
សំណង់ជាច្រើនក្នុងក្រុងព្រះសីហនុត្រូវបានទុកចោល ចាប់តាំងពីអំឡុងការផ្ទុះជំងឺកូវីដ១៩។ ភ្នំពេញប៉ុស្តិ៍
គម្រោងវិនិយោគចំនួន ១០ បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ១៥៤ លានដុល្លារ នឹងត្រូវទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលក្រោម«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលធ្វើឱ្យចំនួនគម្រោងទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលនៅខេត្តព្រះសីហនុ កើនដល់ ២៩៧ គម្រោង។
ការសម្រេចថ្មីនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ លោក ហ៊ាន សាហ៊ីប បានលើកប្រាប់អង្គប្រជុំអំពីបច្ចុប្បន្នភាពនៃស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និងការការពារឧស្សាហកម្មក្នុងស្រុកដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងកំពុងធ្វើឱ្យជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និងការនាំចេញរបស់កម្ពុជា។ លោកបន្តថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក៏រាជរដ្ឋាភិបាល និងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅតែបន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀតមកខេត្តព្រះសីហនុ តាមរយៈយុទ្ធសាស្រ្ត«ថែរក្សាអ្នកចាស់ និងស្វែងរកអ្នកថ្មី» និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោកបានថ្លែងថា៖«ទោះបីយ៉ាងណា ស្ថានភាពនេះក៏បានបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ»។
គម្រោងដែលបានសម្រេចជាគោលការណ៍ក្នុង«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»នឹងទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមួយចំនួនក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥។
យោងតាមកិច្ចប្រជុំខាងលើ គម្រោងដែលបានសម្រេចជាគោលការណ៍ទាំង ១០ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និងគម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១ ១៨៧ កន្លែង។ គម្រោងទាំងនោះ មានដូចជា រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និងអគារស្នាក់នៅរួម។
គិតចាប់ពីឆ្នាំ២០២៤ (ការចាប់ផ្តើមអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ») រហូតដល់ខែឧសភា ឆ្នាំ២០២៥ គឺក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារ និងអាចបង្កើតការងារ ៥៣ ១៨៧កន្លែង។ នេះបើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
តាមការគ្រោងទុកនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ប្រមាណ ៣០ គម្រោង។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ក៏បានបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន រួសរាន់មកដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន«អត្ថប្រយោជន៍ពិសេស»ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ។
ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ លោក អ៊ឹម សេងហួ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៩ ខែឧសភាថា បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកនាអំឡុងឆ្នាំ២០២០ ដែលបណ្តាលមកពីរីករាលដាលខ្លាំងជំងឺកូវីដ១៩ ស្ថានភាពវិស័យសំណង់ អចលនទ្រព្យ ទេសចរណ៍ និងសេដ្ឋកិច្ចជាទូទៅក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរវិញខ្លះៗហើយចាប់ពីឆ្នាំ២០២៤ មក។ លោកបន្ថែមថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ក្នុងន័យដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ បាននិងកំពុងផ្តល់ផលវិជ្ជមានជាបណ្តើរៗហើយ ជាពិសេសធ្វើឱ្យអ្វីៗដែលជាប់គាំងកន្លងមកកម្រើកឡើងវិញ។
លោកបាននិយាយថា៖«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចាប់ផ្តល់ពន្លឺជាបណ្តើរៗហើយ ប៉ុន្តែបើសួរថាខ្លាំងកម្រិតណានោះ គឺមិនទាន់ទេ ព្រោះកិច្ចការទាំងអស់នេះវាក៏អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចពិភពលោកផងដែរ»៕