គម្រោង​វិនិយោគ​ចំនួន ៥៩ ដែលមាន​ទុន​​សរុប​ ៨៦០ ​លាន​ដុល្លារ​​ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័ត​នៅក្នុង​ខែ​មេសា ឆ្នាំ​ ២០២៥ ដែល​ធ្វើ​ឱ្យ​ចំនួន​​​គម្រោងវិនិយោគបាន​អនុម័ត​ក្នុង​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​ ២០២៥ មាន​រហូត​ដល់​ ២៣១។​

សេចក្តីប្រកាសព័ត៌មានរបស់ CDC ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ឧសភា ​ឱ្យ​ដឹង​​ថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​ឱ្យ​គម្រោងវិនិយោគសរុប ៥៩ ដែលមានទុនវិនិយោគសរុប ៨៦០លានដុល្លារ និងអាចបង្កើតការងារបាន ៣៩ ​ពាន់​កន្លែង។ គម្រោង​ទាំង​នោះគឺ​មាន​ចំនួន ៣២ ស្ថិតនៅ​ក្រៅតំបន់សេដ្ឋកិច្ច​ពិសេស និង ២៧ ​ស្ថិត​ក្នុងតំបន់សេដ្ឋកិច្ចពិសេស​។ ជារួម​ការអនុម័តគម្រោងវិនិយោគ​ក្នុង​ខែ​មេសា ឆ្នាំ​២០២៥ ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២៤ គឺ​​កើនឡើងចំនួន ៣៧ ស្មើនឹងប្រមាណ ១៦៨ ភាគរយ​ ខណៈទុនវិនិយោគ​ឡើងជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨ភាគរយ​។

បើ​សរុប​​​នៅ​ក្នុង​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ ​២០២៥ គឺ CDC បាន​អនុម័ត​ឱ្យ​​គម្រោង​វិនិយោគ​ ២៣១ ក្រោម​ទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ។ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​ ២០២៤ គឺ​ចំនួន​គម្រោង​វិនិយោគ​ បាន​​កើន​ឡើងចំនួន​ ១០៣ ស្មើនឹងប្រមាណ ៨០​ភាគរយ ខណៈទុនវិនិយោគកើនឡើងជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤​ភាគរយ។

យោងតាម CDC គម្រោង​សំខាន់​ៗ​​ដែល​​អនុម័ត​ក្នុង​ខែ​មេសា ​មានដូច​ជា គម្រោង​បង្កើតរោងចក្រ​ផលិត​សំបកកង់​រថយន្ត មាន​ទុន​វិនិយោគ​ ២៤២ លាន​ដុល្លារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ISI (ខេត្តព្រះសីហនុ), រោងចក្រ​ផលិត​សំបកកង់រថយន្ត មាន​ទុន ៩៣ លាន​ដុល្លារ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី លូ ជាន ពុ ចាយ(ខេត្ត​ស្វាយរៀង) ព្រម​ទាំង​គម្រោង​​មួយ​ចំនួន​ទៀត​ដូច​ជា រោងចក្រ​ផលិត​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ, ​រោងចក្រ​ផលិត និង​ផ្គុំដំឡើង​បន្ទះ​សូឡា និង​គ្រឿង​បង្គុំ, គម្រោង​វិនិយោគ​ផែស្ងួត, ​រោងចក្រ​ផលិត​ឧបករណ៍​បរិក្ខា​ពេទ្យ, រោងចក្រផ្គុំ និង​ដំឡើងត្រីចក្រ​យានយន្ត​អគ្គិសនី និង​គម្រោង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ ជា​ដើម​។


CDC បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខែ​មេសា ឆ្នាំ​២០២៥ វិនិយោគិន​ចិន​នៅ​តែ​បន្ត​ឈរ​លើ​គេ​ក្នុង​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដោយ​មាន​ចំណែក​ ៥៨,៥១ ភាគរយនៃ​ទុន​វិនិយោគ​សរុប, សិង្ហបុរី ៣៥,១ ភាគរយ, កម្ពុជា ៤,៥១ភាគរយ, អង់គ្លេស ១,៦៥​ភាគរយ និង​អាមេរិក ០,២៣ភាគរយ​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៧ ខែ​ឧសភា​ថា កំណើន​នៃ​ការ​អនុម័ត​របស់ CDC គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ការ​មើល​ឃើញ​ពី​ឱកាស​ពី​សំណាក់​​អ្នក​វិនិយោគ​ចំពោះ​ការ​វិនិយោគ​​ទុន​ផ្ទាល់​នៅ​កម្ពុជា ដែល​ជា​ទីតាំង​មាន​ភាព​អំណោយ​ផល​ទាំង​កត្តា​ខាង​ក្នុង និង​ខាង​ក្រៅ។

លោក​ពន្យល់ថា កត្តា​ខាង​ក្នុង គឺ​​ប្រទេស​កម្ពុជា​មាន​​ស្ថិរភាព​នយោបាយល្អ​ មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ មាន​ច្បាប់​វិនិយោគអំណោយផល​ មាន​ហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន​ល្អ សម្បូរ​កម្លាំងពលកម្ម​វ័យក្មេង មាន​ធនធាន​ធម្មជាតិ​ច្រើន និង​មាន​ទីតាំងស្ថិត​នៅ​ចំកណ្តាល​​តំបន់​អាស៊ាន​។

ចំណែក​កត្តា​ខាង​ក្រៅ គឺ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ជាមួយ​នឹង​ប្រទេស​ជា​ច្រើន ​ដូច​ជា ចិន កូរ៉េ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ពហុភាគី RCEP ដែល​មាន​ប្រទេសជា​សមាជិក​ចំនួន​ ១៥ ផងដែរ​។

លោកបាន​ថ្លែង​ថា៖«​បើ​មិន​និយាយពី​សម្ពាធ​ផ្នែក​ពន្ធគយដែល​អាមេរិក​បាន​ប្រកាស​ដាក់​មក​លើ​ប្រទេស​ជា​ច្រើន រួម​ទាំងកម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ គឺខ្ញុំ​គិតថា កម្ពុជាគឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ ព្រោះ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា មិន​ត្រឹម​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ និង​អាច​ទទួល​បាន​ភាព​អនុគ្រោះ​ច្រើន​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​កម្ពុជា​ក៏​សម្បូរ​កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​មាន​ចំណេះដឹង និង​ជំនាញ​ច្រើន​ផងដែរ​»៕