
លោក ហ៊ុន ម៉ាណែត ឡើងថ្លែងក្នុង«វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន»។ STPM
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីងាយស្រួលពិនិត្យមើលសក្តានុពល និងស្វែងរកឱកាសបណ្តាក់ទុន ព្រមទាំងបានជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចជប៉ុននៅកម្ពុជាផងដែរ។
ក្នុង«វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន»ដែលរៀបចំឡើងសភាពាណិជ្ជកម្មកម្ពុជា(CCC) សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) និងធនាគារ Mizuho នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ២០២៥ លោក ហ៊ុន ម៉ាណែត បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ដែលមានជាង ៧ ទសវត្សរ៍កន្លងមក ដោយប្រទេសទាំង ២ បានកសាងនូវចំណងការទូតដ៏ល្អប្រកបដោយការយោគយល់ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងជាមួយគ្នាទៅជា«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣» ដែលជាបង្គោលចរដ៏សំខាន់បង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំង ២។
លោកបន្តថា រដ្ឋាភិបាល និងប្រជាជនជប៉ុន មិនត្រឹមតែចូលរួមចំណែកសំខាន់ក្នុងដំណើរការកសាងសន្តិភាព ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជប៉ុនក៏ត្រូវបានចាត់ទុកជាដៃគូមិនអាចខ្វះបានរបស់កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា «វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន»នឹងជួយឱ្យវិនិយោគិនជប៉ុនទទួលបានព័ត៌មានកាន់តែច្រើន និងជាក់លាក់ពីកម្ពុជា ក៏ដូចជាបង្កើតនូវទំនាក់ទំនងរវាងធុរជន និងធុរជន ដែលអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជប៉ុនឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើនដើម្បីស្វែងរកឱកាសរីកចម្រើនជាមួយគ្នារវាងប្រទេសជប៉ុន និងកម្ពុជា។
លោកបានថ្លែងថា៖«ក្រោយបញ្ចប់វេទិកានេះ អ្នកចូលរួមទាំងអស់នឹងអាចស្វែងរកឃើញនូវឱកាសក្នុងការតភ្ជាប់ទំនាក់ទំនង ក៏ដូចជាក្តីសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមានឱកាសធ្វើដំណើរមកកម្ពុជា។ សម្រាប់អ្នកដែលមិនទាន់ធ្លាប់ទៅដល់ប្រទេសកម្ពុជា គឺយើងអាចនិយាយថា ប្រសិនបើអ្នកស្តាប់ ឬលឺ ១០០ដង គឺមិនស្មើនឹងបានឃើញផ្ទាល់ភ្នែកម្តងនោះទេ ដូច្នេះកម្ពុជាសូមស្វាគមន៍ជានិច្ច ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងរកឃើញឱកាសក្នុងការរីកចម្រើនរួមគ្នា»។

ជាមួយគ្នានេះ លោក ម៉ាណែត ក៏បានលើកឡើងពីនិន្នាការសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ទំនាក់ទំនងលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន គឺនៅតែល្អប្រសើរ និងកាន់តែបន្តសញ្ញាវិជ្ជមាន។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ កន្លងមកទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង ២ បានកើនលើស ២ពាន់លានដុល្លារអាមេរិក ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់ពីការរីកលូតលាស់នៃការតភ្ជាប់ទីផ្សារនៃប្រទេសទាំង ២។ ទំនុកចិត្តរបស់វិនិយោគិនជប៉ុន អាចឆ្លុះបញ្ចាំងតាមរយៈការបន្តពង្រីកជាបន្តបន្ទាប់ និងការវិនិយោគឡើងវិញនៃធុរកិច្ចជប៉ុនលើទឹកដីកម្ពុជា។ កម្មវិបាកនៃភាពជាដៃគូនេះ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសមិទ្ធផលរបស់ក្រុមហ៊ុនឈានមុខមួយចំនួនដែលកំពុងទទួលភាពជោគជ័យនៅកម្ពុជា ដូចជា ក្រុមហ៊ុន Toyota, Honda និង Aeon ជាដើម។
លោកអះអាងថា៖«វិនិយោគិនជប៉ុន គឺបង្ហាញពីការឈានមុខនៅក្នុងជម្រៅគុណភាព និងផលប៉ះពាល់រយៈពេលវែង ដោយមិនត្រឹមតែនាំមកនូវដើមទុនប៉ុណ្ណោះទេ ប៉ុន្តែវិនិយោគិនជប៉ុនថែមទាំងបាននាំយកមកនូវបច្ចេកវិទ្យា ជំនាញ គុណភាព និងស្តង់ដាខ្ពស់ ដែលជួយលើកកម្ពស់ឧស្សាហកម្មនៅកម្ពុជា និងជំរុញកំណើនប្រកបដោយនិរន្តរភាព។ យើងវាយតម្លៃជប៉ុនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នករួមចំណែកដ៏គួរឱ្យទុកចិត្តលើភាពប្រកួតប្រជែង និងភាពធន់នៃអនាគតរបស់កម្ពុជាផងដែរ។ បច្ចុប្បន្នជប៉ុនបានឈរជើងយ៉ាងមាំ ជាវិនិយោគិនដ៏លេចធ្លោបំផុតមួយរបស់កម្ពុជា ជាមួយនឹងវត្តមានដ៏រឹងមាំក្នុងវិស័យជាច្រើនដូចជា រថយន្ត អេឡិចត្រូនិក និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម»។
