ធនាគារ ABA ជាថ្មីម្ដងទៀត បន្តនាំមុខក្នុងទីផ្សារ ក្នុងនាមធនាគារពាណិជ្ជឈានមុខនៅកម្ពុជា តាមរយៈលទ្ធផលហិរញ្ញវត្ថុសវនកម្មរួចដ៏រឹងមាំសម្រាប់ឆ្នាំ 2024។ សមិទ្ធផលដ៏ល្អប្រសើរនៅគ្រប់ សូចនាករសំខាន់ៗ បង្ហាញពីតួនាទីរបស់ ABA ដែលនៅតែសំខាន់ ក្នុងនាមជាតួអង្គដ៏ចម្បងមួយ រួមចំណែកជំរុញស្ថិរភាពហិរញ្ញវត្ថុ និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។  

កំណើននៃប្រាក់បញ្ញើ និងកម្ចី

ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន 20% គិតជាទឹកប្រាក់ 11 ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្ចីដ៏សម្បូរបែប ពេញដោយសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។

ដ្បិតបរិយាកាសសេដ្ឋកិច្ចមានឧបសគ្គក្ដី ផលបត្រកម្ចីដុលរបស់ ABA ទទួលបានកំណើន​ 10% សម្រេចឈានដល់ 8.6 ពាន់លានដុល្លារអាមេរិក ដែលជាចម្បង ទទួលបានពីការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការពង្រីកបរិមាណប្រាក់ឥណទាននេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយផ្ដល់នូវលទ្ធភាពទទួលបានមូលធនកាន់តែទូលំទូលាយសម្រាប់បណ្ដាអាជីវកម្ម និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។


ដើមទុនជំរុញការវិនិយោគនៅពេលអនាគត

វឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ 2024 នោះគឺ ការបន្ថែមដើមទុនចំនួន 220 លានដុល្លារអាមេរិក ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA។ ការណ៍នេះ បានធ្វើឲ្យមូលធនភាគហ៊ុនិករបស់ធនាគារកើនដល់ 2.3  ពាន់លានដុល្លារអាមេរិក ដែលកើនក្នុងអត្រា 30% ធៀបនឹងឆ្នាំមុន។ ដើមទុននេះ នឹងពន្លឿនការវិនិយោគរបស់ ABA លើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ពន្ធសេវាធនាគារឌីជីថល ខណៈបន្តពង្រឹងភាពធន់របស់ខ្លួននៅក្នុងវិស័យធនាគារប្រកបដោយថាមវន្ដ។

ទ្រព្យសកម្មបន្ដក្នុងមាគ៌ាកំណើន

ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធសាស្ដ្រប្រតិបត្តិការរបស់ ABA ទ្រព្យសកម្មសរុបសម្រេចឈានដល់ 13.8 ពាន់ដុល្លារអាមេរិក ស្មើនឹងកំណើន 20% ធៀបនឹងឆ្នាំទៅ។ ធនាគារសម្រេចបានកំណើននេះ ដោយសារការអនុវត្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការវិនិយោគជាយុទ្ធសាស្រ្ត ​ដែលអាចឲ្យធនាគាររក្សាបាននូវផលបត្រទ្រព្យសកម្មភាពប្រកបដោយពិពិធភាព និងស្ថិរភាព។

ប្រាក់ចំណេញកើនឡើងជាមួយប្រសិទ្ធភាព

ប្រាក់ចំណេញរបស់ធនាគារកើនឡើងក្នុងឆ្នាំ 2024 ដោយប្រាក់ចំណេញសុទ្ធសម្រេចបានដល់ 299.6 លានដុល្លារអាមេរិក។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព និងការបង្កើនចំណូលការប្រាក់កាន់តែរឹងមាំ ដោយពង្រឹងការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារក្នុងការបង្កើតគុណតម្លៃដល់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។

ការអនុវត្តពន្ធប្រកបដោយទំនួលខុសត្រូវ

ធនាគារ ABA បានបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រចីរភាពសារពើពន្ធកម្ពុជា។ នៅក្នុងឆ្នាំ 2024 ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន 90 លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន 70 លានដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ 2009 មក ធនាគារ ABA បានរួមចំណែកបង់ពន្ធសរុបប្រមាណ 456 លានដុល្លារអាមេរិក ដោយបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយសង្គតិភាពក្នុងការចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ដោយទទួលស្គាល់ពីការអនុវត្តពន្ធប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ​ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានផ្ដល់ជូន ABA នូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេលបួនដងជាប់ៗគ្នា។

ការពង្រីកវិសាលភាពឌីជីថល

នៅក្នុងឆ្នាំ 2024 ធនាគារ ABA បានដាក់ដំណើរការមុខងារជាច្រើនទៅក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីៗរួមមាន មុខងារសោមុខ (FacePass Secure) និង មុខងារឆាតក្នុងអេប (In-App Chat) ត្រូវបានដាក់ដំណើរការ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវភាពងាយស្រួល និងសុវត្ថិភាពក្នុងកម្រិតថ្មីសន្លាងដែលត្រូវបានពង្រឹងបន្ថែមកាន់តែខ្ពស់។ នវានុវត្តន៍ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ ABA ក្នុងការជំរុញការប្រើប្រាស់សេវាធនាគារឌីជីថលដែលរលូនស្រួល និងមានសុវត្ថិភាពខ្ពស់។

