
លោក ស៊ុន ចាន់ថុល(លើស្តាំបំផុត) ជួបប្រជុំជាមួយលោកស្រី Sara Wilshaw តាមរយៈប្រព័ន្ធវីដេអូ(Zoom) ពីទីក្រុងតូក្យូ ប្រទេសជប៉ុន។ CDC
កម្ពុជា គឺជាទីតាំងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ ហើយរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ។ នេះបើតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលកំពុងអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។
ថ្លែងប្រាប់គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអន្តរជាតិប្រទេសកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដឹកនាំដោយលោកស្រី Sara Wilshaw ជំនួយការជាន់ខ្ពស់អមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា តាមរយៈប្រព័ន្ធវីដេអូ(Zoom) ពីទីក្រុងតូក្យូ លោក ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា គឺជាទីតាំងដែលជាទីចាប់អារម្មណ៍ក្នុងការមកវិនិយោគពីសំណាក់វិនិយោគិនគ្រប់ជាតិសាសន៍។
លោកបន្ថែមថា កត្តាដែលជំរុញ និងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា មានដូចជា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ វិស័យភស្តុភារកម្ម និងវិសាលភាពកំពង់ផែ ដែលកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែប្រសើរឡើង។
លោកបានថ្លែងថា៖«ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលស្អាត យើងរំពឹងថា កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត»។
ជាការឆ្លើយតប គណៈប្រតិភូកាណាដា បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមានរបស់ខ្លួនចំពោះការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសលើការជំរុញវិនិយោគដោយផ្ទាល់ពីប្រទេសកាណាដា មកប្រទេសកម្ពុជា។ មួយវិញទៀត ការប្តេជ្ញាចិត្តរបស់កាណាដាចំពោះកម្ពុជា និងតំបន់អាស៊ានទាំងមូល ក៏ត្រូវបានគូសបញ្ជាក់បន្ថែមទៀតតាមរយៈការដំឡើងឋានៈការិយាល័យការទូតរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញកាលពីខែមីនា ឆ្នាំ២០២៥ កន្លងមក។
បើតាម CDC ទស្សនកិច្ចរបស់គណៈប្រតិភូកាណាដានៅពេលនេះ គឺជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដា ឆ្នាំ២០២៥ (2025 Team Canada Trade Mission - TCTM) ដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែងប្រកបដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ។
CDC អះអាងទៀតថា៖«ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ កន្លងមក»។
យោងតាមស្ថិតិអាជ្ញាធរប្រទេសកាណាដា គឺការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកាណាដា និងកម្ពុជា ក្នុងឆ្នាំ២០២៤ បានកើនដល់ ២,៤ពាន់លានដុល្លារ ដោយប្រទេសកាណាដា ឈរនៅលំដាប់ទី៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌរបស់កម្ពុជា។ ក្នុងចំនួននេះ គឺទំនិញកាណាដានាំមកកម្ពុជា មានតម្លៃសរុប ៣៣,៥ លានដុល្លារ និងទំនិញកម្ពុជានាំចូលកាណាដា មានចំនួនជាង ២,៣ ពាន់លានដុល្លារ។ ជាមួយគ្នានេះ ការវិនិយោគផ្ទាល់របស់កាណាដានៅកម្ពុជា មានទឹកប្រាក់ប្រមាណ ២,៩ ពាន់លានដុល្លារ៕