លោកបន្ថែមថា៖«ក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើង បាននិងកំពុងស្វែងរកភាពជោគជ័យនៅកម្ពុជា ដែលការណ៍នេះបង្ហាញថា កម្ពុជាមិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់ការរីកចម្រើន និងលូតលាស់សម្រាប់រយៈពេលវែង»។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក គិត ម៉េង បានលើកឡើងថា ប្រទេសជប៉ុនបានផ្ដល់ជូនធុរកិច្ចកម្ពុជានូវទីផ្សារសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកដ៏ធំមួយសម្រាប់ផលិតផល និងធនធានគុណភាពខ្ពស់របស់កម្ពុជា ព្រមទាំងបាននាំមកនូវភាពសម្បូរបែប និងជំនាញបច្ចេកវិទ្យាទំនើប និងវប្បធម៌នៃការច្នៃប្រឌិតឥតឈប់ឈរមកប្រទេសកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេស និងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសមានកម្មសិទ្ធិ ១០០ភាគរយផងដែរ។
លោកនិយាយថា៖«សម្រាប់ធុរកិច្ចជប៉ុន ប្រទេសកម្ពុជាផ្តល់ជូនទីផ្សាររីកចម្រើន និងរស់រវើកបំផុត។កម្លាំងពលកម្មវ័យក្មេង និងកាន់តែមានជំនាញដែលបានត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់ការរីកចម្រើន។ កម្ពុជាជាប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំបេះដូងអាស៊ាន ដែលផ្តល់នូវការចូលទៅកាន់ទីផ្សារដ៏ធំ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់នៅក្នុងប្រទេសជិតខាង រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់»។
ទាក់ទងនឹងដំណើរការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសជប៉ុននៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ក៏បានជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia-ERIA) និងសហការី ផងដែរ។
ក្នុងជំនួបនេះ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA បានប្រាប់ថ្នាក់ដឹកនាំកម្ពុជាអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZs) សម្រាប់បម្រើដល់ការវិនិយោគជាក់លាក់ តាមប្រភេទឧស្សាហកម្ម ឬប្រទេស ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ និងតម្រូវការជាក់ស្ដែងក្នុងការបង្កើតគំរូតំបន់សេដ្ឋកិច្ចពិសេសនេះ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ERIA ក្នុងការសិក្សាសមិទ្ធិលទ្ធភាពនេះ។ ជាមួយគ្នានេះលោកក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ERIA ឱ្យបន្តភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីដំណើរការនៃការរៀបចំអភិវឌ្ឍ SEZ នេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលបានទៅចូលរួមផ្ទាល់ក្នុង«វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន»ក្នុងបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ខែឧសភា ថា តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ប្រសិនបើនៅកម្ពុជាមានតំបន់សេដ្ឋកិច្ចដែលវិនិយោគដោយវិនិយោគិនជប៉ុន គឺប្រាកដជាអាចទាក់ទាញវិនិយោគិនជប៉ុនបានកាន់តែច្រើន ជាក់ស្តែងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសពីសំណាក់វិនិយោគិនចិន បានជួយទាក់ទាញវិនិយោគិនចិនជាច្រើនឱ្យចូលមកកម្ពុជា។
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសតែងផ្តល់នូវភាពងាយស្រួលសម្រាប់វិនិយោគិន ដោយក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវថ្នល់ ថាមពល និងការិយាល័យឯកសារ(ច្រកចេញចូលតែមួយ)ដែលបង្កភាពងាយស្រួល និងស្របតាមតម្រូវការរបស់ម្ចាស់រោងចក្រ/សហគ្រាស។
លោកបានអះអាងថា៖«គ្រប់សកម្មភាពអាជីវកម្មរបស់រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការស្នើសុំនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃ រហូតដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។ យើងកំពុងខិតខំជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចជប៉ុននៅកម្ពុជា»៕