ផ្នែក​ឯកជនកម្ពុជា-​ម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីបង្កើតក្របខណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​​ធំ​បន្ថែម​ទៀត ខណៈ​ក្នុង​ឆ្នាំ​២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាងប្រទេស​​ទាំង ២ មាន​ទឹកប្រាក់​ជាង​ ៨៦៥លានដុល្លារ​។​

ពិធី​ចុះ​កិច្ច​ Mou រវាង​ផ្នែក​ឯកជន​កម្ពុជា និង​ផ្នែក​ឯកជន​ម៉ាឡេស៊ី ដែល​តំណាង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា(CCC) និង​សភាពាណិជ្ជកម្ម​និងឧស្សាហកម្មចិនម៉ាឡេស៊ី(The Associated Chinese Chambers of Commerce and Industry of Malaysia (ACCCIM) ត្រូវបាន​ធ្វើ​ឡើង​​ក្នុង​ជំនួប​ពិភាក្សា​នៅ​ទីស្នាក់ការ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នា​ថ្ងៃ​ទី​៦ ខែ​ឧសភា។

MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​​លោក សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយ​​លោក Datuk Ng Yih Pyng ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី (ACCCIM president, Datuk Ng Yih Pyng)។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក សុខ ពិសិដ្ឋ បាន​ថ្លែង​ថា ជំនួបនេះ​ធ្វើឡើង​ក្នុង​គោលបំណង​​ដើម្បី​ពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រម​ជាមួយ​នឹង​​ការ​ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើតក្របខណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ច​នៃ​ប្រទេសទាំងពីរ។


លោក​ក៏​បាន​លើក​ឡើង​ពី​​ទំនាក់ទំនងសេដ្ឋកិច្ចដ៏​ជិតស្និទ្ធរវាងប្រទេស​កម្ពុជា និងម៉ាឡេស៊ី តាម​រយៈ​កំណើន​​ទំហំ​ពាណិជ្ជកម្ម​ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ ជា​មួយ​គ្នា​នេះ​កំណើនសេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​មាន​ភាព​វិជ្ជមាន​ផងដែរ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ មានចក្ខុវិស័យក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​​ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក Datuk Ng Yih Pyng បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថា គោលបំណងចម្បងនៃដំណើរទស្សនកិច្ច​របស់​លោក​​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​ពេល​នេះ គឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និង​ជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន ដូចជា សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥ ជាដើម។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CCC នៅ​ក្នុង​ជំនួប​ខាង​លើ ភាគីទាំងពីរក៏​បានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ ព្រម​ទាំង​កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង​សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី តាម​រយៈ​ការ​បង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស​ទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី។

ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និង​ជា​សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា លោក សំ សុខនឿន ដែលបាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំខាងលើ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី​៦ ខែ​ឧសភា​ថា MoU ដែល​សភាពាណិជ្ជកម្ម​ប្រទេស​ទាំង ២ បាន​ចុះ​ហត្ថលេខា​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជ​ន៍​ជា​ច្រើន​សម្រាប់​ភាគី​ទាំង ២ ជា​ពិសេស​កម្ពុជានឹង​អាច​ទាក់​ទាញ​វិនិយោគិន​ម៉ាឡេស៊ី​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បណ្តាក់​ទុនផ្ទាល់។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​វិនិយោគិន​ម៉ាឡេស៊ី​បាន​និង​កំពុង​បណ្តាក់​ទុន​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​នៅ​កម្ពុជា​ ដូច​ជា រោងចក្រ(ពិសេស​រោងចក្រកាត់ដេរ) អចលនទ្រព្យ សំណង់ កសិកម្ម សណ្ឋាគារ ​ប្រព័ន្ធ​ទូរស័ព្ទ  និង​បច្ចេក​វិទ្យា ជា​ដើម​។​

លោក​បន្ត​ថា៖​«​នៅ​ពេល​មាន​ការ​វិនិយោគផ្ទាល់​កាន់​តែ​ច្រើន គឺ​វា​នឹង​ជួយ​បង្កើត​ការ​ងារ និង​ប្រាក់​ចំណូល​ជាតិ​កាន់តែ​ច្រើន​។ វា​ក៏​ជួយ​លើក​កម្ពស់​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ផងដែរ​»។

លោក​បាន​បន្ថែម​​ថា ​ទំនិញ​ដែល​ម៉ាឡេស៊ីនាំមក​កម្ពុជាភាគ​ច្រើន​ជា ​គ្រឿងម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក-អគ្គិសនី ប្រេងឥន្ទនៈ អាលុយមីញ៉ូម ចំណីអាហារ និង​ផ្លាស្ទីក ជាដើម​។ ចំណែក​ទំនិញ​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី ភាគ​ច្រើនគឺ​ជា​ផលិតផល​ក្នុងវិស័យ​កសិកម្ម​៕