រាជរដ្ឋាភិបាលកម្ពុជា​​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍ​នានា​សរុបជិត ៧៩ លានដុល្លារអាមេរិក (សមមូល​នឹង ៥៩,១១​លាន​អេសដេអ៊ែរ) ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដែល​ធ្វើ​ឱ្យ​បំណុល​សរុប​របស់​កម្ពុជា កើន​ដល់​ជាង ១២​ពាន់​លាន​ដុល្លារ។​

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​៣០ ខែ​ឧសភា នេះបង្ហាញថា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូអភិវឌ្ឍនានា​សរុប​មាន​ចំនួន ៧៨,៨១ លាន​ដុល្លារ​អាមេរិក សមមូល​នឹង ៥៩,១១ លាន​អេសដេអ៊ែ ស្មើ​នឹង​ប្រមាណ ៣ភាគរយ​នៃ​ពិដាន​ដែល​ច្បាប់​អនុញ្ញាត​ (២ ០០០​ លាន​អេសដេអ៊ែ) ក្នុង​ក្រមខណ្ឌពហុភាគី ១០០​ភាគរយ។ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ ការចុះកិច្ច​ព្រមព្រៀង​ឥណទាន​សម្បទានថ្មី នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ គឺ​មាន​ការថយចុះ​ប្រមាណ ៤៤​ភាគរយ​។

ឯកសារ​បាន​បញ្ជាក់​ថា៖​«ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០​ភាគរយ​។ ​គោលដៅនៃ​ការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួម​ចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។

បើ​យោង​តាមព្រឹត្តិបត្រខាង​លើ គឺ​គិតត្រឹមដំណាច់ត្រីមាសទី១ ដោយ​បូកសរុបទាំងបំណុលមរតក គឺ​​កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១២,១៨ ពាន់​លានដុល្លារអាមេរិក ក្នុងនោះ ៩៩ភាគរយ​ ត្រូវនឹងប្រមាណជាង ១២,០៦ ពាន់​លានដុល្លារអាមេរិក​ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខណ្ឌទ្វេភាគីប្រមាណ ៦១​ភាគរយ និង​ក្របខ​ណ្ឌពហុភាគីប្រមាណ ៣៩ភាគរយ) និង ១ភាគរយ​ត្រូវប្រមាណជាង ១១៨,៣៣​លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន៖ ៤៨ភាគរយ ជាដុល្លារអាមេរិក, ១៨ភាគរយ​ជាអេសដេអ៊ែ, ១១ភាគរយ ជាយេនជប៉ុន, ១០ភាគរយ ជាយ័នចិន, ៨ភាគរយ ជាអឺរ៉ូ, និង ៥ភាគរយ​ទៀតជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។


ក្រៅ​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏​បានទូទាត់សេវាបំណុលសរុបបាន​ចំនួន ២៣៧,៨៤ លានដុល្លារ​អាមេរិក ដែល​រួមមាន ក្របខណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណជាង ២១០,១៨​លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើម ១៦៨,៥៤​ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗជាង ៤១,៦៤​លានដុល្លារអាមេរិក) និង​ក្របខណ្ឌបំណុលសាធារណៈ​ក្នុងប្រទេស មានចំនួនប្រមាណ ២៧,៦៦ លានដុល្លារអាមេរិក (ក្នុងនោះប្រាក់ដើម ២៥,៨២ លានដុល្លារអាមេរិក និងការប្រាក់ ១,៨៤លានដុល្លារអាមេរិក)។

ឯកសារ​បាន​អះអាង​ថា៖​«​​បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ៣១ភាគរយ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ឯកសារ​ខាង​លើបាន​​​អះអាង​ថា ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​របស់​កម្ពុជា​នៅ​តែ​ត្រូវ​បាន​វាយតម្លៃ​ថា ​ស្ថិត​នៅ​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន ​ពោលគឺ​នៅ​តែ​មាន​ «​ចីរភាព​» ​និង ​«​ហានិភ័យ​កម្រិត​ទាប»។ ការ​រក្សា​បាន​នូវ​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែល​មាន​ជាអាទិ៍ ១.ក្របខ័ណ្ឌ​គតិយុត្ត, ២.​គោល​នយោបាយ, យុទ្ធសាស្ត្រ, និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ, ៣.​សមត្ថភាព​ស្ថាប័ន និង​ធនធាន​មនុស្ស​គ្រប់គ្រាន់, និង ៤.​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​វិភាគ និង​តាមដាន​ហានិភ័យ​បំណុល។

ច្បាប់​ថវិកាបាន​បង្ហាញ​ថា សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ ​រាជ​រដ្ឋាភិបាល​អាច​ខ្ចី​ប្រាក់​ពី​គេ​ក្នុង​កម្រិត ២ ០០០ ០០០ ០០O SDR​(ពីរ​ប៊ី​លាន​អេសដេអ៊ែ)។ ការ​ខ្ចីប្រាក់​ពី​គេ​ដែល​ត្រូវ​ចុះ​កិច្ច​សន្យា​ក្នុង​កម្រិត​ខាង​លើ ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​សម្បទាន ដែល​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ៕​