រោងចក្រ​ផលិត​ជី​កសិកម្ម​ដែល​វិនិយោគ​ដោយ​​ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ អេចប្រេស បាន​ប្រកាសពី​ផែនការ​បើក​ដំណើរ​ការជា​​ផ្លូវ​ការនៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ជា​មួយ​នឹង​​សមត្ថភាព​ផលិតជីមាន​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ​​បាន​ជាង ២០០​ តោន​ក្នុង​១​​ថ្ងៃ​​។

រោងចក្រ​​​នេះ​​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ១៥ ហិកតា​ក្នុង​​​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ទុន​វិនិយោគ​ដំណាក់​កាល​ដំបូងជាង ២ លាន​ដុល្លារ។​

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បាន​ឱ្យ​ដឹង​ថា ការ​ពឹង​ផ្អែក​របស់​ប្រជាកសិករ និង​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្មនៅ​កម្ពុជា​​​លើ​ផលិត​ផល​ជី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​នឹង​ត្រូវ​កាត់​បន្ថយ​មួយ​ចំណែក ដោយ​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ឬ​ដើម​ខែ​សីហា​ខាង​មុខ ក្រុមហ៊ុន​​របស់​​លោក​គ្រោង​នឹង​បើក​ដំណើរ​ការរោង​ចក្រ​ផលិត​ជី​កសិកម្ម​មួយ​ដែល​​មាន​សមត្ថភាព​ផលិត​ជីបាន​ជាង ២០០​ តោន​ក្នុង ១​ថ្ងៃ​។ ​លោក​បន្ត​ថា ការ​សាងសង់​រោងចក្រ​​បានបញ្ចប់​​ស្ទើរ ១០០​ភាគរយ​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមកម្មករ​ជំនាញ​កំពុង​ធ្វើ​ការ​ផលិត​ជី​សាកល្បង​ខ្លះៗ​​។

លោក​ប្រាប់​ទៀត​ថា ក្នុង​ដំណាក់​កាល​ដំបូង​ ក្រុមហ៊ុន​នឹង​ផលិត​កសិកម្ម​ចំនួន ៣ ប្រភេទ គឺ​ជី​កំប៉ុស ជី​អាចម៌​ជន្លេន និង​ជី​ទឹក ដោយ​​​វត្ថុធាតដើម និង​សមាសធាតុ​រួម​ផ្សំ​ទាំង​អស់​ គឺ​ជា​ផលិត​ផល​ក្នុង​ស្រុក ១០០​ភាគរយ។​


លោក​បាន​ថ្លែង​ថា៖​«នៅ​ពេល​នេះ​ក្រុមអ្នក​ជំនាញ​​​កំពុង​ធ្វើ​ការ​ផលិត​ជី​សាកល្បង​​ជា​បណ្តើរៗ ដោយ​យើង​នៅ​រង់​ចាំ​សំបក​ការុង​សម្រាប់​ច្រក​ជី មុន​នឹង​ចាប់​ផ្តើម​ប្រកាស​បើក​ដំណើរ​ការ​​ជា​ផ្លូវ​ការ។ តាម​ការ​ប៉ាន់ស្មាន​ គឺ​​យើង​អាច​ចាប់​ផ្តើម​ផលិត​ជា​ផ្លូវ​ការ​នៅពាក់​កណ្តាល​ខែ​កក្កដា ឬ​ដើម​ខែ​​សីហា ខាង​មុខ ជា​មួយ​នឹង​សមត្ថភាពផលិត​បាន​ជី​ប្រហែល ២០០តោន ក្នុង​ ១ថ្ងៃ​»។

លោក​​​បន្ថែម​​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​រោងចក្រ​ផលិត​ជី​កសិកម្ម​នេះ ក៏​ដើរ​ស្រប​​នឹង​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​ដែល​​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យមាន​ការ​វិនិយោគ​លើ​ការ​ផលិត​ជី​កសិកម្ម​ឱ្យ​បាន​កាន់​តែ​ច្រើន និង​មាន​គុណភាព​ ខណៈ​បញ្ហា​ជី​កសិកម្ម​នេះ​កំពុង​​ជះ​ផល​អវិជ្ជមាន​ជា​ច្រើន​ទៅ​លើ​គុណភាព បរិមាណ និង​តម្លៃ​របស់​ផលិតផលកសិកម្ម​កម្ពុជា​។

