
សកម្មភាពកម្មការិនីកំពុងដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញ។ STPM
ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់បានកើនឡើងជិត ២០ ភាគរយព្រមគ្នាដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិនៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥ សម្រេចបានជាង ២៥ពាន់លានដុល្លារ ក្នុងនោះប្រទេសចិនបានគ្របដណ្តប់ជិត ១/៣នៃទំហំពាណិជ្ជកម្មសរុប។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចេញផ្សាយក្នុងថ្ងៃទី១០ ខែមិថុនា បង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ចរាចរណ៍ទំនិញរវាងកម្ពុជា ជាមួយដៃគូទាំងអស់មានទឹកប្រាក់សរុប ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១១,៨ ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយ និងនាំចូល ១៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិកម្ពុជារយៈពេល ៥ខែដើមឆ្នាំ២០២៥ មានឱនភាពប្រមាណ ១,៦៨ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មាន ១,១៩ ពាន់លានដុល្លារ។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទឹកប្រាក់សរុប ៧,៦៤ ពាន់លានដុល្លារ កើនឡើង ២៧,៥ភាគរយ ក្នុងនោះកម្ពុជានាំទៅទីផ្សារចិន ៦៣៤,០២ លានដុល្លារ ធ្លាក់ចុះ ៣,៦ភាគរយ និងប្រទេសចិននាំទំនិញចូល ៧ ពាន់លានដុល្លា កើនឡើង ៣១,៤ភាគរយ។ ក្រៅពីចិន ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ាឡេស៊ី និងអេស្ប៉ាញ។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ(Hong Vanak) បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែមិថុនាថា លក្ខណៈអំណោយផលនៃកត្តាក្នុងប្រទេស និងកំណើនទីផ្សារបញ្ជាទិញពីក្រៅប្រទេស បានធ្វើឱ្យរោងចក្រ/សហគ្រាសដែលបើកដំណើរការនៅកម្ពុជាមានកាន់តែច្រើន។ នៅពេលមានការបញ្ជាទិញពីបរទេសកាន់តែច្រើន វាក៏ជួយបង្កើតឱកាសការងារ ប្រាក់ចំណូលគ្រួសារ និងចំណូលពន្ធដល់រដ្ឋាភិបាលផងដែរ។
លោកបានថ្លែងថា៖«ទោះបីកម្ពុជាកំពុងចរចាជាមួយរដ្ឋាភិបាលអាមេរិកលើបញ្ហាពន្ធបដិកា ក៏ខ្ញុំមានជំនឿថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងកាន់តែល្អប្រសើរក្នុងឆ្នាំ២០២៥ នេះ ខណៈកម្លាំងផលិតកម្ម និងភាពចម្រុះនៃទំនិញនាំចេញរបស់កម្ពុជាមានកាន់តែច្រើន»។
ទាក់ទងនឹងទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន លោកប្រាប់ថា ដោយសារកម្ពុជាបាននាំចូលវត្ថុធាតុដើមសម្រាប់ផលិត ឬកែច្នៃសម្រាប់នាំចេញទៅលក់បន្តនៅប្រទេសផ្សេងៗទៀត ដូច្នេះវាធ្វើឱ្យទឹកប្រាក់នាំចូលពីប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់។
ទោះយ៉ាងណា លោក វណ្ណៈ ជំរុញឱ្យកម្ពុជាខិតខំរិះរកវិធីកាត់បន្ថយអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មនេះតាមរយៈការផលិតទំនិញដែលមានតម្រូវការខ្ពស់នៅប្រទេសចិន។
ក្នុងឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់ ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង ១៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ។ ភាគច្រើននៃទំនិញកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ គឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ម៉ាស៊ីន ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។ នេះបើយោងតាម GDCE៕