាងថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ និងជាប្រទេសក្នុងតំបន់តែ ១ គឺទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងច្រើនបន្ថែមទៀតនាពេលអនាគត៕