លោក​ប្រាប់​ទៀត​ថា ជីកសិកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងមាន​តម្លៃក្រោមទីផ្សារ ព្រោះ​​​ក្រុមហ៊ុន​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្ទាល់ខ្លួន​សម្បូរបែប លឿន និង​ទៅ​ដល់​គ្រប់​ទី​កន្លែង​ក្នុង​​ប្រទេស​។

បើ​តាម​លោក វីរៈ បន្ទាប់​ពី​​រោង​ចក្រ​ខាង​លើ​បើក​ដំណើរ​ការ​ពេញលេញ ក្រុមហ៊ុន​របស់​លោក ​ក៏​មាន​ផែន​ការ​​ផលិត​ជីគីមី​សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម​ផងដែរតាម​រយៈ​ការ​នាំ​ចូល​វត្ថុធាតុ​ដើម​មួយ​ចំនួន​ពី​ប្រទេស​រុស្ស៊ី ដែលក្រុមហ៊ុន​មាន​​ដៃគូនោះ​ទីនោះស្រាប់​​។​

នៅ​ក្នុង​អង្គ​សមាជរដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ​និងជាអ្នក​វិនិយោគ​ក្នុង​វិស័យកសិកម្ម បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹងការត្រួតពិនិត្យគុណភាពជីកសិកម្មនាំចូល និង​ពង្រីក​ការ​វិនិយោគ​លើ​រោង​ចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក​ឱ្យ​បាន​​​ច្រើន។ លោក​​និយាយ​ថា ការធ្វើកសិកម្មសំខាន់ត្រូវការ​ជី ពូជ ទឹក ដីដែលមានជីជាតិ ប៉ុន្តែបើសិនដីមិនល្អ គឺ​គេអាចកែប្រែដីនោះឱ្យមានជីជាតិបាន​ដោយប្រើប្រាស់ជី។

ពាក់ព័ន្ធបញ្ហាជីកសិកម្មនេះ លោកក៏​បាន​​សំណូមពរដល់រាជរដ្ឋាភិបាល ឱ្យ​ជួយត្រួតពិនិត្យគុណភាពជី​នាំចូល ដើម្បី​ធ្វើយ៉ាងកុំឱ្យមានការនាំចូលជីដែលគ្មានគុណភាព​យកមកលក់ឱ្យកសិករ ធ្វើឱ្យពួកគាត់ប្រើប្រាស់ទទួលផលបានតិច ប៉ុន្តែ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​ផលិត​ខ្ពស់។

ជា​ការ​ឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ បាន​លើក​ឡើង​​ថា ជីកសិកម្ម មិន​ត្រឹម​តែ​ជាវត្ថុធាតុ​ដើម ឬ​ធាតុ​ផ្សំ​សម្រាប់ការ​ផលិតក្នុង​វិស័យ​​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏ជា​​ផលិតផល​​យុទ្ធសាស្ត្រផងដែរ​ ប្រសិន​បើ​ប្រទេស​មាន​តម្រូវ​ការប្រើ​ប្រាស់​ និង​ប្រទេស​ផលិត​ជី​មាន​បញ្ហា​ជាមួយ​គ្នា​។​​

លោក​បាន​ថ្លែង​ថា៖​«​ជីគឺ​ជា​យុទ្ធសាស្រ្ត ពឹង​ដង្ហើមគេដក ថ្ងៃណាមួយគេចង់ធ្វើបាប បើសិនជាមានបញ្ហាជី គេ​ក្រឡុកតែថ្លៃជី យើងងាប់។ បិទតែជី យើងអត់មានលទ្ធភាពទេ។ អឺចឹង​សមត្ថភាពក្នុង​ការផលិតជីដោយ​​ខ្លួនឯងនេះ ត្រូវតែខិតខំធ្វើ។»

លោក​​លើក​ឡើង​ទៀត​ថា ដើម្បីបង្កើនសមត្ថភាពផលិតជី​ លោក​បានប្រាប់​ថ្នាក់​ដឹកនាំ​ក្រសួងកសិកម្ម អ្នក​វិនិយោគ​​ក្នុងវិស័យកសិកម្ម និងអ្នកជំនាញ​ត្រូវ​ធ្វើការរួមគ្នា​​ដើម្បីសិក្សាពីលទ្ធភាពផលិតជីក្នុងស្រុក ទាំងជីគីមី និងជីធម្មជាតិ​ឱ្យបានយ៉ាងហោចណាស់ ៣០ភាគរយ​នៃតម្រូវការសរុបក្នុង​ប្រទេស​៕