
កម្មករកំពុងកាយប្រហុក នៅតូបលក់មួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ។ ហ៊ឹន ពិសី
ផលិតផល«ប្រហុក សៀមរាប» ដែលមានប្រភពនៅកម្ពុជាដើមតាំងពីសម័យអង្គរ នឹងមានកេរ្តិ៍ឈ្មោះកាន់តែល្បី និងទីផ្សារកាន់តែធំទូលាយ បន្ទាប់ពីត្រូវបានប្រកាសជាផ្លូវការជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)។
សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល(CAPFISH-Capture), សហភាពអឺរ៉ុប (EU) និងអង្គការរអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ(UNIDO) នាថ្ងៃទី៥ ខែឧសភា បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៥ នៅសៀមរាបបានរៀបចំពិធីសម្ពោធ«ប្រហុកសៀមរាប»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)។ ការដាក់«ប្រហុកសៀមរាប»ជាផលិតផល GI គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះ កើតចេញពីលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុកទាំងអស់នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ពិធីប្រកាស«ប្រហុក សៀមរាប» ជាផលិតផល GI មានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា(NCIP), លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងផ្នែកពាក់ព័ន្ធ ជាច្រើនទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បាននិយាយថា ក្រសួងពាណិជ្ជកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)កម្ពុជា។ GI គឺជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្មឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។
លោកស្រីថ្លែងថា៖«ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាប ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលនេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុកទាំងក្នុង និងក្រៅប្រទេស»។
លោកស្រីបញ្ជាក់ទៀតថា៖«ក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថា ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា គឺមានលក្ខណៈពិសេសដូចទៅ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរី ជាដើម។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផល និងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។
លោកអះអាងថា៖«ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភាគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា»។
លោកលើកឡើងទៀតថា បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។ ផ្អែកលើតួនាទីដ៏សំខាន់នៃវិស័យកសិកម្មសម្រាប់សន្តិសុខស្បៀងកម្ពុជា ក្រសួងកសិកម្ម ប្តេជ្ញានឹងពង្រឹងវិស័យនេះតាមរយៈការកែលម្អខ្សែច្រវាក់តម្លៃលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០»។
លោកបញ្ជាក់ថា៖«ការប្តេជ្ញាចិត្តនេះ នឹងជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលមានគុណភាព និងរសជាតិដើមពិតប្រាកដរបស់ខ្មែរ»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាង ៣ ៥០០ ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជាជាងមួយទសវត្សន៍មកហើយ តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។