ជាមួយកំណើនអ្នកប្រើប្រាស់ 33% ​និងកំណើនប្រតិបត្តិការ 67% ធៀបនឹងឆ្នាំ 2023 ABA Mobile ចាត់ទុកខ្លួនជាតួអង្គដ៏សំខាន់មួយនៅក្នុងដំណើរវឌ្ឍនភាពសេវាធនាគារនៅកម្ពុជា​ ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុកាន់តែលឿន សុវត្ថិភាព​និងងាយស្រួល ជូនអ្នកប្រើប្រាស់។

ក្រៅពីនេះ ធនាគារបានពង្រឹងផ្លែតហ្វមសេវាធនាគារអនឡាញ ABA Business។ ផ្លែតហ្វមនេះ មានមុខងារទំនើបជាច្រើនសម្រាប់តម្រូវការអាជីវកម្មតូចធំគ្រប់ប្រភេទដូចជាមុខងារបើកប្រាក់បៀវត្ស, បង់វិក្កយបត្រទៅកាន់ពាណិជ្ជករផ្សេងៗ រួមមានទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនទៀត, បង់ពន្ធ និងកាតព្វកិច្ចផ្សេងៗ និងការតភ្ជាប់ជាមួយប្រព័ន្ធ ERP របស់ភាគីទីបី។​ វឌ្ឍនភាពសំខាន់ៗទាំងនេះ បង្ហាញពីការប្ដេជ្ញាចិត្តបស់ ABA ក្នុងការផ្ដល់ដំណោះស្រាយឌីជីថលពេញលេញ និងសម្បូរបែបសម្រាប់អតិថិជនជារូបវន្ដបុគ្គល និងអតិថិជនជាសាជីវកម្ម។

បន្ថែមពីលើនេះ ABA បានបន្ដចូលរួម​ផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅគ្រប់ផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ផែនការសកម្មភាពទាំងនោះរួមមាន ការសម្រួលដល់ការបើកគណនីរៀលភ្លាមៗ និងសេវាដកប្រាក់ និងដាក់ប្រាក់ជារូបិយប័ណ្ណជាតិ - គាំទ្រដល់គោលនយោបាយរូបិយវត្ថុជាតិ និងគោលដៅបរិយាបន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយ។

ការពង្រីកបណ្តាញទូលំទូលាយ

បណ្តាញសាខារបស់ធនាគារ ក៏បានកើនឡើងក្នុងអំឡុងឆ្នាំនេះ ដោយ​ ABA ប្រតិបត្តិសាខាសរុបចំនួន 99 ទីតាំងស្វ័យសេវាធនាគារ 24/7 និងម៉ាស៊ីនស្វ័យសេវាលើសពី 1,700 ទូទាំងប្រទេស។ យុទ្ធសាស្ត្រពង្រីកដ៏ទូលំទូលាយនេះធានាបានថាអតិថិជនទាំងនៅទីក្រុង និងជនបទអាចប្រើប្រាស់សេវាសំខាន់ៗរបស់ធនាគារ។ កិច្ចខិតខំប្រឹងប្រែងជាប់លាប់ ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត បានពង្រឹងវត្តមានរបស់ ABA ជាដៃគូហិរញ្ញវត្ថុគួរឲ្យទុកចិត្តសម្រាប់បុគ្គល និងអាជីវកម្មតូចធំនានា។

ឆ្ពោះទៅមុខ

ឆ្នាំ 2024 ជាឆ្នាំដ៏លេចធ្លោសម្រាប់ធនាគារ ABA ដែលបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងសិមទ្ធផលពិសេសៗដោយឡែក។ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ធនាគារ ការគ្រប់គ្រងទ្រព្យសកម្មប្រកបដោយទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងទៅលើនវានុវត្តឌីជីថល បានជំរុញភាពជោគជ័យបន្ត និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាធនាគារឈានមុខនៅក្នុងទីផ្សារ។

ស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចាកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ខណៈដែលខ្លួនកំពុងបន្តដំណើរឆ្ពោះទៅមុខ ABA នៅតែប្ដេជ្ញាចិត្តចំពោះសហមគមន៍ គាំទ្រមាគ៌ាសេដ្ឋកិច្ចកម្ពុជា និងបន្តបង្កើតស្តង់ដារថ្មីៗកាន់តែប្រសើរនៅក្នុងវិស័យធនាគារ។ 

អំពី ABA៖

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។ 

ធនាគារ ABA មាន 101 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4.8 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

ធនាគារ ABA គឺជា បុត្រ សម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្ម ជាង 334 ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។